ការជ្រើសរើសបុរសដ៏ត្រឹមត្រូវម្នាក់ មកធ្វើជាគូអនាគត ឬគូជីវិតច្បាស់លាស់ក្នុងរយៈពេលយូរ គឺជារឿងដ៏ពិបាក ព្រោះអ្នកត្រូវការចំណាយពេលវេលាសិក្សាពីគេច្រើន ដោយមិនចង់ឲ្យក្លាយជាការជ្រើសរើសខុស និងចុងក្រោយទឹកភ្នែកនោះទេ។
បន្ថែមពីការគិតរបស់អ្នក សម្រាប់នារីៗត្រូវជៀសឲ្យឆ្ងាយពីបុរស ៣ ប្រភេទនេះ ហើយហាមដាច់ខាតយកមកធ្វើជាគូស្នេហ៍ ព្រោះអាចនាំឲ្យអ្នកទទួលរងភាពឈឺចាប់ខ្លាំងបំផុត៖
៣) បុរសពូកែអួតនិងមិនចេះដាក់ខ្លួន
មនុស្សប្រុសដែលចាស់ទុំ គេមិនចេះសម្ញែងទ្រព្យ ឬនិយាយអ្វីដែលលើសពីសមត្ថភាពខ្លួនឯងនោះទេ។ ផ្ទុយទៅវិញគេចេះដាក់ខ្លួន ហើយការមានមោទនភាពចំពោះខ្លួនឯង ក៏មានពេលវេលាត្រឹមត្រូវនិងក្នុងស្ថានភាពសមស្របមួយដែរ ពោលពុំមែនគិត វិជ្ជមាន លើខ្លួនឯងរហូតឡើយ។
អ្នកត្រូវដឹងថាមនុស្សប្រុសប្រភេទនេះ គឺពិបាកនឹងចេះបន្ទាបខ្លួនខ្លាំងបំផុត ហើយជាទូទៅធម្មជាតិស្នេហា គ្មានមនុស្សស្រីណាទៅលួងមនុស្សប្រុសទេ ដោយជាញឹកញយអ្នកជានារីគួរតែទទួលបានពាក្យលួងលោមពីគេខ្លះ អ៊ីចឹងត្រូវជៀសឲ្យបានមនុស្សប្រភេទទី ១ នេះ។
២) បុរសត្រចៀកស្រាល
មនុស្សប្រុសខ្លះមិនចេះស្តាប់ហេតុផល ហើយឲ្យតែលឺពីមាត់នរណាគឺយល់ឃើញបែបហ្នឹងដែរហើយ ប្រភេទមនុស្សប្រុសបែបហ្នឹងបើអ្នកឃើញហើយ ស្គាល់ហើយ ចូរជៀសឲ្យបាន កុំឲ្យបាក់អារម្មណ៍ទៅលើគេឲ្យសោះ។
ប្រភេទមនុស្សប្រុសនេះចូលចិត្តស្តាប់តែតាមមិត្តភ័ក្ដិ ឬមនុស្សមួយចំនួនផ្សេងទៀត រហូតលែងស្តាប់និងយល់ពីអារម្មណ៍របស់អ្នក ហើយក៏នាំឲ្យមានការសង្ស័យកើតឡើងច្រើន ជាហេតុប៉ះពាក្យប៉ះសម្តីគ្នាជាញឹកញយផងដែរ។
១) បុរសដែលបានតែនិយាយ តែធ្វើមិនបាន
បុរសខ្លះអ៊ីចឹងពិតមែន និយាយពូកែណាស់ និយាយពាក្យថា "ស្រលាញ់" សឹងតែរាល់ថ្ងៃ ប៉ុន្តែទង្វើសមកគឺខុសពីពាក្យសម្តី។ គេមិនអាចបង្កើតក្តីសុខសម្រាប់អ្នកបាននោះទេ ហើយការសន្យា គឺត្រឹមជាសន្យាខ្យល់។ ប្រសិនណាបានជួបបុរសប្រភេទហ្នឹង ហើយទទួលរងសកម្មភាពបែបហ្នឹង ២-៣ សារហើយ គួរតែរៀនដកចិត្តឲ្យហើយទៅ កុំឲ្យជាប់ជំពាក់ជំពិនគ្នាកាន់តែឆ្ងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក