ធ្វើជាមនុស្ស ត្រូវតែមានចិត្តបុណ្យក្នុងខ្លួន មានចិត្តល្អទៀងត្រង់ ចេះផ្ដល់ឱ្យ និងលះបង់ចំពោះមនុស្សជុំវិញខ្លួន។ ការសាងបុណ្យ ការធ្វើអំពើល្អ គឺជារឿងដែលមនុស្សយើងគ្រប់គ្នាត្រូវតែមាននៅក្នុងជីវិត មានចិត្តជួយអ្នកដទៃ គឺជាសេចក្ដីសុខ ចេះចែករំលែកដល់អ្នកដែលខ្វះខាត ឬកំពុងត្រូវការជំនួយ វាគឺជារឿងដែលល្អ និងត្រឹមត្រូវបំផុត។
ប៉ុន្តែពេលខ្លះ ក្នុងស្ថានភាពខ្លះ ជាមួយនឹងមនុស្សខ្លះ យើងមិនគួរធ្វើល្អ មានតឹកចិត្តជួយ ឬចែករំលែកជាមួយនឹងគេនោះឡើយ។ ការធ្វើល្អ មានចិត្តបុណ្យ ចិត្តទន់ពេក វាអាចនឹងធ្វើឱ្យយើងមានទុក្ខ ជួបការលំបាក ឬត្រូវរងគ្រោះចំពោះខ្លួនឯង ព្រោះតែយើងមានចិត្តជួយគេនោះ។ ដូចរឿងដែលធ្លាប់បានឃើញកន្លងមកហើយថា ជាមនុស្សមានចទឹកចិត្តល្អក៏ដោយ ក៏មិនត្រូវចិញ្ចឹមពស់ ចិញ្ចឹមក្រពើ មានចិត្តធម៌ជាមួយនឹងពពួកសត្វអាសិរពិសដែរ ព្រោះពពួកសត្វអស់នេះ វាមិនដឹងបាបបុណ្យ គុណទោស ទឹកចិត្តដែលយើងបានជួយ និងស្រឡាញ់វានោះទេ។
ជាការពិតណាស់ ជាមួយមនុស្សខ្លះ ក៏វាបែបហ្នឹងពិតមែន ពេលខ្លះយើងមានទឹកចិត្តជួយគេ ចិត្តល្អចំពោះគេ ក៏បានត្រឹមតែផ្ដល់ឱកាសឱ្យគេបកក្បាលមកខាំយើងវិញតែប៉ុណ្ណោះ។ មនុស្សខ្លះទៀតយើងជួយគេអស់ពីចិត្តថ្លើមហើយ តែគេបែរជាគិតថាយើងនេះ ចង់បានប្រយោជន៍ មើលមិនឃើញសេចក្ដីល្អរបស់យើងហើយ ចោទយើងអាក្រក់ថែមទៀត។
ការធ្វើល្អមិនខុសនោះទេ តែពេលខ្លះ ធ្វើល្អខុសពេល ខុសមនុស្សយើងនឹងជួបរឿងមិនល្អលើខ្លួនឯង។ មិនមែនហាមមិនឱ្យធ្វើល្អជាមួយនឹងបុគ្គលណាម្នាក់នោះឡើយ ព្រោះអំពើល្អកើតចេញពីចិត្ត ទឹកចិត្តពិតរបស់យើង តែក៏មិនគួរធ្វើល្អជាមួយមនុស្សខ្លះដែរ ព្រោះតែពេលខ្លះយើងក៏ត្រូវតែមើលថែ និងការពារខ្លួនឯងឱ្យបានល្អដែរ ចិត្តល្អជួយដល់គេ ត្រូវតែមើលពេល មើលស្ថានភាព មើលមនុស្សផង៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ