មិនឲ្យសម្ងំកើបលុយពីអ្នកប្រើនៅកម្ពុជាស្រួលៗ ក្រសួងរៀបចំប្រមូលពន្ធពីក្រុមហ៊ុនយក្ស (Facebook, Netflix, Alibaba…) ហើយ

រសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើទស្សនកិច្ច និងជួបជាមួយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិភាក្សាអំពីយន្តការប្រមូលពន្ធពីការលក់សេវាឌីជីថល របស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ដូចជា Netflix, Amazon, Alibaba, Facebook និង Google ជាដើម ដែលមិនចុះបញ្ជី ហើយរកចំណូលបានពីអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងបន្តសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែជិតស្និទ្ធក្នុងគោលបំណងដើម្បីបង្កើនចំណូលពន្ធជូនរដ្ឋ ជាពិសេសក្រុមហ៊ុនផ្តល់សេវាឌីជីថល និងប្រតិបត្តិករទូរគមនាគមន៍។

123653369_1658633380986352_7926028329288216406_o

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលល្អប្រសើរដែលបានមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយមនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះ ក្នុងខណៈដែលកម្ពុជា និងពិភពលោក បាននិងកំពុងពឹងផ្អែកខ្លាំងលើការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយដល់ការបង្កើនប្រសិទ្ធភាពការងារគ្រប់ប្រភេទ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តោតការយកចិត្តទុកដាក់លើការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានពីការគំរាមកំហែង ដើម្បីធានាលំហអុឺនធឺណិតមានសុវត្ថិភាព និងសន្តិសុខ ព្រមទាំងផ្តល់ការគាំទ្រផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មានបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។

123851084_1658633390986351_1363311698067709132_o

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល ៧ខែ នៃការចូលកាន់ដំណែងជារដ្ឋមន្ត្រីរបស់ឯកឧត្តម ជា វ៉ាន់ដេត ជាពិសេសលើទស្សនវិស័យ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាព័ត៌មាន ទូរគមនាគមន៍ និងប្រៃសណីយ៍។ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលក៏បានគាំទ្រគំនិតផ្តួចផ្តើមដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងរៀបចំឱ្យមានបណ្តុំទិន្នន័យ (Big data) ដោយធ្វើសមាហរណកម្មទិន្នន័យថ្នាក់ជាតិគ្រប់វិស័យបញ្ចូលគ្នា និងចែករំលែកទិន្នន័យជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។

Ice_screenshot_20201107 105335

6AKDZZENWRHF5OGJGDCCMID5LY

នៅក្នុងជំនួបពិភាក្សានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង អគ្គនាយកដ្ឋានពន្ធដារ នឹងបង្កើនកិច្ចសហការចែករំលែកទិន្នន័យគ្នាទៅវិញទៅមក ផ្តល់ទិន្នន័យចំណូលដុលរបស់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) ព្រមទាំងគាំទ្រផ្នែកបច្ចេកទេសដើម្បីពង្រឹងការអនុវត្តច្បាប់ពន្ធដារដោយ ប្រើច្រកទ្វាអុឺនធឺណិតជាតិ និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់កត់ត្រាប្រតិបត្តិការផ្សព្វផ្សាយពាណិជ្ជកម្មអនឡាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗទាំងអស់៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications