ជាការពិតណាស់ ស្ត្រីដែលធ្លាប់សម្រាលកូនដោយការវះកាត់ពិតជាមានចម្ងល់ពីការសម្រាលកូននៅពេលមានផ្ទៃពោះលើកក្រោយ។ ស្ត្រីមួយចំនួនយល់ថាគាត់ពុំអាចសម្រាលបានទេ ហើយត្រូវតែធ្វើការវះកាត់ម្តងទៀតនៅពេលមានផ្ទៃពោះលើកក្រោយ។ ទាក់ទងនឹងចំនុចនេះ តាមការបង្ហើបពីវេជ្ជបណ្ឌិតឯកទេសសូមធ្វើការបកស្រាយដូចតទៅ ៖
ក) តាមការសិក្សាបង្ហាញឲ្យឃើញថា ៥០%នៃស្ត្រីដែលមានស្បូនធ្លាប់ធ្វើការវះកាត់ និងមានអាងត្រគាកប្រហាក់ប្រហែលធម្មតា អាចសម្រាលកូនតាមផ្លូវធម្មជាតិដោយគ្មានផលវិបាក ប៉ុន្តែត្រូវស្ថិតនៅក្រោមការតាមដាន និងវាយតម្លៃហ្មត់ចត់ពីគ្រូពេទ្យជំនាញផ្នែកសម្ភព។
ខ) កត្តាដែលកំណត់ថាស្ត្រីអាចសម្រាលកូនតាមផ្លូវធម្មជាតិបាន គឺផ្អែកទៅលើ៖
ប្រវត្តិវះកាត់ពីមុន (វះដោយសារបញ្ហាអ្វី, ផ្ទៃពោះគ្រប់ខែឬទេ?, ប្រភេទវះកាត់, ការវិត្តន៍ជំងឺក្រោយការវះកាត់)
ប្រវត្តិផ្នែកសម្ភព និងរោគស្ត្រី (ឧ. វះកាត់ស្បូន)
ការវាយតម្លៃទម្ងន់ទារក
ការវាយតម្លៃទៅលើអាងត្រគាក
ការវាយតម្លៃមាត់ស្បូន (ការបើកនៃមាត់ស្បូននិងកម្ពស់ទម្ងន់កូន)
ការចង់បានរបស់អ្នកសម្រាល
គ) តើស្ត្រីអាចប្រឈមបញ្ហាអ្វីខ្លះ?
ស្ត្រីអាចប្រឈមមុខនឹងការរហែកស្បូន(Rupture utérine) ក្នុងពេលកំពុងពរពោះនិងក្នុងពេលឈឺពោះសម្រាល ដែលអាចបង្កគ្រោះថ្នាក់ដល់ម្តាយ និងទារកក្នុងផ្ទៃ (អត្រាស្លាប់ទារកមានប្រហែល ៥.៥% ក្នុងករណីរហែកស្ទួន)។
ឃ) ហេតុអ្វីបានជាស្ត្រីចាំបាច់ត្រូវតាមដានមានដោយក្រុមគ្រូពេទ្យជំនាញ?
១- ក្នុងពេលពរពោះ អត្រានៃការរហែកស្បូនដោយឯកឯង គឺជួបដោយកម្រ និងមានកម្រិតទាប
២- ក្នុងពេលឈឺពោះសម្រាលៈ អត្រានៃការរហែកស្បូនមានខ្ពស់ ដែលតម្រូវឲ្យមានការតាមដានទៅលើ៖
» ការតាមដានចង្វាក់បេះដូងកូន
» ការធ្លាក់ឈាម
» ការឈឺចាប់ត្រង់ថេរវះ
» ការកន្ត្រាក់ស្បូន
រាល់ការប្រែប្រួលចង្វាក់បេះដូងកូន (ញាប់ពេក,យឺតពេក, ចង្វាក់រាបស្មើ) លាយឡំការធ្លាក់ឈាម។ ការឈឺចាប់ខ្លាំងនៅត្រង់ថ្លៃរវៈ ការកន្ត្រាក់នៃស្បូនញាប់ហើយខ្លាំងៗ ឬបាត់ការកន្ត្រាក់នៃស្បូន គឺជាសញ្ញានៃការត្រៀមនឹងរហែកឬរហែកស្បូន។
ង) អនុសាសន៍ពីគ្រូពេទ្យជំនាញផ្នែកសម្ភព៖
ស្ត្រីដែលស្បូនធ្លាប់វះកាត់ហើយ និងកំពុងតែពរពោះ បើសិនជាមានការឈឺពោះ (Contractions utérines) ត្រូវតែសម្រាកពេទ្យ។
គប្បីមកពិគ្រោះផ្ទៃពោះជាមួយគ្រូពេទ្យជំនាញ
ដើម្បីពិភាក្សាពីការសម្រាលកូនលើកក្រោយ
ការប្រើប្រាស់ថ្នាំមួយចំនួនត្រូវបានហាមឃាត់ក្នុងពេលតាមដានការសម្រាល
ប្រសិនបើស្ត្រី ស្នើសុំធ្វើការវះកាត់ម្តងទៀតក្រោយពីការខ្វល់ពីផលចំណេញ ដែលប៉ះពាល់ពីគ្រូពេទ្យជំនាញ ការវះកាត់នឹងត្រូវបានធ្វើដោយគ្រូពេទ្យជំនាញ
ករណីពិសេសមួយចំនួន ការវះកាត់ត្រូវធ្វើដោយជៀសមិនបានដូចជា ៖
- ស្បូនដែលធ្លាប់ឆ្លងកាត់ការវះកាត់ ២ដងរួចហើយ (Utérus bicicatriciel)
- កូនបញ្រ្ចាស់ កូនថ្លោស កូនភ្លោះឬច្រើន។
ស្ត្រីគ្រប់រូបអាចមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែតយើងដើម្បីទទួលការប្រឹក្សាយោបល់ដ៏ល្អ ដែលធានានូវសុខមាលភាព សុវត្ថិភាព នៅមុន និងក្រោយសម្រាល ជាពិសេសអំឡុងពេលសម្រាល៕
ប្រភព៖ Calmette Hospital