ក្មេងតូចអាយុ ៦ ឆ្នាំ ជនជាតិឥណ្ឌា មានឈ្មោះ Arham Om Talsania ថ្មីៗនេះទើបតែប្រលងធ្វើតេស្តជោគជ័យ និងទទួលបានវិញ្ញាបនបត្ររបស់ក្រុមហ៊ុន Microsoft នៅឯវិទ្យាស្ថាន Pearson VUE។
ក្មេងប្រុសតូចរូបនេះ មានជំនាញក្នុងការសរសេរកម្មវិធីកុំព្យូទ័រ ដោយប្រើប្រាស់ភាសា Python ហើយបានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក Guinness World Record នាមជា "Programmer ដែលមានអាយុតិចបំផុត" ផងដែរ។
ប្រាប់សារព័ត៌មាន ANI ក្មេងប្រុសឈ្មោះ Talsania និយាយថា៖ "ឪពុករបស់ខ្ញុំបានបង្រៀនខ្ញុំសរសេរកូដ ដោយខ្ញុំចាប់កាន់ថេបប្លែតនៅអាយុ ២ ឆ្នាំ ហើយនៅអាយុ ៣ ឆ្នាំខ្ញុំបានទិញឧបករណ៍ iOS និង Windows មកប្រើប្រាស់ លុះក្រោយមកខ្ញុំចាប់ផ្តើមចេះយល់ដឹងពីការងាររបស់ឪពុកខ្ញុំជាមួយនឹងភាសា Python"។
រូបគេបន្ថែមទៀតថា៖ "ខ្ញុំបានបង្កើតហ្គេមតូចមួយ ហើយពេលនោះក៏ទទួលបានវិញ្ញាបនបត្រពី Python រហូតដល់ប៉ុន្មានខែបន្ទាប់ខ្ញុំទទួលបានវិញ្ញាបនបត្រពី Guinness World Record មួយផ្សេងទៀត ពេលខ្ញុំបានផ្ញើការងារដែលខ្ញុំសម្រេចកន្លងមកឲ្យពួកគេមើល"៕
ប្រភព៖ NDTV