ជាទូទៅមិនថាតែផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ឬរបស់របរណាមួយនោះទេ នៅពេលដែលផុតកាលបរិច្ឆេទឬយើងនិយមនិយាយថា របស់ហ្នឹងហួសដឺឡេ អ្នករមែងយកវាទៅបោះចោល។
ការគិតបែបនោះវាមិនខុសនោះទេ ប៉ុន្តែបើគិតឲ្យស៊ីជម្រៅវាគួរតែនៅមានប្រយោជន៍ ឧទាហរណ៍ម៉ាសបិទមុខ បើវាហួសដឺឡេ យើងកុំយកទៅបិទមុខ ហើយយកមកប្រើប្រាស់ក្នុងគោលបំណងផ្សេង នោះក៏ចំណេញប្រយោជន៍មួយដែរ។ តាមរបាយការណ៍ពី Brightside យើងណែនាំរបស់ទាំង ៥ ដូចខាងក្រោម៖
៥) ថ្នាំដុសធ្មេញ
ថ្នាំដុសធ្មេញមានផ្ទុកនូវសារធាតុសំអាត ដែលវាអាចលុបស្នាមប្រឡាក់ចេញពីរបស់ណាមួយ។ ឧទាហរណ៍អ្នកអាចយកថ្នាំដុសធ្មេញមកជូតសម្អាតលើកំរាលព្រំដែលប្រឡាក់ ជញ្ជាំង អេក្រង់ទូរសព្ទ ឬបំបាត់ក្លិនជូរចេញពីដបទឹកជាដើម។
៤) ប្រដាប់គូសចិញ្ចើមនិងបបូរមាត់
គ្រឿងសំអាងដែលផុតកាលបរិច្ឆេទសូមកុំប្រើប្រាស់លើដងខ្លួនឲ្យសោះ ព្រោះវាអាចប៉ះពាល់ធ្ងន់ ប៉ុន្តែយើងគួរឆ្លាតហើយយកវាមកច្នៃប្រើលើរបស់ផ្សេងវិញ។ ឧទាហរណ៍ដូចជាទុកវាសម្រាប់គូសជំនួសប៊ិចឬខ្មៅដៃនៅលើក្រដាស ឬសៀវភៅបាន។
៣) Cream កោរពុកមាត់
បើវាផុតកាលបរិច្ឆេទ សូមកុំបោះវាចោល ហើយអ្នកគួរច្នៃយកមកទុកលាងសម្អាតភាពកខ្វក់ឬខ្លាញ់ចេញពីក្រចក ឬរបស់របរប្រើប្រាស់ណាមួយក៏បាន។ ឧទាហរណ៍៖ ក្រចកអ្នកមានកម្ទេចដីច្រើន អាចយកវាមកខាត់លាងបាន។
២) ក្រណាត់សើមជូតមុខ
ប្រសិនអ្នកមានប្រភេទកូនក្រណាត់សើមតូចៗ ដែលលែងប្រើការបាននៅលើផ្ទៃមុខ អ៊ីចឹងយើងអាចយកវាមកជូតលើកាបូបលុយ ឬកាបូបយួរដៃទូទៅ ដែលទាមទារប្រភេទក្រណាត់ស្តើងៗដើម្បីជូតសម្អាត។
១) បាសបិទមុខ
បាសបិទមុខបើហួសដឺឡេហើយកុំបន្តប្រើប្រាស់ឲ្យសោះ ព្រោះប៉ះពាល់ធ្ងន់ធ្ងរណាស់លើផ្ទៃមុខ។ ផ្ទុយទៅវិញយើងអាចយកវា មកប្រើប្រាស់ដោយគ្របលើជើង ឬដៃ ដើម្បីឲ្យមានភាពត្រជាក់ទៅលើផ្នែករាងកាយទាំងនោះក៏បាន៕