ទម្លាប់នៃការអង្គុយ ជម្រើសដែលល្អបំផុតគឺដាក់ជង្គង់ឲ្យស្មើនឹងកម្ពស់ត្រគាក ហើយបើជៀសបានសូមកុំអង្គុយគងអន្ទាក់ខ្លា ឬខ្វែងជើងឲ្យសោះ។
និយាយពីផលប៉ះពាល់អ្នកត្រូវតែគិតឲ្យបានស៊ីជម្រៅ ហើយប្រសិនអ្នកទម្លាប់អង្គុយគងអន្ទាក់ខ្លារយៈពេលយូរ និងជាប្រចាំទៀត ក្រោយអានអត្ថបទនេះហើយជឿថាប្រាកដជានឹងបង្រៀនឲ្យអ្នកសម្រេចចិត្តផ្លាស់ប្ដូរជាក់ជាមិនខាន៖
៥) អាចបង្កឲ្យមានជំងឺសរសៃប្រសាទ
នៅពេលដែលអ្នកទម្លាប់អង្គុយគងអន្ទាក់ខ្លារយៈពេលយូរ នោះអាចបណ្តាលឲ្យអ្នកឈានទៅរកជំងឺម្យ៉ាងឲ្យឈ្មោះថា "Nerve Palsy"។ វាជាប្រភេទជំងឺសរសៃប្រសាទ ដែលនឹងធ្វើឲ្យរាងកាយអ្នកលែងដំណើរការនៅផ្នែកមួយចំនួន រហូតដល់ពេលខ្លះលើកជើងលែងរួច និងសាច់ដុំមួយចំនួនផ្សេងទៀតក៏កម្រើកលែងបាន។
៤) នាំឲ្យឡើងសម្ពាធឈាម
យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ការអង្គុយខ្វែងជើងលើគ្នានេះ អាចបណ្តាលឲ្យសម្ពាធឈាមក្នុងខ្លួនមានការកើនឡើងខ្ពស់និងឆាប់រហ័សបំផុត។ តាមការណែនាំដ៏ចាំបាច់បំផុតពីអ្នកជំនាញ នោះគឺសម្រាប់អ្នកមានជំងឺលើសឈាមស្រាប់ គឺត្រូវតែបញ្ចៀសការអង្គុយបែបហ្នឹងជាបន្ទាន់។
៣) អាចនាំឲ្យមានឥរិយាបថអាក្រក់
តាមការស្រាវជ្រាវដដែលបង្ហាញថា ប្រសិនអ្នកអង្គុយគងអន្ទាក់ខ្លាយូរជាង ៣ ម៉ោងក្នុងមួយថ្ងៃ យូរៗទៅស្មានិងខ្នងរបស់អ្នកនឹងចាប់ផ្តើមវៀចខុសប្រក្រតីហើយ។ នៅពេលដែលរាងកាយប្រែប្រួល នោះក៏នឹងឲ្យឆ្អឹងខ្នង ជាពិសេសផ្នែកសាច់ដុំមួយចំនួនរមែងមានសភាពឈឺចាប់ជារឿយៗ។
២) ឈឺសន្លាក់
ការអង្គុយខ្វែងជើង ក្រៅពីជាឥរិយាបថអាក្រក់ ទៀតសោតក៏នាំឲ្យឈឺសន្លាក់ផ្នែកជង្គង់នោះជាពិសេសផងដែរ។ ក្រៅពីជង្គង់ក៏មានផ្នែកទៀតដែលទទួលរងផលប៉ះពាល់តួយ៉ាងដូចជា ក ខ្នងខាងក្រោយ ឆ្អឹងត្រគាកជាដើម។
១) អាចនាំឲ្យហើមជើងប្រសិនអ្នកកំពុងពពោះ
សូមជៀសវាងឲ្យបាននៅការអង្គុយគងអន្ទាក់ខ្លា កំឡុងពេលអ្នកមានទម្ងន់ឬពពោះ។ ព្រោះវាអាចបង្កផលប៉ះពាល់ដល់កូនក្នុងផ្ទៃជាពិសេស ហើយយូរបន្តិចអ្នកនឹងឃើញមានការហើមជើងនៅផ្នែកកជើង ឬរមួលក្រពើញឹកញាប់បំផុត៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក