ពេលឃើញសង្សារចាស់ ឬយើងនិយមហៅថា "Ex" សុខៗមកធ្វើល្អ ឬជួនខ្លះព្យាយាមមកទាក់ទងយើង ស្រីៗខ្លះប្រាកដជាសួរខ្លួនឯង ថាតើទំនាក់ទំនងបែបហ្នឹងមានន័យដូចម្តេច? គេចង់បានអ្វីពីយើង ឬគេគ្រាន់តែធ្វើល្អដាក់យើងដូចដែលធ្វើល្អលើអ្នករាល់គ្នា?
សំណួរនេះវាពិបាកនឹងឆ្លើយ ជាពិសេសគឺឆ្លើយសម្រាប់ខ្លួនឯងហ្នឹងតែម្តង។ ថ្ងៃនេះ Knongsrok ណែនាំការសម្គាល់មើល ៦ ចំណុច ដែលអ្នកអាចមើលទៅ Ex របស់អ្នកបាន ប្រសិនគេមានដូចខាងក្រោម នោះមានន័យថាគេនៅសល់អារម្មណ៍លើអ្នក ហើយចង់បង្កាត់ភ្លើងស្នេហ៍សារជាថ្មីជាមួយអ្នកហើយ៖
៦) គេនៅតែផ្ញើសារមកអ្នក
បើសង្សារចាស់គេនៅតែផ្ញើសារសួរពីនេះពីនោះ សួរសុខទុក្ខជាប្រចាំ នោះទំនាក់ទំនងដែលគេកំពុងធ្វើមកលើអ្នក គឺគេគិតលើសពីមិត្តភ័ក្ដិហើយ ព្រោះជាទូទៅទោះមិត្តភ័ក្ដិក៏មានថ្ងៃខ្លះរំលងសារដែរ។
៥) គេនៅតែប្រើរបស់ដែលអ្នកឲ្យគេ
របស់អនុស្សាវរីយ៍ដូចជាសំលៀកបំពាក់ នាឡិកា ឬស្បែកជើងជាដើម ដែលអ្នកធ្លាប់បានទិញជូនគេ ហើយគេនៅតែប្រើប្រាស់ជាប់នឹងខ្លួន នោះមានន័យថា ការបែកបាក់របស់អ្នក នៅមិនទាន់ដាច់ផឹងទាំងស្រុងឡើយ ហើយគេក៏មិនទាន់អាចបំភ្លេចអ្នកបានដែរ។
៤) គេមិនលុបរាល់ការបង្ហោះទាំងឡាយលើបណ្តាញសង្គម
ជាការពិត ក្នុងទំនាក់ទំនងស្នេហាប្រាកដជាមានរូបភាព ឬសារខ្លះ ដែលធ្លាប់បង្ហោះលើបណ្តាញសង្គម Facebook ឬ Instagram។ ក្រោយពេលបែកគ្នាប្រសិនគេមិនទាន់លុបវាចោលទៀត នោះមានន័យថាគេ នៅតែឲ្យតម្លៃលើរបស់ទាំងនោះ ហើយវត្តមានរបស់អ្នកសម្រាប់គេនៅតែសំខាន់។
៣) គេនឹងមិនបើកចំហការបែកគ្នាដល់អ្នកដទៃ
នៅពេលអ្នកទាំងពីរបែកគ្នា ហើយគេមិនបានឲ្យមិត្តភ័ក្ដិជិតស្និទ្ធ ឬនរណាម្នាក់បានដឹងពីទំនាក់ទំនងប្រេះឆាមួយនោះ ក៏មានន័យថាគេចង់រក្សាភាពស្ងៀមស្ងាត់ ហើយគ្មានហេតុផលអ្វីដែលគេត្រូវទៅប្រកូកប្រកាសឡើយ។ សញ្ញានេះបង្ហាញ ១០០ ភាគរយ ថាគេចង់ទទួលបានឱកាសផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកវិញ។
២) គេនៅតែសួរនាំពីអ្នកតាមរយៈមិត្តភ័ក្ដិ
ពេលខ្លះទៅមិនបានជួបឬនិយាយផ្ទាល់ ហើយអ្នកមិនសូវចាប់អារម្មណ៍ពីគេ ក៏គេតែងតែទៅសួរសុខទុក្ខអ្នក តាមរយៈមិត្តសម្លាញ់របស់អ្នក ឬមនុស្សដែលស្គាល់អ្នក ដែលនេះបង្ហាញថាគេនៅតែមានចិត្តបារម្ភ ចង់ដឹងចង់លឺពីសុវត្ថិភាពរបស់អ្នកគ្រប់ពេល។
១) គេព្យាយាមបង្កើតភ្លើងស្នេហ៍សារជាថ្មី
គេព្យាយាមបង្កើតទំនាក់ទំនងតាមគ្រប់មធ្យោបាយទាំងអស់ ហើយប្រសិនអ្នកមិនទាន់មាននរណាទៀតនោះ គេនឹងព្យាយាមចូលមកកាន់តែជិតអ្នក ដើម្បីផ្សារភ្ជាប់ស្នេហ៍មួយនោះសារជាថ្មី៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក