សត្វក្រពើដែលមានទម្ងន់ ៨០០ គីឡូក្រាមត្រូវបានគេប្រទះឃើញ ថាបានទៅជាប់គាំងក្នុងបំពង់បង្ហូរទឹកប្រឡាយ ដែលស្ថិតនៅតំបន់មានមនុស្សរស់នៅ Taman Perumahan St Edmund Limbang ក្នុងរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០២០។
តាមរយៈអ្នកនាំពាក្យរបស់ក្រុមជួយសង្រ្គោះនិងពន្លត់អគ្គិភ័យប្រចាំតំបន់ បានឲ្យដឹងថាពួកគេទទួលបានដំណឹងពីនាយកដ្ឋានព្រៃឈើ ហើយចុះទីតាំងនោះផ្ទាល់នៅវេលាម៉ោង ១១ យប់។
ប្រភពបានឲ្យដឹងថា៖ "នៅពេលទៅដល់ទីតាំងនោះ យើងឃើញថាក្រពើដ៏ធំដែលជាប់គាំងក្នុងប្រឡាយវាហាក់រើបម្រាស់ជាខ្លាំង ព្រោះដោយសារវាត្រូវរបួស ដោយសារការបាញ់ពីសំណាក់អ្នកភូមិនៅទីនោះ ហើយក្រុមការងាររបស់យើងប្រើបច្ចេកទេសដើម្បីបន្ធូរបន្ថយអារម្មណ៍ខឹងសម្បារបស់វា ដោយធ្វើការបិទភ្នែករបស់វា មុនយករបស់មករុំព័ទ្ធជុំវិញឲ្យជាប់"។
យ៉ាងណាមិញក្រពើដែលមានប្រវែងជាង ៤,៥ ម៉ែត្រនោះ មិនអាចដឹកចេញទៅបានភ្លាមៗឡើយ ណាមួយគួបផ្សំនឹងទម្ងន់ដ៏ធ្ងន់ផង គឺរង់ចាំដល់ព្រឹកស្អែកវេលាម៉ោងជាង ៨ ទើបមានរថយន្តសម្រាប់លើកឥវ៉ាន់មកជួយលើកវាឡើង និងដាក់ចូលក្នុងរថយន្តដឹកទំនិញយកចេញទៅ៕
ប្រភព៖ Worldofbuzz