អតីតកីឡាករជើងចាស់លោក ប៉ែន ផាត ដែលមានរហស្សនាម ពស់កេងកង ធ្លាប់មានរូបថតដ៏អស្ចារ្យមួយសន្លឹក ដែលលោកថតក្បែរស្តេចបាល់ទាត់ពិភពលោក Pele កាលពីឆ្នាំ ១៩៧៣។ នេះបើតាមការបង្ហោះលើគណនីរបស់ប្រធានផ្នែកកីឡាប្រចាំប៉ុស្តិ៍ទូរទស្សន៍ CBS លោក ស៊ីថូ ណាថាន់។
ប្រភពបានឲ្យដឹងថា រូបនោះជារូបថតអនុស្សាវរីយ៍ក្នុងជំនួបប្រកួតបាល់ទាត់មិត្តភាពរវាងថៃ ជាមួយប្រេស៊ីល។ កាលនោះលោក ប៉ែន ផាត វ័យ ២៦ ឆ្នាំ កំពុងជាកីឡាករបាល់ទាត់អាជីពក្នុងប្រទេសថៃ។ សហព័ន្ធបាល់ទាត់ថៃបានដាក់ឈ្មោះលោកក្នុងជំនួបមិត្តភាពនេះដើម្បីលួងលោមឲ្យលោកប្តូរសញ្ជាតិពីខ្មែរទៅថៃ រួចនឹងផ្តល់ឱកាសអោយលោកជាប់ជំរើសជាតិថៃជាផ្លូវការ។ ប៉ុន្តែលោកបានបដិសេធមិនប្តូរសញ្ជាតិ។
បច្ចុប្បន្ននេះលោក ប៉ែន ផាត មានវ័យ ៧៣ ឆ្នាំ ចំណែកឯ ប៉េឡេ មានវ័យ៨០ឆ្នាំ។លោក ប៉ែន ផាត សព្វថ្ងៃកំពុងរស់នៅប្រទេសបារាំងជាមួយក្រុមគ្រួសាររបស់លោកដែលគ្រប់គ្នាមានសញ្ជាតិបារាំង។ លោកធ្លាប់ជាប់គាំងនៅប្រទេសថៃអស់ជាច្រើនខែដោយសារបញ្ហាមេរោគកូវីដ-១៩រាតត្បាតពិភពលោក។ គ្រាដែលជាប់គាំងនោះលោកត្រូវបានមន្រ្តីបាល់ទាត់ខេត្តឈុនបូរី តែងតាំងជាគ្រូបង្វឹកក្រុមយុវជន៕
ប្រភព៖ Sitho Nathan