យើងម្នាក់ៗ គឺតែងតែវក់វីនឹងសកម្មភាពនៃជីវភាពរស់នៅប្រចាំថ្ងៃ។ សេចក្តីសុខសុភមង្គលរបស់ពួកយើង គឺជាខ្សែវេញភ្ជាប់យើងទាំងអស់គ្នាជាធ្លុងមួយ ដើម្បីស៊ូប្រយុទ្ធប្រឆាំងនឹងឧបសគ្គទាំងឡាយនៅក្នុងវាលវដ្តសង្សារដែលយើងគ្រប់គ្នាត្រូវឆ្លងកាត់។
ដូច្នេះ សូមយើងម្នាក់ៗស្វែងរកសេរីភាពសម្រាប់ជីវិតឱ្យបានស្រស់ថ្លា។ ចូរកំណត់និយមន័យនៃពាក្យ សុភមង្គល សម្រាប់ខ្លួនអ្នក ព្រោះមានតែអ្នកទេដែលអាចកំណត់វាបាន។
អ្នកដឹងទេ មានពេលខ្លះ មនុស្សយើងតែងពឹងផ្អែកអ្នកដទៃក្រៅខ្លួនមកផ្តល់សុភមង្គលឱ្យ។ តែខ្ញុំថា ក្តីរំពឹងបែបនោះ គឺជាការយល់ច្រឡំមួយ។ ហេតុអ្វី? នោះក៏ព្រោះតែសុភមង្គលពិត ពុំមែនកំណត់ដោយនរណាម្នាក់ ក្រៅតែអំពីខ្លួនយើងនោះឡើយ។
ពេលនរណាម្នាក់ចូលមកក្នុងជីវិតអ្នក ដំបូងអ្នកនឹងមានសុភមង្គលក្រៃលែង តែវាពុំបានយូរទេ។ នៅពេលណាមួយក្នុងដំណើរទំនាក់ទំនង គេអាចនឹងធ្វើអ្វីមួយខុសក្តីរំពឹងទុករបស់អ្នក។
បើមិនដូច្នោះទេ គឺអ្នកអាចនឹងធ្វើឱ្យគេខកបំណងវិញក៏មានដែរ។ ការណ៍នេះ គឺម្នាក់ៗចាប់ផ្តើមមានក្តីខកចំណង ឬឈឺចាប់បៀមជាប់ក្នុងសន្តានចិត្ត។ បើទោះបីរឿងឈឺចាប់ខ្លះ ពុំមែនកើតចេញពីប្រភពខាងក្រៅក៏ដោយចុះ អ្នកនៅតែបៀមការឈឺដោយខានតែបាន។
មែនទែនទៅ ការណ៍ដែលយើងផ្ញើសុភមង្គលរបស់ខ្លួនទៅក្នុងដៃអ្នកដទៃ វាហាក់ប្រថុយប្រថានពេកហើយ។ ម្យ៉ាងវិញទៀត បើអ្នកគិតថា ធ្វើឱ្យអ្នកដទៃមានសុភមង្គល ហើយគេនឹងធ្វើដូចដែលអ្នកធ្វើចំពោះគេវិញ នោះ ក៏មិនប្រាកដថា គ្រប់គ្នានឹងគិតដូចអ្នកគិតនោះដែរ។
តែទោះជាយ៉ាងនោះក្តី បើអាចផ្តល់ក្តីសុខក្នុងចិត្តដល់នរណាម្នាក់ ដោយកុំរំពឹងការតបស្នងវិញ នោះទើបយើងពុំមានការខកចិត្ត៕
-----------------------------------------------------------------
ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
ទំព័រទី៤៧-៤៨ បោះពុម្ពផ្សាយខែមិថុនា គ.ស. ២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #TheCollectionOfPhilosophy #LifeAndHappiness
To grab this collection, please visit every bookstore listed on our below website;