នៅតាមបណ្តាប្រទេសនីមួយៗទូទាំងសកលលោក គឺមានទំនៀមទម្លាប់នៃការរស់នៅប្រចាំថ្ងៃខុសៗពីគ្នា ហើយនៅពេលដែលអ្នកធ្វើដំណើរទៅកាន់ប្រទេសនោះ មិនថាតែអ្នកជាជនជាតិអ្វី គឺត្រូវតែសម្របឬអនុវត្តតាម។
ជាក់ស្តែងដូចជានៅប្រទេសអេស្ប៉ាញ ពេលអ្នកជួបនរណាម្នាក់លើកដំបូង គឺគេមានទម្លាប់ថើបថ្ពាល់ដើម្បីជាកិច្ចស្វាគមន៍ ប៉ុន្តែបើអ្នកមិនបានអនុវត្តទេនោះ វាត្រូវបានគេរាប់បញ្ចូលថាជាសកម្មភាពអសីលធម៌ហើយ។
ក្រៅពីប្រទេសអេស្ប៉ាញ ក៏មានប្រទេសផ្សេងៗឯទៀតដែលមានទំនៀមទម្លាប់ប្លែកពីគ្នា ហើយអ្នកគួរតែស្វែងយល់ ជាពិសេសអ្នកឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេស៖
៥) មិនទម្លាប់ឲ្យបរិភោគអ្វីដោយដៃនៅប្រទេសឈីលី
មិនថាតែការបរិភោគអាហារសម្រង់ដូចជាដំឡូងចៀន ឬអ្វីផ្សេងក៏ដោយ នៅប្រទេសឈីលីគឺគេមិនទម្លាប់ប្រើប្រាស់ដៃនោះទេ។ ជនជាតិឈីលីចាត់ទុកថាការប្រើប្រាស់ដៃទៅចាប់ម្ហូបនោះ គឺធ្វើឲ្យម្ហូបបាត់បង់រសជាតិ ហើយចាំបាច់គឺត្រូវប្រើប្រាស់សមឬចង្កឹះជំនួស។
៤) មិនទម្លាប់ឲ្យបរិភោគអាហារមុនមនុស្សចាស់ជាងខ្លួននៅប្រទេសកូរ៉េ
ជាទំនៀមទម្លាប់ដែលគោរពដល់មនុស្សចាស់ខ្លាំងណាស់ ដោយនៅប្រទេសកូរ៉េសម្រាប់ការបរិភោគអាហារជុំគ្នា គឺចាំបាច់ត្រូវផ្តល់សិទ្ធឲ្យមនុស្សចាស់លូកអាហារនោះមុន ទើបក្មេងមានសិទ្ធបរិភោគតាមក្រោយ។ ទាំងការទទួលកែវទឹកអ្វីជាដើមពីមនុស្សចាស់ ក៏ពួកគេត្រូវប្រើប្រាស់ដៃទាំងពីរទៅទ្រដែរ។
៣) មិនឲ្យពាក់ស្បែកជើងចូលផ្ទះនៅប្រទេសជប៉ុន
ស្បែកជើងរបស់សមាជិកគ្រួសារឬអ្នកដែលមកលេង ត្រូវចាំបាច់ទុកនៅខាងក្រៅឬមាត់ទ្វារ ពោលមិនឲ្យមានធូលីដីចូលក្នុងបរិវេណផ្ទះនោះទេ។ នេះជាទម្លាប់តាំងពីបុរាណមករបស់ជនជាតិជប៉ុន ណាមួយដោយសារតែក្នុងបរិវេណផ្ទះនីមួយៗ គឺជនជាតិជប៉ុនរមែងអង្គុយផ្ទាល់ជាប់នឹងឥដ្ឋ ឬពេលខ្លះមានទាំងការបរិភោគ ឬគេងនៅលើនោះផ្ទាល់ទៀតផង។
២) មិនទម្លាប់ឲ្យបរិភោគសល់អាហារនៅលើចានក្នុងប្រទេសឥណ្ឌា
នៅឥណ្ឌាប្រសិនអ្នកបរិភោគអាហារសល់នៅលើចាន គេរាប់ចូលជាទង្វើអសីលធម៌ បែបនេះត្រូវទាមទារឲ្យអ្នកទម្លាប់បរិភោគឲ្យអស់ពីចាន ដែលជាសញ្ញាបង្ហាញការឲ្យតម្លៃដល់អាហារនោះផងដែរ។
១) មិនទម្លាប់ឲ្យសរសេរឈ្មោះនរណាម្នាក់ដោយប្រើប៊ិចក្រហមនៅកូរ៉េខាងត្បូង
នៅកូរ៉េខាងត្បូង ពណ៌ក្រហមគឺតំណាងឲ្យសេចក្តីស្លាប់ បែបនេះជាទូទៅគេអាចប្រើប៊ិចឬហ្វឺតពណ៌ក្រហមសរសេរឈ្មោះនរណាម្នាក់បាន លុះត្រាតែពួកគេបានចែកឋានទៅហើយ។ ប៉ុន្តែបើអ្នកសរសេរឈ្មោះអ្នកនៅរស់ ដោយពណ៌ក្រហម នោះគេជឿថាតំណាងឲ្យសំណាងអាក្រក់ ផ្ទុយទៅវិញត្រូវទម្លាប់ឲ្យសរសេរជាពណ៌ខៀវ ឬខ្មៅជាដើម៕
ប្រភព៖ Brightside