" ចាម្ប៍បុរាណ " ឬ " ចាម្ប៉ា " ធ្លាប់ជាអាណាចក្រមួយដ៏ខ្លាំងក្លាខាងការជំនួញជួញដូរ នៅក្នុងអន្តរសម័យនៃពាណិជ្ជកម្មផ្លូវសមុទ្របុរាណ ដ្បិតមានទីតាំងជាប់ប្របបណ្ដោយមហាសាគរចិនភាគទក្សិណ ប្រាចីនទិសនៃកម្ពុជទេសបុរាណនៃយើង ។
កាលអំពីព្រេងនោះ ចាម្ប៍ក៏ដូចខ្មែរ ក៏ដូចសាសន៍ដទៃនៃភូមិភាគ ដែលកាន់សាសនាក៏ដូចគ្នា៖ ដំបូងជាព្រហ្មញ្ញសាសនា ហើយក្រោយមក ក៏ប្រែជាព្រះពុទ្ធសាសនាមហាយាន ហើយទើបប្រហែលចាប់អំពីចុងស. វ.ទី ១៧ ដើមស. វ. ទី ១៨ ត មក ក៏ទើបផ្លាស់ជំនឿជឿចំពោះសាសនាព្រះអាល្លាជាអម្ចាស់ ទៅតាមឈ្មួញម៉ាឡេដែលអ្នកពូកែខាងរកស៊ីជួញដូរតាមផ្លូវទឹកវិញ ។
ចាម្ប៍ក៏ដូចជាខ្មែរ៖ មានស្ថាបត្យកម្មប្រចាំជាតិខ្លួនគួរឱ្យមោទនៈ ដែលមានលក្ខណៈពិសេស ជារសនិយមរបស់ជនជាតិ គឺទំនោរចិត្តរស់នៅក្នុងផ្ទះរោងដោល និង ផ្ទះរោងឌឿង ហើយនិយមតុបតែងដំបូលដោយគ្រឿងនព្វសូល៍ និង ប្រើរាខ្យល់តាមបណ្ដោយដងក្ដារនៃហោជាង តួយ៉ាង ក៏ដូចជាព្រះវិហារចាម្ប៍បុរាណដ៏ល្អវិចិត្តនេះ៖ មើលយ៉ាងណា ក៏មិនយល់ថា ដូចនឹងព្រះវិហារចាម្ប៍លំនាំសព្វថ្ងៃនិយម ដែលសាងដំបូលរាងក្រឡូម ជារចនាបថឥស្លាមបែបអារ៉ាប់ ដែលទើបនាំចូលស្រុក បន្ទាប់សង្រ្គាម ។<
នៅក្នុងនោះវិហារឥស្លាមនៃរចនាបថចាម្ប៍ ដែលអាយុកាលជាង ១០០ឆ្នាំ (ចុងសតវត្សទី ១៩-ដើមទី២០)មួយកន្លែងត្រូវបានរក្សារូបរាងរហូតដល់សព្វថ្ងៃដែលអាចរក្សាទុកជាសម្បត្តិវប្បធម៌ដ៏ថ្លៃថ្លាមួយផងដែរ។
តាមប្រភពគណនីហ្វេសប៊ុក Fila Sophawātt បានរៀបរាប់ថា ៖ « វិហារឥស្លាមនៃរចនាបថចាម្ប៍ ដែលអាយុកាលជាង ១០០ឆ្នាំ (ចុងសតវត្សទី ១៩-ដើមទី២០)។
វិហារបុរាណចាម្ប៍ដែលប្រកបដោយក្បូរក្បាច់ រចនានៃសិល្បៈ ស្ថាបត្យកម្មចាម្ប៍ដ៏ឆើតឆាយ មានលក្ខណៈដំបូលទោលខ្ពស់ និងមានថែវជាដំបូលទាំង៤ទិសព័ទ្ធជុំវិញដ៏ពិសេសតាមទម្រង់បុរាណចាម្ប៍។ វិហារនេះស្ថិតតាមដងទន្លេមេគង្គនៃភូមិជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ដែលសព្វថ្ងៃកំពុងនឹងទ្រុឌទ្រោមទៅតាមអាយុកាលរួមទាំងកង្វះខាតក្នុងការថែរក្សាផង។
ភូមិជំនីកជាសហគមន៍ចាម្ប៍មួយដ៍ធំជាងគេនៅប្រទេសកម្ពុជា ដែលស្ថិតតាមដងទន្លេមេគង្គដែលមានប្រជាជនដ៍ច្រើន និងមានសំណង់បុរាណចាម្ប៍សេសសល់ជាច្រើនទាំងវិហារ ផ្ទះបុរាណចាម្ប៍ជាច្រើនស្អេកស្កះ។
+ សូមអំពាវនាវដល់បងប្អូន លោកតា លោកយាយក្នុងភូមិសូមមេត្តាចូលរួមគ្នាជួយថែរក្សា ការពារនូវសំណង់បុរាណនេះឲ្យគង់វង្សទុកជាមរតកដ៏មានតម្លៃរបស់ក្មេងៗជំនាន់ក្រោយសិក្សាស្វែងយល់ផង។»។
ស្ថាបត្យកម្មព្រះវិហារចាម្ប៍បុរាណនេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននៃជនជាតិចាម្ប៍នៅក្នុងព្រះរាជាណាចក្រយើង ។ យោងតាមចារឹកលេខនៅលើដងដោយនៃព្រះវិហារ បុព្វបុរសចាម្ប៍បុរាណបានកសាងព្រះវិហារនេះនៅក្នុងឆ្នាំ ១៩១៩ ដែលមានអាយុគ្រប់ ១០១ ឆ្នាំ ក្នុងឆ្នាំនេះ ។ ព្រះវិហារបុរាណនេះធំទូលំទូលាយណាស់ ហើយប្រហែលជាធំលើសអស់ព្រះវិហារចាម្ប៍បុរាណនានា ដោយសារកាលអំឡុងក្នុងឆ្នាំ ១៩៦៧ នោះ យោងតាមចារឹកលេខនៅក្នុងនព្វតាមបណ្ដោយព្រំដំបូល ក្រៅអំពីការតុបតែងនូវអស់នាងច្រាល ព្រះវិហារបុរាណកាលអំពីឆ្នាំ ១៩១៩ ត្រូវបានគេកសាងពង្រីកបន្ថែមដោយភ្ជាប់នូវព្រះរបៀងទាំង ៤ ទិស ក៏ទើបធ្វើឱ្យព្រះវិហារបុរាណនេះមានសសរសរុបដល់ទៅ ១៣០ ដើម គួរឱ្យភ្ញាក់ផ្អើល ។ លុះក្រោយមក នៅក្នងឆ្នាំ ១៩៨០ ក៏យោងតាមចារឹកក្នុងនព្វនៃដំបូលព្រះរបៀងមួយ ក៏ធ្វើឱ្យយើងដឹងបន្ថែមថា មានការជួសជុលម្ដងទៀត ដែលជាការតុបតែងនូវគ្រឿងដំបូលព្រះរបៀងទាំង ៤ ទិសា ។
នៅក្នុងលក្ខណៈស្ថាបត្យកម្ម ព្រះវិហារបុរាណត្រូវបានសាងឡើងក្នុងរចនាបថជាព្រះវិហារកិង មានហោជាងឈើប្រកបក្បាច់ និង ភ្ជាប់ស្លាបបក្សីដូចនឹងព្រះវិហារខ្មែរ ខុសតែត្រង់ដំបូលពុំលម្អដោយជហ្វា ប្រែជាការតុបតែងបែបចាម្ប៍ដ៏វិចិត្រស្រស់ស្អាតគួរឱ្យទាក់នេត្រា ។ គ្រាដែលសាងបន្ថែមនូវព្រះរបៀងទាំង ៤ ទិសនោះ ព្រះរបៀងតាមទិសនីមួយៗ ក៏សាងតាមលំនាំព្រះវិហារធំ គឺរចនាបថផ្ទះកិងផ្សំនឹងរបៀបចាម្ប៍បុរាណ ។ នៅក្នុងខាងក្នុងព្រះវិហារនេះ មានលម្ហដ៏ធំធេង នៅក្រោមពិដានដែលត្រូវបានរៀបចំយ៉ាងមានរបៀប ប្រកបនឹងហប់ខ្យល់ដែលផ្ទាប់នូវក្បាច់ភ្ញីដ៏រស់រវើក ។
សព្វថ្ងៃ ទោះបីជាវឌ្ឍនភាពពីបុរាណថ្កុំថ្កើងយ៉ាងណា វាសនាព្រះវិហារចាម្ប៉ាបុរាណនេះ ត្រូវបានគេបោះបង់ចោលទៅហើយ៖ ក្ដារជញ្ជាំងឈើ និង បង្អួច-ទ្វារ ត្រូវបានគេរុះរើចោល និង ទុកចោល កម្រាលការ៉ូក៏ត្រូវបានខូចខាតស្ទើរពុំសល់ ឯសំណល់នានាត្រូវបានបន្តចាក់បង្គរជារៀងរាល់ថ្ងៃ ។
បេតិកភណ្ឌជាតិរបស់ជនជាតិខ្មែរឥស្លាមនៅទីនោះ នៅស្រស់ស្អាតនៅឡើយ ក៏នៅមានស្ថាបត្យកម្មផ្ទះបុរាណដ៏ល្អប្រណីតជាច្រើនទៀតដែល នៅរាយប៉ាយជុំវិញ ដែលសង្ឃឹមថា៖ " ថ្ងៃមួយនៃអនាគតដ៏ឆាប់ខាងមុខ ទីនេះ នឹងក្លាយជាគោលដៅទេសចរមួយដ៏សំខាន់ ដែលចូលរួមចំណែកនៅក្នុងការថែរក្សាការពារសម្បត្តិបេតិកភណ្ឌជាតិខ្មែរឥស្លាម និង បន្តនិរន្តភាព ក៏ដូចជាភាតរភាពនៃបងប្អូនខ្មែរ និង បងប្អូនខ្មែរឥស្លាម ឱ្យបានកាន់តែរឹងមាំ ដែលធ្វើឱ្យសហគមន៍មានទឹកចិត្តនៅក្នុងការជម្រុញវឌ្ឍនភាពនៃវប្បធម៌របស់ខ្លួនសម្រាប់អ្នកស្នងបន្តជាន់ក្រោយ ៕
ប្រភពរូបភាព ៖ Fila Sophawātt / Photo from : brother Rostan Ly Fila Sophawātt 03 Dec 2020៚
រៀបរៀងអត្ថបទ និង រូបថតដោយ៖ ល. សី លីហ៊ាង @Lyheang Seyh