កាកាវជារុក្ខជាតិដែលផ្តល់នូវគ្រាប់ គេយកគ្រាប់វាទៅចម្រាញ់ជាម្សៅ។ ម្សៅកាកាវនេះ ជាគ្រឿងផ្សំដ៏សំខាន់ក្នុងការ ផលិតជាសូកូឡា ដែលលក់នៅក្នុងទីផ្សារ ម្សៅកាកាវនេះផងដែរ វាបានពីការយកគ្រាប់ កាកាវ ទៅចម្រាញ់ ដោយដកយកសារធាតុខ្លាញ់ចេញ។
ម្សៅកាកាវនេះ វាផ្តល់ប្រយោជន៍ជាច្រើនដល់សុខភាព ដោយនៅក្នុង ១០០ក្រាមនៃម្សៅ កាកាវ វាផ្ទុកទៅដោយវីតាមីន B6 ជាតិដែក កាល់ស្យូម ម៉ង់កាណែស ប៉ូតាស្យូម និងកាហ្វេអ៊ីន។ ខាងក្រោមនេះជា សារៈប្រយោជន៍ដែលបានពីការទទួលទានម្សៅកាកាវបានត្រឹមត្រូវ ៖
១. សម្បូរទៅដោយសារធាតុ Polyphenols
សារជាតិ Polyphenols នេះវាជាសារធាតុដែលប្រើសម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ហើយត្រូវបានគេរកឃើញថាសម្បូរនៅក្នុងបន្លែ ផ្លែឈើ ជាពិសេសក្នុងសូកូឡា។ វាមិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មនោះទេ វាក៏ជួយដល់ចលនាឈាម រក្សាសម្ពាធឈាម កាត់បន្ថយcholesterol និងជាតិស្ករក្នុងឈាមក្នុងរាងកាយ។ កាកាវជារុក្ខជាតិផ្ទុកសារធាតុ Flavanols ដែលវាជួយដល់ការប្រយុទ្ធប្រឆាំងនឹងធាតុមិនល្អក្នុងរាងកាយបានដែរ។
២. ជួយបង្ការសម្ពាធឈាមឡើងខ្ពស់
ម្សៅកាកាវ វាអាចសម្រួលដល់សម្ពាធឈាមឱ្យមានតុល្យភាពបាន នៅអាមេរិកកណ្តាលអ្នកដែលពិសាម្សៅកាកាវ ត្រូវបានគេពិនិត្រឃើញថាមានសម្ពាធឈាមល្អ ជាងអ្នកដែលមិនបានពិសា។ ម្យ៉ាងទៀតសារធាតុ Flavanols ក្នុងម្សៅ កាកាវ វាជួយបង្កើនបរិមាណ នីទ្រីអុកស៊ីត ក្នុងឈាម ដែលអាចឱ្យសរសៃឈាមធ្វើការបានល្អផងដែរ។
៣. កាត់បន្ថយហានីភ័យពីជំងឺគាំងបេះដូង
ភាពសម្បូរសារធាតុ Flavanols នៅក្នុងកាកាវ វាជួយឱ្យកម្រិត នីទ្រីតអុកស៊ីតកើនឡើង នេះបណ្តាលឱ្យសរសៃឈាមរីកធំ ធ្វើឱ្យលំហូរឈាមដំណើរការបានល្អ។ អ្វីដែលល្អជាងនេះទៅទៀត កាកាវ ក៏ជួយកាត់បន្ថយ cholesterol មិនល្អនៅក្នុងសរសៃឈាម ហើយក៏កាត់បន្ថយជាតិស្ករក្នុងឈាមបានដែរ។
៤. ជំនួយដល់ចរន្តឈាម និងដំណើរការខួរក្បាល
ម្សៅកាកាវវាជួយដល់មុខងាររបស់ខួរក្បាល និងធ្វើឱ្យចរន្តឈាមហូរចូលក្នុងខួរក្បាលបានល្អ។ សារធាតុ Flavanols វាមានឥទ្ធិពល លើការផលិត នីទ្រីតអុកស៊ីតដែលធ្វើឱ្យដំណើរការរបស់សម្ពាធឈាមអាចហូរទៅខួរក្បាលបានយ៉ាងល្អ។ វាក៏រួមចំណែកក្នុងការកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ ដោយសារបរិមាណអុកស៊ីសែនក្នុងខួរក្បាលគ្រប់គ្រាន់ បូកផ្សំនឹងសារធាតុកាហ្វេអ៊ីន ដែលជួយក្នុងការផ្តោតអារម្មណ៍ក្នុងការងារ៕
11 Health and Nutrition Benefits of Cocoa Powder (healthline.com)
ប្រែសម្រួល ៖ Mythical Bird / ក្នុងស្រុករក្សាសិទ្ធិ