ច្បាស់ការណ៍ហើយពេលនេះក្រោយផលិតកម្ម ផលិតកម្មថោន កម្ពុជា និង ផលិតផលកម្ម Grammy ថៃ ដែលគេស្គាល់ថាក្រុមហ៊ុនកម្សាន្តយក្សនៅក្នុងប្រទេសថៃ ធ្លាប់បានបង្ហើបថានឹងចាប់ដៃគូសហការគ្នាដ៏ប្លែកអស្ចារ្យមួយនាពេលខាងមុខ ដោយពេលនេះបទចម្រៀងនៃការរួមបញ្ចូលគ្នារវាងថៃ និងខ្មែរដំបូងបានចេញជារូបរាងឡើង ច្រៀងដោយកញ្ញា ស៊ូស៊ីរីកា។
បទចម្រៀងដំបូងដែលទទួលបាន បទភ្លេងដោយស្របច្បាប់ពីប្រទេសថៃ ច្រៀងដោយតារាចម្រៀងខ្មែរ និងនិពន្ធទំនុកច្រៀង រួមទាំងការផលិតជាវីដេអូចម្រៀងដោយផលិតថោននេះ មានចំណងជើងថា « ជំនូន » គឺជាបទជម្រៀងដែលមានភាពប្លែកថ្មីពិរោះគួរឱ្យចាប់អារម្មណ៍មែនទែន ដោយមានការច្របាច់ចូលនូវទម្រង់សំលៀកបំពាក់ ការតុបតែងខ្លួន និងក្បាច់រាំខ្មែរលាយសម័យ ធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែមានភាពទាក់ទាញខ្លាំងថែមទៀតផង។
បទចម្រៀងនៃការសហការគ្នាជាលើកដំបូងនេះ បានបង្ហោះជាផ្លូវការក្រោយ ផលិតកម្មថោន និង GMM GRAMMY បានធ្វើពិធីចុះកិច្ចព្រមព្រៀងពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកំសាន្តជាផ្លូវការ ដោយប្រកាសថា ក្រុមហ៊ុនធំៗទាំង២ប្រទេសនេះ នឹងចាប់ដៃធ្វើការជាមួយគ្នា ដើម្បីផលិតបទចម្រៀង ការសម្តែងវីដេអូចម្រៀង (MV) ការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី និងឈានដល់ការផលិតខ្សែភាពយន្តរួមគ្នា នាពេលខាងមុខទៀតផង។ ដោយនេះជាឱកាសមួយដែលប្រទេសកម្ពុជាបានបញ្ចេញស្នាដៃបង្ហាញទៅបរទេសផង និងជាការផ្លាស់ប្តូរបទពិសោធន៍ការងារ រួមទាំងសិល្បៈវប្បធម៌គ្នា ដើម្បីឈានទៅរកភាពរីចម្រើនខាងវិស័យកម្សាន្តនៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ ផលិតកម្មថោន និង GMM GRAMMY ផលិតកម្មទាំង២ ក៏បានបង្កើត YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY» ដើម្បីបង្ហោះផ្សព្វផ្សាយចម្រៀងទាំង២ផលិតកម្ម ផលិតកម្មធំទាំង២នឹងយក Channel មួយនេះសម្រាប់បង្ហោះស្នាដៃរួមគ្នាដែលខ្មែរអាចនឹងយកភ្លេងពីថៃមកច្រៀង ហើយផលិតកម្មថៃក៏អាចនឹងយកបទចម្រៀងខ្មែរទៅឱ្យតារាចម្រៀងក្នុងផលិតក្មងខ្លួនច្រៀងដូចគ្នា ដែលនឹងធ្វើការចេញផ្សាយជាបន្តបន្ទាប់នាពេលខាងមុខ។
គួរឱ្យដឹងផងដែរថា បទចម្រៀងនៃការផលិតរួមគ្នារបស់ផលិតកម្មថោន និង GMM GRAMMY ជាលើកដំបូង នៃបទចម្រៀងមួយបទមានចំណងជើងថា ជំនូន ដែលច្រៀងដោយកញ្ញា ស៊ីរីកា និង ប៊ីអូប៊ី ដោយបទនេះ ក៏បានចេញជា Version ថៃក្នុងផលិតកម្ម GMM GRAMMY ផងដែរកាលពីខែមករា ឆ្នាំ ២០២០ មានចំណងជើងថា วรรณคดีสีชมพู - เปาวลี Feat. MAIYARAP ៕
ដើម្បីជ្រាបច្បាស់ សូមទស្សនាបទចម្រៀងនេះទាំងអស់គ្នា ៖