ជាទូទៅ បើគេនិយាយពីផ្កាយដែលគេស្គាល់ច្រើន និងងាយចំណាំ គេប្រាកដជានឹកទៅដល់ផ្កាយមួយដែលខ្មែរយើងចំណាំហៅ គឺផ្កាយ យាមនង្គ័ល ក៏ប៉ុន្តែ នៅក្បែរផ្កាយយាមនង្គ័លនោះ មានផ្កាយមួយទៀត ដែលជនជាតិខ្មែរស្គាល់ជាទូទៅ និងស្រួលចំណាំផងដែរនោះ ដោយសារតែវាមានរូបរាងជាផ្កាយនៅផ្តុំគ្នាជាកញ្ចុំ ដូចមេមាន់បណ្តើរកូន ហើយដែលយើងហៅថា "ផ្កាយកូនមាន់"។
ផ្កាយនេះមានរឿងនិទានប្លែកៗពីគ្នាអាស្រ័យទៅតាមអរិយធម៌នីមួយៗ ដោយនៅក្នុង តារាសាស្ត្រឥណ្ឌា ផ្កាយនេះត្រូវបានគេឲ្យឈ្មោះថា « ផ្កាយកត្តិក » ដែលជាឈ្មោះខែមួយ ក្នុងចំណោមខែទាំង១២ នៅក្នុងប្រតិទិនចន្ទគតិ។
នៅថៃ ដែលជាប្រទេសជិតខាងកម្ពុជា ផ្កាយនេះក៏ត្រូវបានគេឲ្យឈ្មោះថា « ផ្កាយកូនមាន់ » (ดาวลูกไก่) ដូចខ្មែរដែរ។
ចំណែកនៅបណ្តាប្រទេសលោកខាងលិចវិញ ផ្កាយនេះត្រូវបានគេឲ្យឈ្មោះថា « Pleiades » ឬ « នាងទាំង៧ » (Seven sisters) ដោយយកលំនាំទៅតាមរឿងព្រេងកថាក្រិក។
ផ្កាយកូនមាន់មិនមែនជាបណ្តុំផ្កាយដាច់ដោយឡែក ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនោះទេ ផ្ទុយទៅវិញ ផ្កាយកូនមាន់នេះត្រូវបានគេដាក់បញ្ចូលទៅក្នុងចំណោមបណ្តុំផ្កាយគោ (Taurus) ដែលជាផ្កាយតំណាងខែឧសភា។ ផ្កាយកូនមាន់នេះ ក៏មិនមែនមានត្រឹមតែ ៧ដួង ដូចឈ្មោះ « នាងទាំង៧ » នោះដែរ ក៏ប៉ុន្តែ តាមពិត គឺមានច្រើនជាងនេះ ហើយជាផ្កាយដែលស្ថិតនៅជាចង្កោម ឬខ្លាស្ទ័រ (Open Cluster)។
រៀបរៀងដោយ ស្តេចផារាអង់
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក