LV លក់​ស្បែកជើង​ដើរ​ក្នុង​ផ្ទះ ​តែ​តម្លៃ​កុំ​មើល​ទិញ iPhone 12 Pro បាន​ជិត ២ គ្រឿង

ក្រុមហ៊ុន​ប្រេន​ល្បី​ឈ្មោះ​របស់​ប្រទេស​បារាំង LV (Louis Vuitton) ថ្មីៗ​នេះ​ទើប​តែ​ចេញ​លក់​នូវ​ប្រភេទ​ស្បែក​ជើង​ដើរ​ក្នុង​ផ្ទះ (Slipper) ដែល​មាន​ជម្រើស​ពណ៌​ស ផ្កា​ឈូក ប្រផេះ ​និង​ត្នោត។

LV1_1_

ស្បែកជើង​នេះ​កំពុង​ដាក់​ឲ្យ​បញ្ជា​ទិញ​ចាប់​ពី​ពេល​នេះ​ត​ទៅ ហើយ​រំពឹង​នឹង​ដឹក​ជញ្ជូន​ដល់​ដៃ​អតិថិជន​នៅ​បុណ្យ​ណូអែល​នា​ខែ​ធ្នូ​ខាង​មុខ ពោល​គឺ​សមល្មម​នឹង​ទុក​ជា​អំណោយ​សម្រាប់​មិត្តភ័ក្ដិ ឬ​មនុស្ស​ជា​ទី​ស្រលាញ់​បាន​ទាន់​ពេល​តែ​ម្តង។

ដោយឡែក​ចំពោះ​តម្លៃ​វិញ គឺ​រាង​កល់​បន្តិច​ដោយ​មួយ​គូ​ថ្លៃ​ដល់​ទៅ ២ ២៦០ ដុល្លារ​អាមេរិក​ឯ​ណោះ ពោល​គឺ​ជិត​ទិញ​បាន iPhone 12 Pro ពីរ​គ្រឿង​ទៅ​ហើយ។

យ៉ាងណាមិញ​ក្រោយ​មាន​ការ​ប្រកាស​លក់​ស្បែក​ជើង​ LV ខាង​លើ​នេះ ក៏​ទទួល​បាន​ការ​រិះគន់​ពី​មតិ​មហាជន​មួយ​ចំនួន​ផង​ដែរ ព្រោះ​ស្បែកជើង​ផលិត​ចេញ​ពី​ស្បែក​សត្វ ស្រប​ពេល​ដែល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជា​ច្រើន​កំពុង​បើក​យុទ្ធនាការ​ប្រឆាំង​ការ​ប្រើប្រាស់​ផលិតផល​ដែល​ធ្វើ​ឡើង​ដោយ​ស្បែក​សត្វ​ផង​នោះ។

LV2_1_

ក្រឡេក​ទៅ​មើល​យីហោ​ល្បី​ឈ្មោះ​មួយ​ផ្សេង​ទៀត​គឺ Gucci ក៏​មាន​បញ្ចេញ​នូវ​ប្រភេទ​ផលិតផល​ស្រដៀង​គ្នា​នោះ​ផង​ដែរ ប៉ុន្តែ​តម្លៃ​ធូរ​ត្រឹម​តែ ១៩០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​យក​មក​ប្រៀបធៀប​និង​គាំទ្រ​ដល់​ផលិតផល​របស់​ប្រទេស​អ៊ីតាលី​មួយ​នេះ​យ៉ាង​សម្បើម​ផង​ដែរ៕

ប្រភព៖ Zing

​​​