ពិធីរៀបការទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ខាងប្រុសតែងតែជូនបណ្ណាការ ទៅកាន់ខាងស្រីនៅក្នុងចំនួនទឹកប្រាក់ដែលត្រូវរ៉ូវគ្នា ដើម្បីរៀបចំកម្មវិធីរៀបការឱ្យបានសមរម្យទៅតាមប្រពៃណី។ តែចម្លែកអ្វីគូស្នេហ៍មួយគូបានបង្ហើបឱ្យដឹងថា ខាងស្រីបានជួយចេញថ្លៃបណ្ណាការខាងប្រុសដល់ទៅ ពាក់កណ្តាលស្មើនឹង ៥០% ម្នាក់ ធ្វើឱ្យមនុស្សជាច្រើនបានពេបជ្រាយខាងស្រីថាខ្លាចខ្វះប្តី។
តែខាងស្រីក៏បានចេញមុខបកស្រាយជាមួយនឹងការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងវែងអន្លាយ មើលហើយពិតជាមានន័យមែន។
ដោយតាមរយៈគណនីហ្វេសប៊ុក Soy SreyMey បានឱ្យដឹងថា៖ «ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ ហែងខ្លាចអត់ប្ដីមែន ? ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង ? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ...1 2 3 អីចឹងទៅ.... “ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល ។
បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេគ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា.... បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។
ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ។ ហេីយសារមួយនេះដែរផ្ញេីរជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា 💕»។
នេះស្តែងឱ្យដឹងថា ការពិតបណ្ណាការតូច ឬធំមិនសំខាន់ សំខាន់មនុស្ស២នាក់ស្រលាញ់គ្នា យល់ចិត្តគ្នា និងអាចដឹកដៃគ្នាទៅសាងអនាគតពេញដោយសុភមង្គល៕