ការទទួលទានកាហ្វេមានជម្រើសច្រើនប្រភេទ អ្នកខ្លះចូលចិត្តប្រភេទកាហ្វេទឹកដោះគោ កាហ្វេកាពូជីណូ ឬកាហ្វេខ្មៅ ទៅតាមចំណង់របស់មនុស្សម្នាក់ៗ។
ដោយឡែកសម្រាប់កាហ្វេខ្មៅ ដែលជាប្រភេទកាហ្វេមានកម្រិតល្វីងជាងគេបង្អស់មួយនោះ មិនសូវមានអ្នកនិយមទទួលទានច្រើននោះទេ។ ប៉ុន្តែបើស៊ីជម្រៅសិក្សាឲ្យដល់ទៅ កាហ្វេខ្មៅល្អចំពោះសុខភាពច្រើន បើអ្នកអាចទទួលទានវាបាន។
កាហ្វេខ្មៅមានរសជាតិប្លែកនិងក្លិនឈ្ងុយខ្លាំង ហើយវាមិនត្រឹមតែជួយបំពេញថាមពលប្រចាំថ្ងៃរបស់យើងនោះទេ ទៀតសោតក៏ជួយកាត់បន្ថយហានិភ័យជំងឺផ្សេងៗជាច្រើនថែមទៀតផង។ តែនេះពុំមានន័យថា អ្នកត្រូវទទួលទានវាច្រើនលើសលប់នោះទេ ផ្ទុយទៅវិញគួរទទួលទានក្នុងបរិមាណសមរម្យមួយក្នុងមួយថ្ងៃ ជាក់ស្តែងសូមកុំទទួលទានលើសពី ៤០០ មិល្លីក្រាមក្នុងមួយថ្ងៃ ព្រោះវាអាចនាំឲ្យមានផលប៉ះពាល់ទៅវិញ។
ខាងក្រោមយើងបង្ហាញពីអត្ថប្រយោជន៍ ៥ នៃការទទួលទានកាហ្វេខ្មៅ៖
១) កាហ្វេខ្មៅមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយការពារនិងប្រឆាំងជំងឺមហារីកមួយចំនួន ដូចជាមហារីកមាត់ មហារីកក្រពេញប្រូស្តាត និងមហារីកថ្លើមជាដើម។
២) កាហ្វេខ្មៅអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺក្រិនថ្លើម ជាពិសេសគឺជំងឺក្រិនថ្លើមដែលបង្កឡើងដោយជាតិអាល់កុល។ ការទទួលទានហ្វេខ្មៅ ៤ ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យវិវត្តទៅជាជំងឺក្រិនថ្លើមរហូតដល់ ៨០ ភាគរយ។
៣) ប្រសិនអ្នកទទួលទានវាទៀងទាត់ក៏ខ្លួនប្រាណអ្នកមានហានិភ័យទាបក្នុងការវិវត្តទៅជំងឺទឹកនោមផ្អែមប្រភេទទី ២ ដោយសារសារធាតុកាហ្វេអ៊ីន អាចជួយគ្រប់គ្រងការប្រែប្រួលទម្ងន់បានល្អ និងជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងខ្លួន។
៤) វាក៏អាចការពារការកើតមាននូវជំងឺវង្វេងវង្វាន់ ឬយើងនិយមស្គាល់ថា ជំងឺសរសៃប្រសាទ។ ជាទូទៅអ្នកដែលមានអាយុលើសពី ៦៥ ឆ្នាំ ប្រសិនបានទទួលទានកាហ្វេខ្មៅជាប្រចាំនោះអាចកាត់បន្ថយការកើតមានជំងឺខាងលើដល់ទៅ ៦៥ ភាគរយ។
៥) ផឹកកាហ្វេខ្មៅ ១-២ ពែងជារៀងរាល់ថ្ងៃ ក៏អាចកាត់បន្ថយការកើតជំងឺបេះដូងនិងជួយថែរក្សាសរសៃឈាមឲ្យដំណើរការល្អផងដែរ៕
ប្រភព៖ Sanook | ប្រែសម្រួល៖ ក្នុងស្រុក