បញ្ហានៅកន្លែងការងារ ក្នុងគ្រួសារ ឬបញ្ហាបុគ្គលលើទំនាក់ទំនងស្នេហានិងមិត្តភក្តិ ជាទូទៅរមែងបង្កើតជាភាពធុញថប់ និងការស្រ្តេសសម្រាប់អ្នកជាញឹកញយ។ ម្យ៉ាងទៀតអាចថាពេលខ្លះទៅ មិនមានរឿងអ្វីសោះ ក៏ស្រាប់តែស្ត្រេសដោយគ្មានមូលហេតុ ហើយអ្នកក៏ព្យាយាមរិះរកវិធីដើម្បីឲ្យរំសាយអារម្មណ៍មួយនោះចេញពីខ្លួន។
ជាមួយការអនុវត្តវិធីកាត់បន្ថយស្ត្រេសអ្នកខ្លះ ក៏ធ្វើទៅត្រូវ តែខ្លះទៀតបើជ្រើសរើសវិធីដូចបង្ហាញខាងក្រោមទាំង ៦ គឺមានតែនាំការស្រ្តេសចូលក្នុងខួរក្បាលលើសដើម៖
៦) ទម្លាប់ទៅបរិភោគអាហារសម្រន់ច្រើន
អាហារជាផ្នែកដ៏សំខាន់មួយនៃជីវិតរស់នៅប្រចាំថ្ងៃ ហើយការហូបចុកទៀងទាត់ក៏ជាតម្រូវការនៃសារពាង្គកាយរបស់អ្នកផងដែរ។ ប៉ុន្តែសម្រាប់ការហូបអាហារសម្រន់ច្រើនលើសលប់ ជាពិសេសនៅពេលដែលអ្នកស្រ្តេសហើយមិនដឹងធ្វើអ្វី បែរជាទៅចាប់យកការបរិភោគអាហារសម្រន់ ដែលភាគច្រើនមានផ្ទុកសារធាតុខ្លាញ់ខ្ពស់ គឺវាមានតែនាំឲ្យរាងកាយអ្នកចុះទ្រុឌទ្រោមលើសដើមទេ។
ត្រង់ចំណុចនេះបើអ្នកចូលចិត្តការបរិភោគ អ៊ីចឹងគួរទៅចម្អិនអាហារណាមួយសម្រាប់ខ្លួនឯង ដែលមានជាតិបន្លែ ឬជាតិវីតាមីនជួយដល់ខ្លួនប្រាណច្រើនល្អជាង។
៥) ទម្លាប់ទៅបរិភោគកាហ្វេច្រើន
មនុស្សជាច្រើនគិតថា ពេលនឿយ.ហត់ខ្លាំង ធុញថប់ខ្លាំង ការទទួលទានកាហ្វេគឺជារឿងល្អបំផុត។ ជាការពិតបើត្រឹមមួយកែវដូចទម្លាប់ប្រចាំថ្ងៃអ្វីនោះគឺមិនជាបញ្ហាទេ ប៉ុន្តែបើសម្រុកទទួលទាន ២-៣ លើកក្នុងមួយថ្ងៃ វារុញឲ្យសារធាតុកាហ្វេអ៊ីនធ្លាក់ចូលទៅក្នុងសារពាង្គកាយច្រើន ហើយជាទូទៅវាមិនល្អនោះទេ បើខ្លួនប្រាណអ្នកទទួលយកវាច្រើនពេក។ យើងណែនាំឲ្យអ្នកគួរបរិភោគទឹកក្តៅអុនៗឲ្យបានច្រើន នោះគឺជាជម្រើសល្អជាង។
៤) ទម្លាប់ប្រើសារធាតុស្រ.វឹងដើម្បីកាត់បន្ថយស្រ្តេស
ពេលអារម្មណ៍ធុញ.ថប់ខ្លាំង អ្នកចូលចិត្តយកស្រាមកបាំងមុខ ហើយនិយាយថា ផឹកឲ្យស្រ.វឹងដើម្បីបំភ្លេចរឿងធុញ.ថប់គ្រប់យ៉ាង។ ប៉ុន្តែអ្នកត្រូវចាំថា អារម្មណ៍ដែលអ្នកសោក.សៅនោះ វាបាត់បង់តែរយៈពេលខ្លីប៉ុណ្ណោះ ពេលអ្នកស្វាងវានឹងត្រលប់មកចូលខ្លួនអ្នកវិញ ហើយគួបផ្សំខ្លួនប្រាណធីងធងទៀត ធ្វើឲ្យអារម្មណ៍កាន់តែមិនល្អ។ បើយល់ល្អ គួរទៅដោះស្រាយរឿងដែលអ្នកបានជួបនោះឲ្យចប់សព្វគ្រប់សិន ហើយសឹមមកផឹកអបអរទើបជារឿងត្រឹមត្រូវ។
៣) ទម្លាប់ជក់បា.រី
ស្រាមួយ បា.រីពីរសុទ្ធតែជារបស់បំ.ផ្លាញសុខភាពរបស់អ្នក ហើយបើយកអារម្មណ៍ស្ត្រេសមកជាហេតុផលដើម្បីឲ្យអ្នកប្រើប្រាស់វានោះ វាមានតែស្រ្តេសលើសដើម។ ការជក់បា រីវានឹងធ្វើឲ្យសម្ពាធឈាមរបស់អ្នកឡើង បេះដូងលោតញាប់ជាងមុន ហើយរោគសញ្ញាបែបនេះអ្នកជំនាញជឿថា មានតែបន្ថែមសម្ពាធផ្លូវចិត្តទៅក្នុងខ្លួនរបស់អ្នក។
២) ទម្លាប់ចុចទូរសព្ទអូសចុះឡើង
ជឿថាមានមនុស្សជាច្រើនដែលធ្លាប់ឆ្លងកាត់នូវចំណុចទី ២ នេះ ហើយលទ្ធផលគឺមិនបានជួយអ្នកឡើយ។ នៅពេលស្ត្រេសខ្លាំង ខ្លះក៏បានយកជម្រើសនៃការកម្សាន្តជាមួយទូរសព្ទមកដោះស្រាយ ហើយប្រសិនអ្នកទម្លាប់អូសហ្វេសប៊ុកចុះឡើងទៀត និងពេលខ្លះប្រទះឃើញរឿងដែលមិនចង់ឃើញ វាកាន់តែបន្ថែមអារម្មណ៍ធុញ.ថប់ ហើយបើមុនពេលចូលគេងអ្នកឧស្សាហ៍ធ្វើបែបហ្នឹង គឺប្រាកដជាធ្វើឲ្យការទទួលទានដំណេករបស់អ្នកដំណើរការទៅមិនបានល្អឡើយ។
១) ការដកដង្ហើមខុសពីធម្មតា
ការដកដង្ហើមជារឿងធម្មតារបស់មនុស្សទូទៅ ចុះហេតុអ្វីកត្តានៃការដកដង្ហើមអាចបន្ថែមការស្រ្តេសនោះបាន? នោះក៏ដោយសារតែពេលខ្លះអ្នកបែរជាទម្លាប់ដកដង្ហើមញាប់ពេក ឬលឿនពេក ឬការដកដង្ហើមណាមួយដែលខុសពីទម្លាប់ទូទៅ។ ការធ្វើបែបនេះវាបណ្តាលឲ្យអុកស៊ីសែនមិនអាចចូលទៅក្នុងសួតគ្រប់គ្រាន់ ហើយធ្វើឲ្យសារពាង្គកាយអ្នកដំណើរការមិនពេញលេញដួចមុន និងធ្វើឲ្យអ្នកឆាប់មានអារម្មណ៍ហត់នឿយ៕