អ្នកណាថា ការឈឺចាប់ស្នេហា ជាការឈឺចាប់បំផុតនោះ អ្នកធ្លាប់មានមិត្តភាពល្អបរិសុទ្ធ ស្រឡាញ់រាប់អានគ្នាទុកដូចបងប្អូនបង្កើត ហើយត្រូវមកជួបការបែកបាក់ប្រេះឆាគ្នា ដោយសារតែបញ្ហាបន្តិចបន្តួច ឬបញ្ហាការយល់ច្រឡំ វាឈឺចាប់មិនចាញ់បែកបាក់ស្នេហានោះឡើយ។
អ្នកខ្លះមិនធ្លាប់បែកបាក់ស្នេហាទេ តែក៏ជឿថា គេប្រាកដជាធ្លាប់បែកបាក់មិត្តភាព ក៏ជឿថា អារម្មណ៍មួយហ្នឹង វាឈឺចាប់មិនធម្មតាទេ រាល់បញ្ហា ដែលឈានដល់ការបែកបាក់ ប្រាកដជាធ្វើឱ្យចិត្តមនុស្សយើងម្នាក់ៗមានការឈឺចាប់ជាខ្លាំង។ ម្យ៉ាងវិញទៀត ប្រសិនបើមិត្តភាពត្រូវបាក់បែកដោយសារតែបញ្ហា ឬការយល់ច្រឡំនោះ វាក៏កាន់តែឈឺចាប់ទ្វេដង។
ជាការពិតណាស់ គ្មាននរណាម្នាក់ចង់បែកបាក់ ឬបាត់បង់ទំនាក់ទំនងដែលល្អនោះឡើយ។ ធ្លាប់ស្រឡាញ់រាប់អានគ្នាជាច្រើនឆ្នាំ ទុកដូចបងប្អូនរួមផ្ទៃតែមួយ តែវាក៏ត្រូវឈឺចិត្តបំផុត ដែលបែរជាដើរដល់ផ្លូវបញ្ចប់ សល់ត្រឹមតែអនុស្សាវរីយ៍ និងការចងចាំកន្លង។
មិត្តភាពល្អ ក៏មិនគួរណាបណ្ដោយឱ្យបែកបាក់ ព្រោះតែបញ្ហាបន្តិចបន្តួចនោះទេ ក៏រឹតតែមិនត្រូវឈ្លោះទាស់គ្នា ព្រោះតែការយល់ច្រឡំនោះដែរ។ មិត្តភាពដ៏ល្អ ត្រូវកសាងយូរណាស់ ទម្រាំតែអាចថែរក្សាចំណងមិត្តភាពបានរាប់ឆ្នាំ ដូច្នេះ ត្រូវចេះរក្សាគ្នា ជឿជាក់ អត់ឱនឱ្យគ្នាទៅវិញទៅមក៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ