ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! មេដឹកនាំល្អត្រូវគិតថា_បុគ្គលិកផ្នែកណាក៏សំខាន់ដូចគ្នា

ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ឬក៏អ្នកគ្រប់គ្រងក្រុមហ៊ុនមួយចំនួន ពួកគាត់ចូលចិត្តមើលតែទៅលើ មិនចូលចិត្តមើលមកក្រោម។ ពោល ពួកគេសម្លឹងមើលតែបុគ្គលិក ឬបុគ្គលណាដែលមានតំណែងខ្ពស់ រៀនបានខ្ពង់ខ្ពស់ និងពូកែយកចិត្ត ពូកែសម្តែង ឬបញ្ចើចបញ្ចើពួកគាត់ ហើយជួនកាលពួកគាត់ទម្លាក់កំហុសឱ្យអ្នកថ្នាក់ក្រោមថែមទៀតផង។

ការណ៍នេះ វានឹងធ្វើឱ្យបុគ្គលិកថ្នាក់ក្រោមថ្នាំងថ្នាក់ចិត្ត និងបាក់ទឹកចិត្ត លែងចង់ធ្វើការក៏មានដែរ។

ការគ្រប់គ្រងបែបនេះ មិនមែនជាអ្នកគ្រប់គ្រងល្អនោះទេ ហើយក៏មិន​មែនជាមេដឹកនាំល្អនោះដែរ។ មេដឹកនាំដែលល្អ គឺត្រូវមើលឱ្យឃើញតម្លៃបុគ្គលិកគ្រប់ផ្នែកទាំងអស់ ពីលើដល់ក្រោម ថាមានតម្លៃការងារដូចគ្នា និងស្មើគ្នា គ្រាន់តែមានតួនាទី ឬមុខងារខុសគ្នាតែប៉ុណ្ណោះ។

132367302_3942773149101448_3620433840033672032_o

ឧទាហរណ៍ បើយើងលើកតម្កើងតែអ្នកមានតំណែងធំខ្ពស់នៅក្នុងស្ថាប័ន ហើយមិនឱ្យតម្លៃ ឬមើលស្រាលអ្នកអនាម័យ ឬមើលស្រាលអ្នកយាមឬសន្តិសុខ នោះជាកំហុសឆ្គងមួយរបស់ថ្នាក់ដឹកនាំ

ព្រោះគ្រប់ក្រុមហ៊ុន បើគ្មានអ្នកអនាម័យ គ្មានសន្តិសុខយាមទេ នោះក្រុមហ៊ុនច្បាស់ជាកខ្វក់ គ្មានអនាម័យ បរិយាកាស ឬបរិស្ថានមិនល្អឡើយ ហើយបើគ្មានសន្តិសុខយាមកាមឱ្យយើងដោយហ្មត់ចត់ ដោយប្រយ័ត្នប្រយែងទេ នោះក៏យើងគ្មានសុខសុវត្ថិភាពដែរ។

ដូច្នេះបើយើងជាមេដឹកនាំគេ ចូរកុំគិតថាអ្នកនេះស្និទ្ធស្នាលជាមួយខ្លួន អ្នកនោះមិនសូវស្និទ្ធស្នាល អ្នកនោះបក្សពួក ឬមិនមែនបក្សពួកខ្លួន​ឱ្យ​សោះ ទើបក្រុមហ៊ុនរីកចម្រើនទៅមុខប្រកបដោយចីរភាព និងមានកិត្តិយសថ្លៃថ្នូរ៕

132552863_3935369326508497_3556847981596388332_o

#ស្រង់ប្រសាសន៍_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី_ដោយក្រុមការងារ_MJQUP