ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី មិនត្រឹមតែមានតួនាទីជាវេជ្ជបណ្ឌិតជំនាញដែលធ្លាប់បានផ្តល់អនុសាសន៍ទាក់ទងនឹងសុខភាពប៉ុណ្ណោះទេ តែលោកឧកញ៉ា ក៏ជាម្ចាស់អាជីវកម្មដ៏ជោគជ័យផងដែរ។ ដោយកន្លងមកលោកឧកញ៉ា តែងតែបានផ្តល់ទូន្មានមហាជនទាក់ទងទៅនឹងការរកស៊ី ការធ្វើអាជីវកម្មជាច្រើនសុទ្ធតែមានប្រយោជន៍ដែលអាចពិចារណា។
សម្រាប់ថ្ងៃនេះផងដែរ លោក ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានបង្ហាញពីអត្ថបទមានប្រយោជន៍មួយទៀតដែលជាគំនិតល្អសម្រាប់យុវវ័យ នោះគឺ «កុំអានតែសៀវភៅជោគជ័យ» ៖
#កុំអានតែសៀវភៅជោគជ័យ
យុវជនសម័យនេះមួយចំនួន បើក្នុងផ្ទះគាត់មានសៀវភៅ១០ក្បាល គឺ៩ក្បាលហើយដែលជាសៀវភៅនិយាយអំពីភាពជោគជ័យ។ ម្ង៉ៃៗពួកគាត់គិតតែរឿងជោគជ័យ អានតែសៀវភៅជោគជ័យ។
អ្នកខ្លះរៀនមិនទាន់ចប់បាក់ឌុបផង ពួកគាត់ចង់ជោគជ័យ វក់ស្ដាប់តែអ្នកជោគជ័យ សង្វាតអានតែសៀវភៅនិយាយអំពីភាពជោគជ័យ អានយូរៗទៅក៏សម្រេចចិត្តឈប់រៀន ទៅបើកអាជីវកម្មខ្លួនឯង។
ដល់ពេលទៅបើកទាំងក្នុងខ្លួនប្រហោងធ្លុងដូចស្គរ ពួកគាត់ក៏បរាជ័យ ក្ស័យទុន។ បើជាកូនអ្នកមាន គេក្ស័យទុនត្រឹម១០-២០ម៉ឺនដុល្លារ ម៉ែឪគេផ្ដល់លុយឱ្យថែមទៀត គេលើកទឹកចិត្តកូនគេទៀត ហើយគេចាត់ទុកជាពិសោធន៍ជីវិត។
ចុះយើងជាកូនអ្នកក្រ ទម្រាំសន្សំលុយបាន៤-៥ពាន់ដុល្លារ ទៅប្រវាស់ពីបងប្អូនផង មិត្តភក្តិផង ចុះបើក្ស័យទុន តើមានលុយឯណាសងគេវិញ? តើមាននរណាគេចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត?
បើចង់បើកអាជីវកម្មខ្លួនឯងក៏បើកចុះ ប៉ុន្តែត្រូវរៀនឱ្យបានជ្រៅជ្រះ ធ្វើការឱ្យគេយកពិសោធន៍៤-៥ឆ្នាំសិន ហើយអានសៀវភៅឱ្យបានច្រើន ទើបវាមានឱកាសជោគជ័យខ្ពស់។ ការអានសៀវភៅនេះទៀតសោត ត្រូវអានឱ្យបានគ្រប់រសជាតិ។
ពោលគឺអានតាំងពីសៀវភៅចិត្តសាស្ត្រ ប្រវត្តិសាស្ត្រ រឿងប្រលោមលោក រឿងមនោសញ្ចេតនា រឿងស្នេហា រឿងផ្សងព្រេង រឿងស៊ើបអង្កេត រឿងវិទ្យាសាស្ត្រ រឿងខ្លី កំណាព្យ អានកាសែត ទស្សនាវដ្ដី ជាដើម។
បន្ទាប់ពីអានរបស់ទាំងនេះធ្វើឱ្យមានជំនក់ចិត្តលើការអានហើយ ត្រូវអានអ្វីដែលពាក់ព័ន្ធមុខជំនាញឬអាជីពរបស់ខ្លួន។ និយាយរួមសូមអានឱ្យទាល់តែរកសៀវភៅអានលែងបាន ពិសេសត្រូវអានឱ្យច្បាស់លាស់ អានឱ្យយល់ ហើយដើម្បីអានឱ្យយល់ កុំអានតែចំណងជើង គឺត្រូវអានពីក្បាលដល់កន្ទុយ។ ពោល អានពីដើមដល់ចប់ដោយការគិតពិចារណាឱ្យបានហ្មត់ចត់។
ដូច្នេះ សូមក្មួយៗកុំអានតែសៀវភៅជោគជ័យ ដ្បិតវានឹងធ្វើឱ្យក្មួយៗងងឹតងងុល ធ្វើឱ្យក្មួយៗពុះកញ្រ្ជោលឥតបានការ ហើយធ្វើឱ្យក្មួយៗក្លាយជាមនុស្សគម្រិះ អាត្មានិយម គិតតែពីរឿង “អញៗ ចាញ់ៗ ឈ្នះៗ លុយៗ ... “។
ក្មួយៗត្រូវអានសៀវភៅឱ្យបានគ្រប់រសជាតិ ដើម្បីមានការគិតទូលំទូលាយ មានសុភនិច្ឆ័យខ្ពស់ យល់ពីមនុស្ស យល់ពីការនិយាយស្ដី យល់ពីសង្គមជុំវិញ និងដើម្បីមើលឃើញមនុស្សធ្លុះដល់ក្រអៅបេះដូង ពុំមែនមើលមនុស្សឃើញតែលុយនោះទេ៕
#សម្រង់ប្រសាសន៍_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយ_MJQUP_Team