ការប្រាស្រ័យទាក់ទងល្អ គឺជាអ្វីដែលមនុស្សគ្រប់គ្នាគួរតែមាន ប៉ុន្តែនៅរាល់ពេលដែលអ្នកបញ្ចេញសំឡេងចេញទៅ ក៏ត្រូវប្រាកដថាក្លិនមាត់របស់អ្នកល្អ មិនប៉ះពាល់អារម្មណ៍ដៃគូម្ខាងទៀតផងដែរ។
ជួនខ្លះអ្នកមិនចាប់អារម្មណ៍ ឬទើបតែទទួលទានរបស់ណាមួយដែលមានក្លិនមិនល្អ ហើយភ្លេចស្ពាយទឹកពុលមាត់ ឬស្ករគ្រាប់ធ្វើឲ្យបាត់ក្លិនមាត់តាមខ្លួន នោះយើងណែនាំរបស់សាមញ្ញ ៣ នេះប្រសិនមានវាក្បែរខ្លួនអាចយកប្រើបាន៖
១) ផ្លែការ៉ុត
ក្រៅពីផ្តល់វីតាមីន E ជួយបន្ថែមកម្លាំងរាងកាយ ការ៉ុតក៏អាចកម្ចាត់ដង្ហើមមិនល្អ តាមរយៈ ការចូលទៅកម្ចាត់បាក់តេរីក្នុងមាត់របស់យើងផងដែរ។ មួយផ្សេងទៀតដោយសារតែជាតិសរសៃដ៏ច្រើនរបស់វា ក៏ជួយសម្រួលដល់ប្រព័ន្ធផ្នែកពោះវៀនរបស់យើងដំណើរការទៅល្អ។ បែបនេះបើនៅលើតុមានការ៉ុតដែលគេហាន់ជាចំនិតៗហើយ ចូរចាប់យកមកទំពាក្នុងមាត់ និងទទួលទានដើម្បីសម្អាត នោះនឹងអាចបំបាត់ក្លិនមាត់មិនល្អបានហើយ។
២) ទឹកតែ
ប្រភេទស្លឹកតែ គឺល្អដូចគ្នាមិនថាអ្នកយកមកទំពា ឬចម្អិនទៅជាទឹកតែ ព្រោះវាមានផ្ទុកនូវជាតិតានីន អាចកម្ចាត់មេរោគបាក់តេរីក្នុងមាត់។ មួយផ្សេងទៀតក៏ជួយជំរុញដល់ប្រព័ន្ធរំលាយអាហាររបស់យើងផងដែរ។ ហេតុនេះហើយទើបនៅតាមភោជនីយដ្ឋាន ជាពិសេសភោជនីយដ្ឋានចិនគេរមែងដាក់តែឲ្យយើងទទួលទាន ព្រោះវាផ្តល់ប្រយោជន៍ច្រើនជាងទឹកធម្មតា។
៣) ក្រូចឆ្មា
ក្រូចឆ្មាមានផ្ទុកនូវជាតិអាស៊ីតដែលអាចចូលទៅសម្អាតបាក់តេរី បង្កឲ្យមានក្លិនមាត់មិនល្អ។ វាស្តាប់ទៅសាមញ្ញ នៅពេលអ្នកទទួលទានក្រូចឆ្មា អ្នកប្រាកដជាឃើញទឹកមាត់ហូរចេញមកច្រើនជាងមុន ដែលនោះហើយគឺជាបាក់តេរីដែលអ្នកអាចពុលចោល ហើយយកទឹកបរិសុទ្ធមួយកែវមកពុលលាងសម្អាតបន្ថែម៕