ជារៀងរាល់ពេលក្រោកពីដំណេកមនុស្សជាច្រើនប្រាកដជាជួបនូវបញ្ហាក្លិនមាត់មិនល្អ ហើយប្រសិនមានដៃគូនៅជាមួយទៀត នោះប្រាកដជាមានអារម្មណ៍អៀនខ្មាស ដែលអ្នកគួរតែប្រញាប់រកដំណោះស្រាយ។
តើក្លិនមាត់មិនល្អនៅពេលព្រឹកបណ្តាលមកពីអ្វី?
មាត់ស្ងួត: ទឹកមាត់អាចលាងសម្អាតបាក់តេរីនៅក្នុងមាត់ ដែលបណ្តាលឲ្យមានក្លិនដង្ហើមមិនល្អ បែបនេះប្រសិនអ្នកបាត់បង់ទឹកមាត់ច្រើននោះរមែងងើបមកមានក្លិនមាត់មិនល្អហើយ។
អាហារមួយចំនួន: ទម្លាប់នៃការទទួលទានអាហារមុនពេលចូលដំណេកក៏ធ្វើឲ្យមានក្លិនមាត់មិនល្អដែរ ជាក់ស្តែងអ្នកអាចប្តូរមកបរិភោគរបស់មួយចំនួនដូចជាខ្ទឹមបារាំង ឬខ្ទឹមស វាអាចប្រឆាំងក្លិនមាត់មិនល្អពេលព្រឹកបាន។
ស្ថានភាពសុខភាព: អ្នកខ្លះជួបប្រទះបញ្ហាច្រាល់ទឹកអាស៊ីត ដែលបង្កផលប៉ះពាល់ដល់ក្រពះ ក៏នាំឲ្យការដកដង្ហើមចេញតាមមាត់ភាយក្លិនមិនល្អដូចគ្នា។
ដោយឡែកសម្រាប់ដំណោះស្រាយយើងបង្ហាញវិធីទាំង ៥ ដូចខាងក្រោម៖
១) កុំប្រើប្រាស់ទឹកពុលមាត់ក្រោយដោះធ្មេញរួច
ជាការពិតទឹកពុលមាត់អាចជួយឲ្យការដកដង្ហើមរបស់អ្នកសាយភាយក្លិនល្អ តែវាក៏ធ្វើឲ្យមាត់ស្ងួតផងដែរ។ ការពុលមាត់ក៏អាចរាំងស្ទះដល់ការផលិតទឹកមាត់ផងដែរ ជាពិសេសនៅពេលយប់មាត់របស់យើងផលិតទឹកមាត់ទឹក អ៊ីចឹងយល់ល្អពេលដោះធ្មេញហើយមិនចាំបាច់ពុលមាត់ទៀតទេមុនចូលគេង។
២) កុំទម្លាប់គេងចំហមាត់
គ្នាយើងភាគច្រើនទម្លាប់គេងចំហមាត់ ដែលវាអាចអនុញ្ញាតឲ្យមាត់មានសភាពស្ងួត ហើយបាក់តេរីក្នុងបរិយាកាសហោះមកក្នុងមាត់បាន។ បាក់តេរីកាន់តែច្រើនដែលជាប់នៅនឹងធ្មេញ ឬអណ្តាត ទឹកមាត់របស់យើងដែលផលិតចេញនៅពេលយប់មិនអាចទប់ទល់វាឈ្នះនោះឡើយ។
៣) ប្រើប្រាស់ប្រេង
អ្នកអាចជ្រើសរើសរវាងប្រេងដូង ឬប្រេងអូលីវ ដោយនេះជាវិធីសាស្រ្តរបស់ប្រជាជនឥណ្ឌា។ មុនចូលដំណេកពួកគេដាក់ប្រេងមួយស្លាបព្រា ហើយយកវាមកសម្អាតក្នុងបរិវេណមាត់ រយៈពេល ១៥ ទៅ ២០ នាទី នោះអាចឲ្យបាក់តេរីរលាយទៅបាន ហើយជួយឲ្យធ្មេញសទៀតផង។
៤) ប្រយ័ត្នជាមួយការទទួលទានកាហ្វេ
កាហ្វេអាចបណ្តាលឲ្យមាត់របស់អ្នកស្ងួត ហើយប្រសិនអ្នកបន្ថែមទឹកដោះគោ ឬ Cream នៅពីលើនោះទៀត វានឹងកាន់តែធ្វើឲ្យមាត់ស្ងួត ហើយមិនសូវផលិតទឹកមាត់បានច្រើនឡើយ។
៥) កុំភ្លេចដុសសម្អាតអណ្ដាត
ដូចតែធ្មេញរបស់អ្នកអ៊ីចឹង អណ្តាក៏អាចផ្ទុកនូវបាក់តេរីជាប់នៅលើនោះផងដែរ ហើយវាជាដើមចមធ្វើឲ្យអ្នកមានក្លិនមាត់មិនល្អ។ ដូច្នេះត្រូវទម្លាប់ដុសសម្អាតផង មិនមែនដុសធ្មេញតែមួយមុខគ្រប់គ្រាន់ឡើយ៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក