ដើម្បីជាការអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិខ្មែរប្រារព្ធធ្វើជារៀងរាល់ឆ្នាំព្រះនាងតូច នរោត្តម ជេនណា ដែលជាសែរាជវង្សដ៏មានសមត្ថភាពនៅក្នុងវិស័យសិល្បៈគ្រប់ទម្រង់ ទ្រង់បានធ្វើការសម្តែងរបាំបុរាណខ្មែរមួយបទគឺ របាំ "រស្មីដួងច័ន្ទ" ដែលដកស្រង់ចេញពីវីដេអូរបស់សែលកាតអំពី "ព្រះរាជពិធីបុណ្យអុំទូក"ធ្វើឱ្យមហាជនសម្តែងក្តីកោតសរសើរជាខ្លាំងនូវកាយវិកាល្វតល្វន់ស័ក្តសម មិនចាញ់នាដកាអាជីពនោះឡើយ។
ការសម្តែងរបាំដើម្បីអបអរពិធីបុណ្យអុំទូកនេះផងដែរព្រះនាងតូច នរោត្តម ជេនណា បានធ្វើការបង្ហោះផ្ទាល់នៅលើគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ព្រះនាងផ្ទាល់ ដោយបានរៀបរាប់បន្ថែមផងដែរថា៖ «យប់នេះ គឺជាយប់ ១៥កើត ខែកក្តិក ជាយប់ដែលព្រះច័ន្ទពេញបូរមី មានមណ្ឌលមូលពេញលេញ ភ្លឺជាងថ្ងៃណាៗទាំងអស់ 🌕 ហើយនាយប់នេះផងដែរ គឺជាពេលដែលបងប្អូនខ្មែរយើង សំពះព្រះខែ និងអកអំបុក ដើម្បីបួងសួងសុំក្តីសុខសួស្ដីពីព្រះច័ន្ទ តាមប្រពៃណី បុរាណព្រេងព្រឹទ្ធរបស់យើង ។ ដើម្បីអបអរថ្ងៃសំពះព្រះខែ សែលកាតសូមជូនរបាំ "រស្មីដួងច័ន្ទ" សម្តែងដោយព្រះនាងតូចជេនណា ដែលដកស្រង់ចេញពីវីដេអូរបស់សែលកាតអំពី "ព្រះរាជពិធីបុណ្យអុំទូក"»។
គួរបញ្ជាក់ផងដែរថា ក្រោយពីការទស្សនាការសម្តែងរបស់ព្រះនាងតូចនរាត្តម ជេនណា ដែលមានវ័យត្រឹមតែ ៨ព្រះវស្សា មហាជន និងអ្នកគាំទ្រទាំងអស់កាន់តែលាន់មាត់សរសើរថាទ្រង់ពិតជាសែរាជវង្សដែលមានសមត្ថភាពពិតៗ មិនថាតែវិស័យចម្រៀង សម្តែង ក្បាច់រាំអន្តរជាតិ ថែមទាំងមិនភ្លេចឡើយនូវសិល្បៈវប្បធម៌ខ្មែរផងដែរ ដោយកន្លងមកព្រះនាងក៏បានបង្ហាញដែរថា ព្រះនាងបានធ្វើការហាត់ពត់លត់ដំសិក្សារៀនសូត្រនូវការសម្តែងសិល្បៈរបាំខ្មែរពីនាដកាអាជីពល្បីៗផងដែរ ទើបពេលនេះទ្រង់អាចសម្តែងបានយ៉ាងល្អឥតខ្ចោះស័ក្តសមនឹងទម្រង់មុខកាយវិការល្វតល្វន់គួរឱ្យសរសើរខ្លាំងមែនទែន។
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូនៃការសម្តែងរបស់ព្រះនាងតូច នរោត្តម ជេនណា ដូចខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក