មនុស្សស្រី ការរៀបការ សាងគ្រួសារ មិនមែនជារឿងលេងសើចនោះឡើយ វាជាការកំណត់ក្ដីសុខ ឬទុក្ខនៅពាក់កណ្ដាលជីវិតរបស់អ្នកទៅមុខទៀត ដូច្នេះហើយ មុននឹងសម្រេចចិត្តជ្រើសយកនរណាម្នាក់មករួមដំណើរជីវិត អ្នកត្រូវតែបើកភ្នែកឱ្យធំៗ មើលគេឱ្យបានច្បាស់ មើលឱ្យគ្រប់ជ្រុងជ្រោម មិនថាចិត្តគំនិត ចរិត ឫកពារ សម្ដីសម្ដៅ អាកប្បកិរិយា ជាពិសេសនោះគឺ ទម្លាប់ ចំណូលចិត្ត ទង្វើជាក់ស្ដែង និងអានចិត្តគេឱ្យបានច្បាស់ កុំឱ្យជ្រើសហើយ និយាយថាស្ដាយក្រោយពេលក្លាយជាប្ដីប្រពន្ធ។
បើទោះបីជាមនុស្សខ្លះ មុនការ និងការរួច បង្ហាញទម្លាប់ ឬចំណុចខុសគ្នាក៏ពិតមែន តែជាក់ស្ដែង មនុស្សម្នាក់ៗ តែងតែមានចរិត និងទម្លាប់មួយចំនួន ដែលអាចធ្វើឱ្យយើងមិនពេញចិត្ត ឬចង់ឱ្យគេកែប្រែ តែបើគេចេះកែប្រែដើម្បីយើង ដោយមិនមានការទាមទារអ្វីច្រើន នោះគួរអាចពិចារណាហើយ តែមនុស្ស្ខខ្លះវិញ មិនសូម្បីតែស្ដាប់យើង ដូច្នេះគួរដឹងហើយថា អ្នកគួរធ្វើបែបម៉េច?
ជ្រើសមនុស្សម្នាក់ ចូរប្រើខួរក្បាល ធ្វើការគិតឱ្យមត់ចត់ កុំប្រើតែអារម្មណ៍ បេះដូង មនោសញ្ចេតនា ដោយសារតែការស្រឡាញ់ងប់ងល់ រហូតដល់ថ្នាក់មើលមិនឃើញទោសកំហុសរបស់គេ កុំព្រោះតែស្រឡាញ់គេខ្លាំង ហើយតែងតែអភ័យទោស អត់ឱន ហើយរពឹងថាគេនឹងកែ ចំណុចទាំងនេះ អ្នកនឹងស្ដាយក្រោយទៅថ្ងៃមុខ ព្រោះចរិត ទម្លាប់មនុស្សមួយចំនួន គេមិនកែប្រែជាដាច់ខាត មានតែធ្វើបំពាន ឱ្យយើងកាន់តែឈឺចាប់ និងខកចិត្តទ្វេដង។
តែយ៉ាងណាមិញ ប្រសិនបើអ្នកបានសម្រេចចិត្តរៀបការ ជ្រើសរើសយកនរណាម្នាក់មកធ្វើជាដៃគូជីវិតហើយនោះ វាក៏ដល់ពេលដែលអ្នកត្រូវចេះបើកចិត្តឱ្យទូលាយ កុំចង្អៀតចង្អល់ ចាប់ថ្នាក់គេខ្លាំងពេក អ្វីដែលសំខាន់ រៀនបិទភ្នែកម្ខាង បើកភ្នែកម្ខាងខ្លះទៅ កាលណាបើកភ្នែកមើលពេក ប្រាកដជាចាប់ផ្ដើមទើសទាល់នឹងដៃគូអ៊ីចេះ អ៊ីចុះមិនខានឡើយ ដូច្នេះហើយ រៀនបិទភ្នែកខ្លះ បើកភ្នែកខ្លះ មាត់ហ្នឹង ក៏មិនត្រូវនិយាយ រអ៊ូរទាំពេកដែរ។
ត្រូវចេះថា ការប្រើជីវិតប្ដីប្រពន្ធ ត្រូវចេះធ្វើគរ ធ្វើថ្លង់ ធ្វើខ្វាក់ខ្លះ ទើបរស់នៅជាមួយគ្នាបានយូរអង្វែង បើចេះតែមើលបំណាំ ចាំតែចាប់កំហុសគ្នានោះ ជីវិតគូនេះគ្មានក្ដីសុខឡើយ ហើយមិនយូរទេ ប្រាកដជាត្រូវបែកបាក់ លែងលះគ្នាជាមិនខានឡើយ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ