ប្រសិនណាមានសត្វ ១ ក្នុងចំណោមសត្វទាំង ៦ ដូចបង្ហាញខាងក្រោម សុខៗវារឬហោះចូលមកក្នុងផ្ទះបរិវេណផ្ទះរបស់អ្នក នោះតាមចាស់បុរាណគេដំណាលតគ្នាថា ប្រៀបដូចជារបស់ដែលកំពុងនាំលាភ នាំសំណាង និងភាពរុងរឿងចូលមកផ្ទះ៖
៦) សត្វអណ្តើក
សត្វអណ្តើកគឺតំណាងឲ្យអាយុយឺនយូរ និងសំណាង។ ហេតុដូច្នេះហើយបើវាបានចូលមកផ្ទះរបស់អ្នក នោះនឹងកម្ចាត់បង់នូវរឿងអាក្រក់ទាំងឡាយ ប្រសិនក្នុងផ្ទះមានមនុស្សឈឺថ្កាត់ អាចនឹងជាសះស្បើយទៀតផង។
៥) សត្វឆ្កែ
តាមចាស់បុរាណនិយាយថា ឆ្កែគឺអាចនាំសំណាងល្អដល់ម្ចាស់ផ្ទះ នោះក៏ដោយសារតែឆ្កែមានភាពស្មោះត្រង់និងក្លាហាន។ នៅពេលដែលនរណាម្នាក់យកឆ្កែមកឲ្យអ្នក ឬមានឆ្កែដែលគ្មានម្ចាស់វាចូលមកផ្ទះរបស់អ្នក នោះមានប្រផ្នូលល្អ ដែលនឹងឲ្យគ្រួសារអ្នកជួបសេចក្តីសុខនិងសំណាងល្អ។
៤) សត្វឃ្មុំធ្វើសំបុក
ឃ្មុំវាតែងតែទៅធ្វើសំបុកនៅកន្លែងដែលមានបរិយាកាសល្អ ហើយប្រសិនវាមកធ្វើសំបុកក្នុងបរិវេណផ្ទះអ្នក នោះមានន័យថា ជាសញ្ញានាំលាភសំណាង នាំលុយនាំកាក់ចូលដល់ក្នុងផ្ទះ។ ជាពិសេសសម្រាប់អ្នកធ្វើជំនួញរកស៊ីធំតូចក្តី នឹងទទួលបានផលចំណេញច្រើនលើសលប់។
៣) សត្វពស់
មនុស្សជាច្រើនខ្លាចសត្វពស់ ហើយពេលដែលវាវារចូលមកគឺព្យាយាមសម្លាប់វា អ្នកខ្លះគិតថា ជាប្រផ្នូលមិនល្អ។ តាមក្បួនហុងស៊ុយនៅភាគខាងកើត គេនិយាយថា ពស់ចូលផ្ទះគឺជាប្រផ្នូលនាំសំណាងទៅវិញ។ គេជឿថា ម្ចាស់ផ្ទះនោះនឹងមានរឿងពិសេសមួយកើតឡើង។
២) មេអំបៅ
មេអំបៅហោះចូលមកក្នុងផ្ទះ មានន័យថា ពន្លឺភ្លឺថ្លានៃស្លាបរបស់វាកំពុងធ្វើឲ្យមានភាពចែងចាំង និងកំពុងនាំដំណឹងល្អនៅទំនាក់ទំនងស្នេហាមកដល់សមាជិកក្នុងផ្ទះ។ ប៉ុន្តែបើមេអំបៅដែលមានស្លាបខ្មៅ ឬពណ៌ងងឹត នោះគឺនាំលាភ នាំសំណាងដែរ តែពាក់ព័ន្ធនឹងការរកស៊ី។
១) សត្វប្រចៀវ
កម្រមានណាស់សត្វប្រចៀវហោះមកក្នុងផ្ទះ តែអ្នកត្រូវដឹងថា វាគឺតំណាងឲ្យទ្រព្យសម្បត្តិ ដែលសមាជិកក្នុងគ្រួសារនឹងទទួលបានភាពល្អប្រសើរលើផ្នែកហិរញ្ញវត្ថុ។
បញ្ជាក់៖ អត្ថបទនេះពុំបានណែនាំឲ្យអ្នកយកសត្វទាំងនោះមករក្សាទុកនោះទេ ជាពិសេសប្រភេទសត្វដែលអាចបង្កគ្រោះថ្នាក់មួយចំនួន គ្រាន់ថាចង់បង្ហាញពីក្បួនហុងស៊ុយចាស់ៗពីបុរាណ និយាយតគ្នាថា វាជាសញ្ញា វិជ្ជមាន នាំលាភនាំសំណាង ពោលពុំមែននាំប្រផ្នូលអាក្រក់អ្វីឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក