ជូនចំពោះមនុស្សស្រី! តើអ្នកធ្លាប់មានអារម្មណ៍អន់ចិត្តទេ ពេលដែលឃើញគេរៀបការ មានសង្សារ មានដៃគូ ចំណែកអ្នកបែរជានៅលីវទាំងអាយុក៏មិនតិចដែរ?

ជឿថាប្រាកដជាមានមនុស្សស្រីមួយភាគដែលបានគិតថា ខ្លួនឈានដល់វ័យជាង២០ឆ្នាំហើយ តែបែរជាមិនទាន់មានគោលដៅនៅក្នុងរឿងគូជីវិត ខណៈពេលដែលមិត្តភក្តិជិតស្និទ​្ធ ឬអ្នកនៅជុំវិញខ្លួន គេមានគម្រោងរៀបការ គេមានគ្រួសារតូចធំ អ្នកខ្លះមានកូន អ្នកខ្លះក៏មានសង្សារមានភាពផ្អែមល្ហែមនឹងគ្នា អ្នកប្រាកដជាកើតមានចិត្តច្រណែន ឬគិតអន់ចិត្តនឹងខ្លួនឯងដែលមិនមានសូម្បីតែអ្នកស្រឡាញ់។

116260991_3671663666195327_4068012648174677161_o

អ្នកប្រាកដជាធ្លាប់គិត និងសួរខ្លួនឯងថា ពេលណាដល់វេនខ្ញុំ? តើខ្ញុំអាចបានជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្តដែរទេ? តើខ្ញុំអាចបានជួបមនុស្សដែលមានភាពផ្អែមល្ហែម និងល្អនឹងខ្ញុំដូចគេដែរទេ? តើជីវិតនេះ ខ្ញុំអាចមានគ្រួសារ មានដៃគូជីវិតនឹងគេដែរទេ? វាប្រហែលអាចជាសំណួរដែលអ្នកតែងតែសួរជម្រេញខ្លួនឯងផងក៏ថាបាន ឱ្យតែគ្រប់ពេលបានឃើញ និងជួបប្រទះអ្នកក្បែរខ្លួនគេមានដៃគូយ៉ាងមានសុភមង្គល។

118474817_3768627736498919_251453398749436711_o

បើអ្នកគិត ហើយមានអារម្មណ៍អន់ចិត្តចំពោះបញ្ហានេះ​សូមអ្នកបញ្ឈប់គំនិតនេះទៅ វាមិនត្រឹមត្រូវទេ ព្រោះការកំណត់នៃពេលវេលារបស់មនុស្សម្នាក់ៗ គឺសុទ្ធតែមិនដូចគ្នា ជាពិសេសគឺ ក្នុងរឿងសាងគ្រួសារនេះហើយ។

កុំព្រោះតែឃើញគេរៀបការ ឬឃើញគេមានគម្រោងសាងជីវិតគ្រួសារ ក៏បែរជានឹកតូចចិត្ត ហើយបែរជាចង់គិត និងធ្វើដូចគេ ពេលខ្លះ អ្នកមិនទាន់ដល់ពេលដែលបានជួបដៃគូ បើអ្នកបែរជាចង់ធ្វើដូចគេ អ្នកអាចនឹងសម្រេចចិត្តខុសក្នុងរឿងនេះ។

កុំព្រោះតែឃើញគេផ្អែមល្ហែម បែរជាកើតចិត្តច្រណែននឹងគេ ព្រោះពេលខ្លះភាពផ្អែមល្ហែម គ្រាន់តែជាការសម្ដែងបំភ័ន្តភ្នែក និងបញ្ឈឺអ្នកនៅលីវដូចយើងប៉ុណ្ណោះ ចូរគិតដល់ចំណុចដែលរកាំរកូសដែលតែងតែកើតមានឡើងផង។

130883326_243741697114004_6397082294310362430_o

បើអ្នកមិនទាន់ដល់ពេលបានជួបដៃគូជីវិតពិតប្រាកដ តែអ្នកបង្ខំចិត្តជ្រើសរើសមានស្នេហា ឬសាងគ្រួសារ នោះជីវិតរបស់អ្នកនឹងកាន់តែឯកា ហើយក៏កាន់តែជួបបញ្ហាមិនចេះចប់ ព្រោះតែអ្នកមិនទាន់បានត្រៀមខ្លួនក្នុងការមានគ្រួសារ ឬមិនទាន់បានគិតគូរច្បាស់លាស់ជាមួយនឹងការប្រើជីវិតរួមគ្នាជាមួយនឹងមនុស្សម្នាក់ទៀត។

131985313_247771960044311_3671664709825496599_o

កុំបណ្ដោយឥទ្ធិលអវិជ្ជមានណាមួយក្នុងសង្គម ជះឥទ្ធិលមិនល្អដល់គំនិត និងអារម្មណ៍អ្នក ការជ្រើសរើសដៃគូជីវិត អ្នកអាចជ្រើសបាននៅពេលដែលអ្នកបានត្រៀមខ្លួនរួចរាល់ និងមានលទ្ធភាពក្នុងការមើលថែ និងសាងចំណងគ្រួសារ មិនមែនរៀបការព្រោះតែខ្លាចខ្មាសគេ រៀបការព្រោះតែខ្លាចគេសើចចំអក រៀបការព្រោះតែឃើញគេរៀបការ ឬរៀបការព្រោះតែគិតថាខ្លួនឯងអាយុច្រើន វ័យជ្រេនោះឡើយ។

សូមកំណត់គោលដៅខ្លួនឯងសិន សម្លឹងមើលសមត្ថភាព និងការត្រៀមខ្លួនឯងឱ្យរួចរាល់ អ្វីដែលសំខាន់ច្បាស់ថា ខ្លួនឯងបានជួបមនុស្សដែលសមប្រកបនឹងអាចបង្កើតគ្រួសារជាមួយគ្នា មិនមែនត្រឹមមនុស្សដែលស្រឡាញ់ ហើយគិតថាសក្តិសមតែប៉ុណ្ណឹងទេ៕

107096217_3606863316008696_7713209615048525747_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: