ភ្នំពេញ៖ ក្រោយការរកឃើញករណីវិជ្ជមានទៅលើស្ត្រីម្នាក់ដែលជាជំទាវ ភរិយាប្រធានពន្ធធនាគារ បន្ទាប់ពីលោកជំទាវបានទៅផ្សារទំនើបអ៊ីអន១ មក នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានសម្រេចបិទដំណើរការផ្សារអ៊ីអន១ ជាបណ្តោះ។
ក្រោយពីការបិទផ្សារទំនើបនេះ មានអ្នកដែលពាក់ព័ន្ធ និងអ្នកដែលទៅផ្សារទំនើប អ៊ីអន១ បាននាំគ្នាទៅធ្វើតេស្តរកជំងឺកូវីត ១៩ និងបានធ្វើចត្តាឡីស័ក្តផងដែរ ដើម្បីចៀសវាងការឆ្លងរាលដាលជាសហគមន៍។
យ៉ាងណាមិញ មកដល់នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់ ទទួលបានអវិជ្ជមានកូវីដ១៩ទាំងអស់ ក្រសួងសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON ១ បើកឡើងវិញ ក្រោយការផ្ទុះនូវដំណឹងឆ្លងរាលដាលបានស្ងប់ស្ងាត់។
ដោយការបើកដំណើរការផ្សារទំនើបនេះឡើងវិញជាថ្មីម្តងទៀត គឺចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ៕