មនុស្សស្រីបន្ទាប់ពីរៀបការរួច មានស្ត្រីខ្លះសម្រេចបោះបង់ការងារ ឬអាជីពរបស់ខ្លួនចោល ដើម្បីមកបំពេញតួនាទីជាស្ត្រីមេផ្ទះ ឱ្យសមឈ្មោះជាប្រពន្ធ គឺបម្រើប្ដី មើលថែទាំកូន ដោយឱ្យប្ដីជាអ្នករកចំណូលតែម្ខាង។
ប៉ុន្តែក្នុងភាពជាស្ត្រីមេផ្ទះ មិនត្រឹមតែអ្នកធ្វើកិច្ចការងារក្នុងផ្ទះប៉ុណ្ណោះទេ តែអ្នកក៏ត្រូវបំពេញកាតព្វកិច្ច និងជួយជ្រោមជ្រែងក្នុងអាជីពរបស់ស្វាមីផងដែរ។ ប៉ុន្តែឈ្មោះជាស្ត្រីមេផ្ទះ គឺហាក់មិនសូវពីរោះ និងមានតម្លៃនោះឡើយ ព្រោះអ្នកគ្រាន់តែជាស្ត្រីដែលនៅតែក្នុងផ្ទះបាយតែប៉ុណ្ណោះ។
មនុស្សស្រីមិនថាអ្នកជ្រើសយកចំណុចណាមួយក៏ដោយ ចុងក្រោយ អ្នកក៏នៅតែជាប្រពន្ធ អ្នកក៏ត្រូវតែរ៉ាប់រង និងបំពេញតួនាទីរបស់ខ្លួន ទាំងការងាររកប្រាក់ចំណូល និងការងារមើលថែទាំទុកដាក់បម្រើស្វាមី និងកូនៗ។
ប៉ុន្តែសម្រាប់ស្ត្រីដែលជ្រើសរើសធ្វើជាស្ត្រីមេផ្ទះ ដោយបោះបង់អាជីព ការងារ និងការរកលុយដោយខ្លួនឯង គឺអ្នកកំពុងតែខ្ជះខ្ជាយភាពជាយុវវ័យរបស់អ្នកខ្លាំងណាស់ ព្រោះស្ត្រីដែលនៅតែក្នុងផ្ទះ ជាស្ត្រីមេផ្ទះ កម្រនឹងមានពេលវេលា និងឱកាសចេះទៅប្រឡូកក្នុងសង្គមខាងក្រៅណាស់ នាងមិនមានពេលផ្ទាល់ខ្លួនសូម្បីតែឱកាសបានជួបជុំមិត្តភក្តិ វាពិតជាមិនគប្បីនោះឡើយ។
ស្ត្រីបន្ទាប់ពីរៀបការ គឺនាងនឹងត្រូវបើកទំព័រថ្មីនៃជីវិត ហើយទំព័រមួយនេះ នឹងចាប់ផ្ដើមកត់ត្រានូវដំណើរជីវិតជាប្រពន្ធរបស់នាង តើវាល្អ ឬក៏ជូរចត់កម្រិតណា?
មនុស្សស្រីខ្លះគាត់មានសំណាងបានប្ដីល្អ អាចមើលថែ និងធ្វើជាខ្នងបង្អែក និងផ្ដល់ភាពកក់ក្ដៅដល់ប្រពន្ធកូន តែសម្រាប់ស្ត្រីខ្លះ អកុសលណាស់ ដែលជីវិតមិនមានសូម្បីតែសរីភាព។ ជីវិតបន្ទាប់ពីរៀបការ មានអារម្មណ៍ថា ខ្លួនដូចអ្នកបម្រើ ខ្លួនជាប់ក្នុងគុក គ្មានសេរីភាព គ្មានតម្លៃ គ្មានសូម្បីតែអារម្មណ៍ទទួលបានភាពកក់ក្ដៅពីស្វាមី។
សួរថា តើស្ត្រីលើផែនដីនេះ មានប៉ុន្មាននាក់ដែលទទួលបានឈ្មោះជាប្រពន្ធពេញសិទ្ធិ ហើយនឹងទទួលបានការគោរព ឱ្យតម្លៃដល់ងារជាភរិយានោះ? ប្រហែលជាមានតិចណាស់។
បើបុរសអាចយល់ដឹងពីតម្លៃនៃគ្រួសារ ឱ្យច្រើនជាងមុខមាត់ក្នុងសង្គម ម្ល៉េះស្ត្រីមួយចំនួនធំ មិនត្រូវរងគ្រោះ រងការលំបាក សម្ពាធទាំងកាយទាំងចិត្តនោះឡើយ។ តែមនុស្សប្រុសភាគច្រើន ដើម្បីតែមុខមាត់ ផ្គាប់ចិត្តមិត្តភក្តិ តម្រូវតែចំណង់តណ្ហារបស់ខ្លួន មិនដែលខ្វល់ពីសុខទុក្ខប្រពន្ធកូន ដែលគ្រាំទ្រូងនៅផ្ទះនោះទេ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ