ធំធាត់ដោយការរើសអើង និងការមាក់ងាយ ថាជា «ខ្ទើយ» ជៀសមិនផុតពីភ្នួង ឬមេសាឡន ចុងក្រោយមានចំណេះជ្រៅជ្រះថែមទាំងមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិគួរឱ្យសរសើរខ្លាំង

បើទោះបីជាសម័យនេះ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធស្មើគ្នា មិនប្រកាន់ប្រុសស្រី ឬភេទខុសធម្មជាតិ តែមានមនុស្សមួយចំនួននៅតែមានចិត្តប្រកាន់ និងរើសអើងអ្នកដែលស្រលាញ់ភេទដូចគ្នា។ ដោយប្រុសតែងខ្លួនជាស្រី ឬស្រីតែងខ្លួនជាប្រុស គេតែងមាក់ងាយហៅថា ខ្ទើយៗ ថែមទាំងយល់ថាអ្នកទាំងអស់នេះមិនបានរៀនជ្រៅជ្រះឡើយ ហើយពិតជាមិនមានការងារអ្វីក្រៅពី អ្នកផាត់មុខ តុបតែងខ្លួនតែងកាយឡើយ។ ដោយមិនចង់ឱ្យគេតិះដៀលថាគ្មានចំណេះ និងរៀនមិនបានខ្ពស់ ពេលនេះមានបុគ្គលមួយរូប ដែលត្រូវបានគេមើលងាយថាជាខ្ទើយ ក៏បានខំរៀនខ្ពង់ខ្ពស់រហូតមានតំណែងសំខាន់ក្នុងកិច្ចការជាតិ និងអន្តរជាតិផងដែរ។

116245571_3203257176404856_4050621256858074181_o

យោងតាមរយៈគណនីហ្វេសប៊ុក ​Toma Thol បានរៀបរាប់ពីប្រវត្តិរបស់ខ្លួនយ៉ាងលម្អិតថា៖

«មនុស្សដែលធំធាត់ដោយការរើសអើង និងការមាក់ងាយ!

-គ្រប់គ្នាស្គាល់ខ្ញុំហៅថា«ប៉ែន»ពេលតុបតែងខ្លួនជាស្រី មានន័យថាស្ត្រីដែលមានរូបរាងក្រូតគ្រាតមិនស្អាត ថែមទាំងអភ័ព្វទៀត សម្តីក៏ពុំសូវពិរោះស្តាប់។ កើតក្នុងក្រគូលកសិករខ្សត់ទាំងទ្រព្យ ខ្សត់ទាំងរូបសម្បត្តិដែលអ្នកផងហៅថា«ខ្ទើយ»នោះឯង។

-ចង់ឈ្នះវាសនាដោយការខិតខំប្រឹងប្រែងរៀនសូត្រ។ ចង់ដើរចេញពីពាក្យដៀលខ្មិះមាក់ងាយដោយឈោងចាប់យកការងារល្អៗក្នុងសង្គមដែលអ្នកផងតែងយល់ឃើញថាខ្ញុំជៀសមិនផុតពីភ្នួង ឬមេសាឡនឡើយ។

Screen Shot 2020 11 05 At 8.16.11 PM

-ទីបំផុតបន្ទាប់ពីទទួលបានអាហារូបករណ៍បរិញ្ញាបត្រចិត្តវិទ្យានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបានបញ្ចប់បរិញ្ញាបត្រនៅទីនេះ

ខ្ញុំទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតចិត្តវិទ្យានយោបាយមួយទៀតពី សាកលវិទ្យាល័យ Zurich ប្រទេសស្វីសជាសាលាលំដាប់ទី៦លើសកលលោក ហើយខ្ញុំជានិស្សិតកម្ពុជាដំបូងផងដែរទទួលបានអាហារូបករណ៍នេះ។

-វិលមកកម្ពុជាវិញ ជាង១ អាណាត្តិរយៈពេល ៦ឆ្នាំ ពីតំណែងបុគ្គលិកតំណាង ពីប្រធានការិយាល័យ ពីនាយករង មកអគ្គនាយកទទួលបន្ទុកកិច្ចការអប់រំ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់អាស៊ី។ ក្នុងបេសកម្មនេះខ្ញុំបានជួយនិស្សិតក្រីក្រចំនួន ១៣៨៩នាក់ទទួលអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងរាប់សិបនាក់ចេញទៅក្រៅប្រទេស។

-ប្តូរពីការរើសអើង ការមាក់ងាយមកជាការគោរព និងយកគំរូតាម។ បច្ចុប្បន្នខ្ញុំត្រូវផ្លាស់ទៅនេប៉ាល់ ក្នុងតួនាទីខ្ពស់ជាងមុន ជាលេខាអគ្គរដ្ឋទូតស្វីសនៅទីនោះទទួលកិច្ចការ«អប់រំ និងវប្បធម៌»។ អាចនិយាយថាខ្ញុំជាជនជាតិខ្មែរដំបូងក៏បានក្នុងតួនាទីនេះ។

123652535_3499389460124958_6195997147881318046_o

-ចូរសម្លឹងឲ្យបានវែងឆ្ងាយ មានក្តីស្រមៃឲ្យធំ រៀបចំផែនការ អនុវត្តន៍ផែនការ រៀនលើកទឹកចិត្តខ្លួនឯង។ ពាក្យមាក់ងាយពីអ្នកដទៃ និងកំហុសខ្លួនឯងជាមេរៀន ជាកញ្ចក់កែតម្រូវ ឈឺចាប់ត្រូវប្រឹង ពេលខ្លះវាអាចបង្កើតជាបញ្ហាដល់យើងមិនដឹងខ្លួនច្នេះត្រូវរៀនហាត់ពត់ និងបន្ស៊ាំវាព្រោះវាតែងតែរស់នៅក្បែរយើងជានិច្ច។ ត្រូវជឿជាក់លើខ្លួនឯង។ ខ្ញុំធ្វើបានហើយ អ្នកទាំងអស់គ្នាធ្វើបានដូចគ្នា។

#មនុស្សមិនអាចមើលតែសំបកក្រៅ ហើយវាយតម្លៃនោះទេ។ »។

91402578_2889871391076771_1308231761162928128_o

នេះស្តែងឱ្យដឹងថា មនុស្សកុំមើលងាយមនុស្ស ទោះស្រី ប្រុស ឬមនុស្សខុសធម្មជាតិ ឱ្យតែមានគំនិត និងការតាំងចិត្ត ពិតជាអាចសម្រេចកិច្ចការធំ ហើយទោះជាទទួលរងការមើលងាយពីមនុស្សជុំវិញក៏មិនអាចរារាំងភាពជោគជ័យ និងការតស៊ូនោះទេ៕

120028586_644742083074013_6958655475378238633_n