ស្នេហាមិនប្រកាន់ពណ៌សម្បុរ ឬភេទនោះទេ សម័យបច្ចុប្បន្ននេះមានគូជាច្រើនដែលស្រលាញ់ភេទដូចគ្នា ហើយក៏មិនទទួលបានការរើសអើងខ្លាំងក្លាដូចមុនដែរ។ អ្វីដែលសំខាន់អ្នកត្រូវតែច្បាស់លាស់នឹងខ្លួនអ្នក ហើយត្រូវហ៊ានបង្ហាញទៅខាងក្រៅ ជាជាងលាក់អារម្មណ៍តែម្នាក់ឯង ព្រោះចុងក្រោយខ្លួនហ្នឹងហើយជាអ្នកកំណត់ជោគវាសនាខ្លួនឯង ពុំមែនស្ថិតនៅលើមាត់អ្នកដទៃឡើយ។
សញ្ញាទាំង ៤ ខាងក្រោមនេះ សម្រាប់នារីដែលកំពុងមានមន្ទិលសង្ស័យលើខ្លួនឯងថាជាមនុស្សស្រីដែលស្រលាញ់ភេទដូចគ្នាឬអត់ គួរតែចំណាយពេលអាន ហើយរៀនស្គាល់ពីខ្លួនឯងឲ្យច្បាស់ ជៀសវាងចំណាយពេលវេលាទៅលើមនុស្សណាម្នាក់ខុស និងក្បត់អារម្មណ៍ខ្លួនឯង៖
១) អារម្មណ៍ចូលចិត្តមនុស្សស្រីខ្លាំង
នៅពេលក្បែរបុរស ឬមិត្តភ័ក្ដិប្រុស អ្នកមានអារម្មណ៍ថាទើសទាល់ ហើយទោះបីពួកគេព្យាយាមធ្វើល្អ ឬមានពាក្យសម្តីល្អបែបណាក៏អ្នកមិនខ្វល់ខ្វាយនោះដែរ។ ផ្ទុយទៅវិញពេលនៅក្បែរមនុស្សស្រី ទាំងដែលអ្នកជាស្រីហើយ តែបែរជាមានអារម្មណ៍ថាកក់ក្តៅ ស្និទ្ធស្នាល ហើយចង់នៅក្បែរពួកគេ នោះគឺជារោគសញ្ញាទី ១។
២) ចូលចិត្តតាមមើលស្រីៗ
ដូចតែបុរសអ៊ីចឹងប្រសិនណាពួកគេស្រលាញ់នារីណាម្នាក់ហើយ គឺតាមឃ្លាំមើលមិនដាក់ភ្នែក។ អ្នកជាស្រីក៏ដូចគ្នា ប្រសិនជាមនុស្សដែលស្រលាញ់ស្រី នោះប្រាកដជាតាមមើលគេនោះ ហើយមានអារម្មណ៍ថាមើលទៅគេឃើញស្អាត គួរឲ្យស្រលាញ់ វាខុសពីអារម្មណ៍ដែលមនុស្សស្រីគយគន់មនុស្សស្រីក្នុងនាមជាមិត្តភ័ក្ដិ ឬការមើលធម្មតា។
៣) មានអារម្មណ៍ច្រណែន
ប្រសិនអ្នកមានអារម្មណ៍ច្រណែន ឬប្រចណ្ឌ នៅពេលឃើញបុរសឬស្រ្តីណាម្នាក់មកធ្វើល្អដាក់មនុស្សស្រីដែលអ្នកចូលចិត្ត និងជិតស្និទ្ធ នោះហើយជាអាការៈដែលបង្ហាញមកច្បាស់ៗបំផុត ថាអ្នកកំពុងស្រលាញ់ម្នាក់ស្រីនោះហើយ។ បើជាអារម្មណ៍ធម្មតា អ្នកគួរត្រឹមតែបារម្ភខ្លាចគេជួបមនុស្សមិនល្អ ឬសាទរពេលឃើញគេមានក្តីសុខ មិនមែនមានអារម្មណ៍ខឹង និងប្រចណ្ឌបែបស្នេហាអ៊ីចឹងទេ។
៤) គ្មានអារម្មណ៍ពេលមនុស្សប្រុសមកញ៉ែ
ប្រសិនអ្នកនៅតែងខ្លួនជាស្រីធម្មតា ហើយពេលមានបុរសចូលមកសាសងសម្តី ឬវែកផ្លូវចូលក្នុងបេះដូងអ្នក អ្នកគ្មានអារម្មណ៍ថាជាស្នេហាអីបន្តិចសោះ នោះក៏ជាសញ្ញាដែលត្រូវចាប់អារម្មណ៍ខ្លួនឯងផងដែរ។ ជាពិសេសនៅពេលដែលមានមនុស្សស្រីមកធ្វើល្អដាក់ ឬគេសម្តីផ្អែមដាក់ អ្នកបែរជាមានអារម្មណ៍ល្អ ហ្នឹងហើយគឺជាអារម្មណ៍មនុស្សស្រីស្រលាញ់ស្រីដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក