ពេលខ្លះ យើងក៏ត្រូវតែគិតគូរពីខ្លួនឯងដែរ តែមិនមែនមានន័យថាយើងអាត្មានិយមនោះឡើយ

ធ្វើជាមនុស្ស គឺត្រូវចេះគិតគូរ និងខ្វាយខ្វល់ពីមនុស្សដែលនៅជុំវិញខ្លួន មិនអាចគិតតែពីខ្លួនឯងនោះទេ អ្វីដែលសំខាន់គឺ ត្រូវចេះយកចិត្តគេដាក់ចិត្តយើង ជួយគេបានក៏ជួយទៅ ជួយតាមលទ្ធភាពដែលមាន ខ្វាយខ្វល់ យកចិត្តទុកដាក់ និងយកអាសារមនុស្សដែលនៅក្បែរខ្លួនឯង កុំធ្វើអ្វីតាមតែទំនើងចិត្ត មិនគិតពីអ្នកដទៃឱ្យសោះ តែយ៉ាងណាមិញ យើងក៏មិនត្រូវគិតពីអ្នកក្រៅនោះ រហូតដល់ភ្លេចខ្លួនឯងនោះឡើយ។

127035625_1077810172659679_7895244916280151687_o

ត្រូវចាំថា ខ្លួនឯងត្រូវចេះមើលថែ និងការពារខ្លួនឯង ជួយជ្រោមជ្រែងខ្លួនឯងឱ្យក្លាយជាមនុស្សល្អ រឹងមាំ​ និងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីដឹកនាំជីវិតខ្លួនឯង ទើបយើងអាចជួយដល់អ្នកដទៃបាន។ មិនមែនប្រើប្រាស់ជីវិតរាល់ថ្ងៃដើម្បីតែគេ ធ្វើអ្វីៗដើម្បីតែជួយគេអស់ពីចិត្ត តែចុងក្រោយលទ្ធផលនៃជីវិតខ្លួនឯង មិនមានសល់អ្វីទាល់តែសោះ បើយើងធ្វើបែបនេះ គឺយើងខុសខ្លាំងណាស់ចំពោះខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ។

127196988_1077741995999830_8408376488275723725_n

ជាការពិត មានមនុស្សខ្លះ គឺគិតតែពីជួយអ្នកនេះ ជួយអ្នកនោះ ក៏មានមនុស្សខ្លះ ជួយអ្នកដទៃបាន តែបែរជាជួយគ្រួសារមិនបាន រឹតតែមិនដែលនឹងជួយខ្លួនឯងថែមទៀត គិតតែប្រើជីវិតដើម្បីតែអ្នកដទៃ រហូតដល់ពេលខ្លះ ធ្វើឱ្យខ្លួនឯង​មិនមានសូម្បីតែក្ដីសុខ និងពេលវេលាសម្រាប់ខ្លួនឯងផ្ទាល់។

ធ្វើជាមនុស្សចេះជួយអ្នកផ្សេងគឺជារឿងដែលល្អណាស់ តែពេលខ្លះយើងក៏ត្រូវតែបែងចែកឱ្យបានដែរ ថាយើងគួរជួយគេ ឬក៏មិនជួយគេ ព្រោះពេលវេលាដែលយើងមាន គឺត្រូវប្រើសម្រាប់ខ្លួនឯងខ្លះ បែងចែកទៅថា ពេលណាគួរជួយគេ ពេលណាគួរជួយខ្លួនឯង។

127234913_1077741985999831_3341870370940012666_n

កាលៈទេសៈខ្លះ យើងត្រូវចេះបដិសេធនូវសំណើរ ក៏ដូចជាសំណូមពរ ឬការសុំជំនួយពីអ្នកដទៃ ដើម្បីដកឃ្លាមកជួយខ្លួនឯង មិនមែនយើងអាត្មានិយមទេ តែសារជាតិមនុស្សយើង បើមិនគប្បីនឹងខ្លួនឯង គឺអ្នកខុសធ្ងន់បំផុត។ ត្រូវចាំថា ពេលហ្នឹងយើងមិនជួយគេ ក៏គេអាចមានអ្នកផ្សេងដែលជួយគេបានដែរ ប៉ុន្តែសម្រាប់យើងវិញ បើយើងមិនជួយខ្លួនឯងទេ គឺមិនមានអ្នកណាមកជួយយើងបាននោះឡើយ៕

127890350_1077943835979646_554155153440463431_n

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ