ធ្វើម៉េចដើម្បីឱ្យគេស្រឡាញ់ខ្ញុំ? ល្មមឈប់ដេកគិត ដើរគិតកើតទុក្ខនឹងសំណួរហ្នឹងទៀតទៅ

នៅក្នុងរឿងមនោសញ្ចេតនា ពួកយើងងាយលេចចេញនូវការខ្វះខាតក្នុងការពិចារណាណាស់។ ពីព្រោះពួកយើងខ្វល់ខ្វាយពីដៃគូរបស់យើងពេក ចង់បាននូវការស្រលាញ់នឹងការទទួលយករបស់គេ ដូច្នេះហើយរមែងគិតថា ៖ “ធ្វើយ៉ាងម៉េចទើបឱ្យគេកាន់តែស្រលាញ់ខ្លួនទៅ?” “ ធ្វើយ៉ាងម៉េចទើបគេព្រមទាក់ទងនឹងខ្ញុំ?” តែភ្លេចថា ធ្វើបែបនេះសុទ្ធតែចេញពីគំនិតខ្លួនឯងតែប៉ុណ្ណោះ នៅក្នុងភ្នែករបស់ដៃគូម្ខាងទៀតបែរជាគ្មានភាពទាក់ទាញអ្វីសូម្បីតែបន្តិច។

លុះត្រាតែគំនិតនេះ គេក៏គិតដូចអ្នកដែរ ទើបអាចនឹងកើតឡើងតាមបំណងរបស់អ្នកបាន

ពេលដែលអ្នកចង់យកចិត្តអ្នកម្ខាងទៀតនោះ រឿងដែលអ្នកធ្វើឡើង នៅក្នុងភ្នែករបស់គេបែរជារឿងចម្លែកទៅវិញ គេនឹងយល់ថាអ្នករស់នៅក្នុងពិភពរបស់ខ្លួនឯងតែប៉ុណ្ណោះ។ ខ្ញុំសូមលើឧទាហរណ៍ជាក់ស្តែងពីរឿងរ៉ាវខ្ញុំមួយ ៖

កាលនៅរៀនថ្នាក់វិទ្យាល័យ មានមិត្តរួមថ្នាក់ម្នាក់បានតាមស្រលាញ់ខ្ញុំ គេបានណាត់ខ្ញុំទៅហែលទឹកនៅពេលល្ងាច គេនិយាយថា ចង់គេងលើបន្ទះរំអិលមើលផ្កាយលើមេឃជាមួយខ្ញុំ។ ការគិតរបស់គេដូចជាស្រស់បំព្រងណាស់ លេងទឹកជាមួយមនុស្សដែលខ្លួនស្រលាញ់ ហើយគយគន់ផ្ទៃមេឃពេលយប់ នៅក្នុងចិត្តគេប្រហែលជាគិតថាខ្ញុំក៏ចូលចិត្តការរៀបចំរបស់គេនេះដែរហើយ។

15e1808598ad9cf964f391e35ebf08a3

នៅក្នុងចិត្តរបស់គេគ្រាន់តែមានគំនិតដែលគេគិតប៉ុណ្ណោះ តែបែរជាភ្លេចគិតគូរដល់អារម្មណ៍របស់ខ្ញុំទៅវិញ!

ទី១ ៖ កន្លែងដែលគេណាត់ជួប គឺនៅឆ្ងាយពីផ្ទះរបស់ខ្ញុំ ខ្ញុំគ្មានយាន្តជំនិះធ្វើដំណើរឡើយ។

ទី២ ៖ ទៅជាមួយមនុស្សដែលខ្លួនមិនបានស្រលាញ់តែ២នាក់ នឹងអាចឱ្យគេយល់ច្រលំបាន។

ចុងក្រោយខ្ញុំមិនបានទៅជាមួយគេឡើយ គេបានតាមស្រលាញ់ខ្ញុំយ៉ាងវេទនាអស់១ឆ្នាំដោយអសារបង់ ក្នុងថ្នាក់ទាំងមូលសុទ្ធតែដឹងថាគេស្រលាញ់ខ្ញុំ រឿងនេះត្រូវបានគេសើចចំអកឡើងអស់ប៉ុន្មានឆ្នាំ ហើយពេលចេញធ្វើការរៀងខ្លួននៅតែមានមនុស្សលើករឿងនេះមកនិយាយទៀត។

ថ្វីដ្បិតតែមិត្តរួមថ្នាក់ម្នាក់នេះរូបរាងសង្ហាមែន តែEQរបស់គេមិនខ្ពស់ឡើយ រមែងតែធ្វើឱ្យខ្ញុំខឹង ពេលដែលធ្វើឱ្យខ្ញុំខឹងហើយគេបែរជាគ្មានអារម្មណ៍អ្វីបន្តិចសោះ ពេលនេះបើនឹកត្រលប់ទៅវិញគឺជាការចង់ចាំកាលនៅយុវវ័យប៉ុណ្ណោះ តែពេលនោះគេពិតជារំខានដល់ខ្ញុំមែន។

បើពេលនោះគេណាត់នៅជិតផ្ទះរបស់ខ្ញុំ ហើយណាត់មិត្តរួមថ្នាក់ស្រីៗប៉ុន្មាននាក់ទៅជាមួយគ្នាដែរនោះ លទ្ធភាពដែលខ្ញុំអាចទៅក៏ច្រើនតាមនោះដែរ។

ស្នេហាពិត មិនអាចគិតគូរតែពីខ្លួនឯងនោះទេ!

C174ec72281b49bdcb11110aa40b5036

ស្រលាញ់មនុស្សម្នាក់ គឺសង្ឃឹមថាគេសប្បាយចិត្ត ហេតុផលនេះអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ឮ តែអ្នកយល់ពីអត្ថន័យនេះពិតជាតិចតួចណាស់។

ចង់យកអារម្មណ៍របស់មនុស្សដែលខ្លួនស្រលាញ់មកដាក់នៅលេខរៀងទី១ គឺជារឿងពិបាកណាស់ ភាគច្រើនអ្វីដែលគេលះបង់សុទ្ធតែមើលថាគេចង់ផ្តល់ឱ្យ ឬសុខចិត្តផ្តល់ឱ្យឬក៏អត់ តែភ្លេចថា មិនមែនជាអ្វីដែលមនុស្សដែលខ្លួនស្រលាញ់ត្រូវការនោះទេ។

បើការលះបង់របស់អ្នកសុទ្ធតែធ្វើដើម្បីតែខ្លួនឯង ហើយធ្វេសប្រហែលពីតម្រូវការរបស់មនុស្សដែលខ្លួនស្រលាញ់នោះ ដូច្នេះមិនថាការលះបង់ច្រើនប៉ុនណាទេ គេក៏មិនទៅស្តាយស្រណោះពីអ្វីដែលអ្នកប្រឹងប្រែងនោះដែរ ពេលនោះកុំទៅបន្ទោសថាគេមិនបានអាសូរដល់អ្នកអី តែតាមពិតទៅចំណុចចាប់ផ្តើមរបស់អ្នក គឺមកពីអ្នកអាត្មានិយមពេកទៅវិញទេ៕

Cfe4469233cdd4b75fcd01b29d3215ab

ប្រភព ៖ goodarticle.life / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)