បច្ចុប្បន្ននេះ កម្មវិធីសម្បុរសធម៌ និងការធ្វើមូលនិធិជាច្រើនជួយដល់ជនទីទាល់ក្រ និងការផ្តល់ជំនួយទៅស្ថាប័នផ្សេងៗ បាននឹងកំពុងតែរីកដាលឡើង ដែលសបញ្ជាក់ឱ្យដឹងថាប្រជាជនខ្មែរ កាន់តែមានទឹកចិត្ត និងលះបង់ប្រយោជន៍ខ្លួនឯងដើម្បីជាប្រយោជន៍រួមដល់ប្រជាជនក្នុងសង្គមគួរឱ្យសរសើរ។
យ៉ាងណាមិញ ថ្មីៗនេះការរត់សប្បុរសធម៌ គឺជាកម្មវិធីដ៏ល្បីល្បាញមួយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឡើងដោយបុគ្គលល្បីៗ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមចំណែកបណ្តុះឆន្ទៈវប្បធម៌ចែករំលែកដ៏ប្រពៃមួយនេះ ។ ដោយបុគ្គល២រូបដែលធ្លាប់បានបង្កើតកម្មវិធីរត់ដ៏ជោគជ័យ ដើម្បីមូលនិធិសប្បុរសធម៌ ជួយដល់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នោះត្រូវគេស្គាល់ថាគឺជាលោក លោក នឹម ឈុន្នី ដែលជាកម្មវិធីធ្វើឡើងនៅចុងឆ្នាំ ២០១៩ និង លោក សាយ ធ្វើឡើងនៅចុងឆ្នាំ ២០២០ នេះ ។
១. លោក នឹម ឈុន្នី (ចុងឆ្នាំ ២០១៩)
កាលពីចុងឆ្នាំ ២០១៩ ព្រឹត្តិការណ៍រត់ដោយថ្មើរជើងមួយក៏ធ្លាប់បានបង្កើតឡើង និងទទួលបានការគាំទ្រយ៉ាងសម្បើមមានឈ្មោះថា «រត់ដើម្បីកុមារកម្ពុជា ២០១៩» ដែលរៀបចំដោយ លោក នឹម ឈុន្នី គឺជាសហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុនបណ្តុះបណ្តាល Vipassa ដោយដាក់គោលដៅរត់ដោយថ្មើរជើងចម្ងាយ ៣១៤គីឡូម៉ែត្រ ប្រើពេលវេលា ១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បីរៃអង្គាសប្រាក់ចំនួន ១០ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដែលចូលរួមមូលនិធិដោយប្រជាពលរដ្ឋតាមដងផ្លូវ និងម្ចាស់ក្រុមហ៊ុនជាច្រើន។
ការផ្តួចផ្តើមព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង ក្រៅពីជាកម្មវិធីដែលអាចផ្តល់ជំនួយដល់មន្ទីរពេទ្យដែលជួយសង្គ្រោះកុមារកម្ពុជារាប់រយនាក់ក្នុងមួយថ្ងៃនោះ លោក នឹម ឈុន្នី បានឱ្យដឹងថា គឺដើម្បីជាការចង់តបស្នងគុណ ដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានជួយក្មួយស្រីលោកកាលពី៧ឆ្នាំមុនឱ្យជាសះស្បើយ និងអាចដើរបានជាធម្មតាវិញ។ ហើយអនុស្សាវរីយ៍ និងការចងចាំល្អៗ ដែលមន្ទីរពេទ្យកុមារអង្គរ ផ្តល់ស្នាមញញឹមដល់លោក និងគ្រួសារលោកបែបនេះហើយ ទើបលោកបង្កើតព្រឹត្តិការណ៍នេះឡើង ដើម្បីរង្គាសប្រាក់ជួយកុមារដទៃទៀតឱ្យមានស្នាមញញឹមដូចជាគ្រួសាររបស់លោកដែរ។
ព្រឹត្តិការណ៍ពេញដោយការតស៊ូជឿជាក់ ទាំងលំបាកមួយនេះ ត្រូវបាន លោក នឹម ឈុន្នី ឱ្យដឹងថា វាជាអ្វីដែលលោកពេញចិត្តនឹងធ្វើ ធ្វើដោយក្តីស្រលាញ់ និងបេះដូង ក៏ដូចជាចង់លើកតំកើងឆន្ទៈប្រជាជនខ្មែរឱ្យចាប់ផ្ដើមបណ្ដុះនូវវប្បធម៌សាមគ្គីភាព វប្បធម៌ចែករំលែកនៅក្នុងសង្គមខ្មែរ។
២. លោកសាយ (ចុងឆ្នាំ២០២០ គ្រោងបញ្ចប់ដើមឆ្នាំ២០២១)
លោក សាយ គឺជាតារាចម្រៀង និងសម្តែងយុវវ័យដែលមានឈ្មោះបោះសំឡេង ហើយថ្មីៗនេះលោកកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ក្រោយក្លាយទៅជាម្ចាស់គម្រោង "Run with Sai for Charity” ដែលជាកម្មវិធីរត់ដោយថ្មើរជើងពីភ្នំពេញទៅដល់ខេត្តសៀមរាប ដោយដំណើរការគម្រោងរត់ដំបូងចាប់ពីថ្ងៃទី ៦ តុលា ២០២០ មកម្ល៉េះ ហើយគ្រោងនឹងបញ្ចប់ការរត់ដល់គោលដៅទៅខេត្តសៀមរាបនៅដើមឆ្នាំ ២០២១។
កម្មវិធីរត់របស់លោក សាយ ដោយការតាំងចិត្តមោះមុត និងប្រឈមមុខនឹងការលំបាកក្នុងយុទ្ធនាការដ៏ប្រឈមនេះ គឺដើម្បីប្រមូលនិធិឲ្យបាន ១០០០លានរៀលជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាទីកន្លែងកុមារកម្ពុជាងាយរងគ្រោះរាប់ម៉ឺននាក់ពឹងពាក់អាស្រ័យ។
យ៉ាងណាមិញមកទល់យប់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២០ បើតាមលោកសាយ បានឱ្យដឹងថាគ្រាន់តែសន្ទុះការ Challenge បន្តៗគ្នារយៈពេល២៤ម៉ោងសោះ ទទួលបានទឹកប្រាក់សប្បុរសធម៌ដល់ទៅ ៥៤១លានរៀល ឬស្មើនឹង ១៣ម៉ឺន២ពាន់ដុល្លារ ដោយទឹកប្រាក់សរុបទាំងអស់កើនឡើងដល់ទៅ ៧៥១លានរៀល ឬស្មើរនឹង ១៨ម៉ឺន៣ពាន់ដុល្លារហើយ ហើយការចូលរួមមូលនិធិនៅតែទទួលបន្តជាបន្តបន្ទាប់ធម្មតារហូតដល់គោលដៅ។
គួរឱ្យដឹងផងដែរថា ត្បិតតែនេះជាកម្មវិធីរត់ដើម្បីសប្បុរសធម៌ដូចគ្នា ដែលធ្វើឡើងឆ្នាំខុសៗគ្នា តែទាំងលោក លោក នឹម ឈុន្នី និងលោក សាយ សុទ្ធតែបានរៀបចំកម្មវិធីប្រកបដោយភាពជោគជ័យ និងទទួលបានការគាំទ្រជាខ្លាំងពីមហាជននៅក្នុងប្រទេស ដែលអាចនិយាយបានថាជាបុគ្គលគំរូ ដំបូង ដែលនាំមុខឱ្យបុគ្គលល្បីៗជាច្រើនទៀតងាកមកចូលរូមគាំទ្រ និងធ្វើកិច្ចការជួយសង្គមឱ្យបានច្រើនថែមទៀត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក