តាមជំនឿនិងការជឿតៗគ្នាពីចាស់បុរាណ ជាពិសេសប្រជាជនរស់នៅក្នុងតំបន់អាស៊ី សម្រាប់ធុងដាក់អង្ករ មិនមែនគ្រាន់តែប្រើប្រាស់សម្រាប់ដាក់អង្ករទុកដាំបាយទទួលទានធម្មតានោះទេ ផ្ទុយទៅវិញត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងការជ្រើសរើសប្រភេទធុង ការជ្រើសរើសទីតាំងដាក់ ព្រោះវាសុទ្ធតែពាក់ព័ន្ធនឹងលាភសំណាងរបស់អ្នកនិងក្រុមគ្រួសារ។
តាមក្បួនហុងស៊ុយ ធុងអង្ករ ត្រូវអនុវត្តឲ្យបាន ៣ ចំណុចនេះ ដើម្បីនាំលាភនាំសំណាងចូលក្នុងផ្ទះ៖
៣) កុំប្រើប្រាស់ធុងប្លាស្ទិក
ធុងដាក់អង្ករភាគច្រើនដែលកំពុងដាក់លក់លើទីផ្សារគឺធ្វើឡើងពីជ័រប្លាស្ទិក។ ម្ចាស់ផ្ទះគួរតែជៀសឲ្យបាន ហើយប្រសិនមានប្រើហើយ សូមផ្លាស់ប្តូរមកដាក់ប្រភេទធុងដែក សេរ៉ាមិច ឬថ្មជំនួសវិញ ព្រោះប្លាស្ទិកជាសារធាតុដែលភ្លើងអាចដុតឆេះ វាស្មើនឹងដុតលាភសំណាងនៃក្រុមគ្រួសាររបស់អ្នកដែរ។
ជាងនេះបើអាចជ្រើសរើសធុងដែលមានលាយឡំការតុបតែងរូបសញ្ញានាំសំណាង ឬពណ៌ភ្លឺៗ នោះគឺកាន់តែល្អ ហើយជៀសឲ្យបានពណ៌ខ្មៅឬពណ៌ងងឹត។
២) ត្រូវសម្អាតធុងនិងដាក់ឲ្យមានរបៀប
ម្ចាស់ផ្ទះត្រូវឆ្លៀតពេលសម្អាតធុងនោះឲ្យស្អាត ជាពិសេសបរិវេណនៅខាងក្រៅ កុំឲ្យមានធូលីឆ្លងកាត់ ឬប្រឡាក់ដោយរបស់របរអ្វីមួយ។ ពិសេសជាងនេះកុំដាក់របស់កខ្វក់អ្វីនៅក្បែរ ឬនៅពីលើ ព្រោះវាប្រៀបបាននឹងយករបស់អាក្រក់ទៅគ្របលើសំណាងអ៊ីចឹងដែរ។
មួយផ្សេងទៀតត្រូវដាក់វាឲ្យមានរបៀប មិនមែនចេះតែដាក់ក្រឡុកក្រលៀតមើលទៅចង្អៀតពេកនោះទេ។
១) កុំឲ្យអស់អង្ករពីធុង
ការដែលឲ្យអង្ករអស់ពីធុង វាស្មើនឹងគ្រួសាររបស់អ្នកបានបាត់បង់លាភសំណាងអ៊ីចឹងដែរ។ អង្ករមានក្នុងធុង ឬពេញធុង ស្មើនឹងមានសំណាងល្អ។
ដោយឡែកក៏មានក្បួនដែលអ្នកគួរតែអនុវត្ត ៣ ផ្សេងទៀតជាមួយធុងអង្ករ ដោយវាជឿថា អាចនាំលាភសំណាងចូលមកក្នុងក្រុមគ្រួសារដូចគ្នា៖
៣.ដាក់អាំងប៉ាវក្នុងបាតពាង ឬបាតធុងអង្ករ
តាមក្បួនចិនសែ ធ្លាប់បានចែករំលែកមក ការដែលដាក់អាំងប៉ាវក្រហម នៅផ្នែកខាងក្រោមបង្អស់នៃបាតពាង ឬបាតធុង នោះវាក៏នឹងជួយបង្កើនទ្រព្យសម្បត្តិ លុយកាក់ ដល់ម្ចាស់ផ្ទះ ហើយក៏នឹងមិនងាយឲ្យហូរចេញទៅវិញនោះដែរ។
បន្ថែមពីនេះ អ្នកក៏អាចច្នៃប្រើប្រាស់ក្រណាត់ពណ៌ក្រហម មកគ្របពាង ឬធុងនោះបន្ថែមមួយជាន់ទៀត លើតែពីគម្របធម្មតា ក៏នឹងកាន់តែបន្ថែមលាភមួយតង់ទៀតដូចគ្នា។
២.ដាក់កាក់ក្នុងបាតពាង ឬបាតធុងអង្ករ
ឥតខុសគ្នាពីអាំងប៉ាវ ចំពោះកាក់មាស កាក់ប្រាក់ ក៏គេនិយមយកមកដាក់ខាងក្រោមបាតធុង ដោយជឿថា អាចទាញស្រូបយកលាភសំណាងមកដល់ក្រុមគ្រួសារ។ សំខាន់គេជឿលើរឿងនេះ វាអាចឲ្យម្ចាស់ផ្ទះឆាប់ជោគជ័យលើកិច្ចការងារ ការរកស៊ីណាមួយ ហើយតែងមានបុណ្យសំណាង តាមជួយ តាមក្បែរជានិច្ច។
១.ទិសដែលគួរប្រើប្រាស់
បើតាមក្បួនហុងស៊ុយបុរាណ អ្នកគួរបែរធុងអង្ករទៅទិសនិរតី ឬទិសឦសាននៃផ្ទះ ដោយជឿថាវាអាចនាំភាពចម្រុងចម្រើនល្អបំផុត តែក៏គួរបញ្ចៀសការបែរទៅទិសខាងកើត និង ទិសអាគ្នេយ៏ ដែលគេណែនាំឲ្យបញ្ចៀសដាច់ខាត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក