ដូចយើងបានដឹងរួចមកហើយថា ដើម្បីចូលរួមចំណែកជួយដល់សង្គមជាតិ លោក ហ៊ុយ យ៉ាឡេង បានង្កើតកម្មវិធីសប្បុរសធម៌មួយដើម្បីជួយសង្គមមានឈ្មោះថា «១ម៉ោងដើម្បីសង្គមជាតិ » ដែលអត្ថន័យកម្មវិធី និងគោលដៅកម្មវិធីផ្តោតទៅ២ចំណុចធំៗ ទី១គឺការចុះធ្វើកម្មវិធីសប្បុរសធម៌ និងជួយដល់សង្គមដោយផ្ទាល់ទៅដល់ប្រជាជន និងទី២គឺការផលិតរឿងអប់រំខ្លីពីសង្គម ជីវិត ច្បាប់ចរាចរណ៍ និងរឿងមានអត្ថន័យជួយដល់សង្គមជាតិជាច្រើនទៀត។
ហើយកាលពីប៉ុន្មានថ្ងៃមុនកម្មវិធី «១ម៉ោងដើម្បីសង្គមជាតិ » បានចុះទៅធ្វើកម្មវិធីទាក់ទងនឹងប្រធានបទថ្មីមួយទៀតហើយដោយធ្វើការអប់រំទាក់ទងនឹងក្រុមអ្នករត់កង់៣ ដែលមានយុវជនមួយក្រុមបានលើកបដា និងស្រែកដាក់មេក្រូទាមទារសុំឱ្យអ្នកបើករ៉ឺម៉កកង់បីឥណ្ឌាទាំងអស់មិនត្រូវបើកបរលើផ្លូវម៉ូតូទេ ព្រោះជាប្រភេទត្រីចក្រយានយន្ត ។ អ្នកតវ៉ាបានសុំឱ្យអ្នកបើកបររ៉ឺម៉កកង់បីឥណ្ឌាទាំងអស់ ត្រូវបើកបរនៅផ្លូវកណ្ដាល ផ្លូវល្បឿនមធ្យម ហាមបញ្ជ្រៀត និងជ្រៀតជ្រែកផ្លូវម៉ូតូ ។
តែយ៉ាងណាមិញ ការចុះទៅអប់រំបាននេះមានមហាជនមួយចំនួនគាំទ្រ ឯមួយចំនួនទៀតមិនគាំទ្រ ពិសេសក៏មានក្រសួងពាក់ព័ន្ធដែលយល់ដឹងច្បាស់ពីច្បាប់ចរាចរណ៍បានកោតសរសើរនូវទឹកចិត្តជួយដល់សង្គមមួយនេះ តែជាការអប់រំខុសពីច្បាប់ដែលបានចែងទាក់ទងនឹងចរាចរណ៍ផ្លូវគោកក្នុងការបែកចែកគន្លងធ្វើចរាចរណ៍តាមប្រភេទយានជំនិះដោយពពួកកង់៣មិនមែនជាយានជំនិះដែលអាចបរនៅគន្លងរថយន្តបានឡើយ។
ដោយសារតែដឹង និងទទួលស្គាល់ពីកំហុសខ្លួន នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ហ៊ុយ យ៉ាឡេង បានដឹកនាំក្រុមសង្គមមានឈ្មោះថា «១ម៉ោងដើម្បីសង្គមជាតិ » បានចុះទៅធ្វើការសុំទោសមហាជន និងអ្នកបើកបរកង់៣ទាំងអស់នូវកំហុសអចេតនារបស់ខ្លួនមួយនេះដោយក្រាបសំពះដល់ដី ថែមទាំងបានរៀបរាប់ថា៖
«១ម៉ោងដើម្បីសង្គមជាតិ៖សុំទោសដល់ជនរួមជាតិនិងបងបងកង់បីទាំងអស់គ្នា
ខ្ញុំបាទហ៊ុយ យ៉ាឡេង ស្ថាបនិកបង្កើតកម្មវិធី១ម៉ោងដើម្បីសង្គមជាតិសូមលើកម្រាម១០ ក្រាបដល់ព្រះធរណីគោរពសុំទោសដល់ជនរួមជាតិ និងលើកម្រាមដៃដប់សុំធ្វើការសុំទោសដល់បងបងកង់បីទាំងអស់គ្នា ដោយខ្ញុំបាទបានធ្វើកម្មវិធីលើកមុនប្រាប់ពីគន្លងផ្លូវជូនបងបងខុស ធ្វើអោយមានការប្រត្តិកម្មពីបងបងមួយចំនួនថាក្រុមខ្ញុំបាទបំពុលសង្គម ខ្ញុំបាទសុំធ្វើការបកស្រាយនិងសុំបងបងកង់បីនិងជនរួមជាតិទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំបាទ កម្មវិធី១ម៉ោងដើម្បីសង្គមជាតិបង្កើតឡើងក្នុងន័យជួយសង្គម គោលការណ៍គឺចុះជួយដោយផ្ទាល់និងធ្វើវីឌីអូអប់រំ មនុស្សម្នាក់ៗមានពេល១អាទិត្យធ្វើការដើម្បីខ្លនឯងនិងគ្រួសារតែមិនបានសូវគិតគូរជួយដល់សង្គមទេ។
ដូចនេះអត្ថន័យយើងខ្ញុំចង់អោយបងប្អូនរួមជាតិចេះជួយដល់សង្គមជាតិយើងដោយចំណាយពេល១ម៉ោងយ៉ាងតិច ក្រុមយើងខ្ញុំបាទទទួលមតិនិងយោបល់និងព័ត៌មានជួយសង្គមយើងពីបងប្អូនរួមជាតិខ្មែរដោយសេចក្តីរីករាយ សូមបងបងបើកបរនៅលើដងផ្លូវសូមជួបតែសេចក្តីសុខនិងសវត្ថិភាព»។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក