ជីវិតរៀបការ មិនមែនជារឿងងាយស្រួលដូចយើងគិតទេ មានរឿងជាច្រើនដែលត្រូវគិត មានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ ពិសេសគឺគិតគូពីការងារ ការរកស៊ី និងគិតគូពីអនាគតប្តីប្រពន្ធ និងកូនៗទៀតផង។ តែសម័យនេះបញ្ហាប្រេះឆានៅក្នុងជីវិតប្តីប្រពន្ធក៏មានច្រើនដែរ តែអ្នកខ្លះក៏អាចដោះស្រាយបាន តែបញ្ហាខ្លះក៏ធំ រហូតកើតកវណីលែងលះគ្នាក៏កើតមានសឹងរាល់ថ្ងៃ ។
ដូច្នេះថ្ងៃនេះមកដឹងពីរឿង៨យ៉ាង ដែលជីវិតប្តីប្រពន្ធគង់នឹងលែងលះគ្នាព្រោះតែរឿង៨យ៉ាងនេះ ៖
១. ឈ្លោះគ្នានៅក្នុងរឿងដដែលៗ
នៅពេលដែលជីវិតប្តីប្រពន្ធរបស់អ្នកចេះតែមានបញ្ហា ឬប្រកែកគ្នាតែរឿងដដែលៗដោយគ្មានបញ្ហាដោះស្រាយបាននោះ ហើយម្នាក់ៗហាក់បីដូចជាចេះតែឈ្លោះប្រកែកយកត្រូវរៀងៗខ្លួន គ្មានអ្នកណាអន់នោះ បានន័យថាជីវិតអាពាហ៍ពិពាហ៍របស់អ្នកមានបញ្ហាទៅមុខមុនរួចហើយ។ ធម្មតាបើអ្នកពិតជាស្រលាញ់គ្នាពិតត្រូវការគ្នាពិត និងចង់រក្សាគ្នាពិតអ្នកពិតជារួមគ្នាដោះស្រាយបញ្ហានេះ មិនមែនទុកឱ្យវាកើតឡើងដដែលៗ នាំរឿងតឹងសរសៃកដាក់គ្នារហូតនោះទេ។
២. មានអារម្មណ៍ថាខ្លួនឯងអន់ ត្រូវគេជិះជាន់មើលងាយ
ធម្មតាជីវិតប្តីប្រពន្ធ តែងតែមានរឿងធំតូចដាក់គ្នាចៀសមិនផុត សំខាន់គឺភាពអំណត់ អាណិតស្រលាញ់ និងអត់ឱនគ្នាឱ្យបានច្រើន។ តែក្នុងករណីអ្នកយល់ថាការរស់នៅជាមួយគ្នា អ្នកតែងតែត្រូវបានភាគីខាងប្តី ឬប្រពន្ធ តែងតែមាក់ងាយ មើលងាយមើលថោក រិះគន់ ជិះជាន់មិនឱ្យតម្លៃ ធ្វើឱ្យអ្នកបាត់បង់តម្លៃ និងមើលទៅខ្លួនឯងអន់ក្នុងភ្នែកមនុស្សដទៃនោះ ជីវិតរៀបការនេះវាក៏គ្មានន័យទៀតដែរ។
៣. គ្មានទំនុកចិត្តចំពោះគ្នា
ប្តីប្រពន្ធ តែមានឈ្មោះបែបនេះហើយអ្នកទាំង២ ហាក់បីដូចជាជីវិត២រូបតែ១ ពោលជាមនុស្សដែលយើងស្រលាញ់ និងមនុស្សដែលជិតស្និទ្ធនឹងយើងបំផុត។ តែក្នុងពេលដែលអ្នកទាំង២ លែងជឿទុកចិត្តលើគ្នា ចេះតែសង្ស័យគ្នា មានរឿងមិនប្រាប់គ្នា តែពេលប្រាប់ហើយបែរជាមានអារម្មណ៍ថាសោកស្តាយ ឬខលបំណង ពិសេសមានរឿងអ្វីតែងតែលាក់លៀមមិនពិភាក្សាគ្នារហូតនោះ ជីវិតរៀបការរបស់អ្នកហាក់មិនទៅមុខឡើយ។
៤. យកកូនជាធំ ឬអ្នកដទៃសំខាន់ខ្លាំងពេក
អ្នកដឹងទេ ជីវិតប្តីប្រពន្ធគួរតែមានពេលវេលាឱ្យគ្នាខ្លះទោះបីជារវល់យ៉ាងណាក្តី តែប្តី ឬប្រពន្ធខ្លះ ដោយសារតែយកគ្រួសារ មិត្តភក្តិ និងអ្នកដទៃ សំខាន់ខ្លាំងពេក បានធ្វើឱ្យជីវិតប្តីប្រពន្ធបាត់បង់ភាពជិតស្និទ្ធ ផ្អែមល្ហែម ហើយពេលខ្លះថែមទាំងត្រូវអ្នកដទៃអុចអាលចាក់រុករហូតប្តីប្រពន្ធប្រេះឆាគ្នាទៀត។
មួយវិញទៀត ប្តី ឬប្រពន្ធខ្លះ ពេលមានកូន ហាក់ស្រលាញ់កូនជ្រុលខ្លាំងពេក ដែលកូនទោះបីជាត្រូវស្រលាញ់ខ្លាំងតែមិនមែនស្រលាញ់រហូតដល់ទុកប្តី ឬប្រពន្ធខ្លួនឯងចោលមិនរវីរវល់ដែរ។ ការធ្វើបែបនេះអាចធ្វើឱ្យភាគីម្ខាងមានអារម្មណ៍ថាឈឺចាប់ អន់ចិត្ត ហើយគិតថាប្តី ឬប្រពន្ធខ្លួនរៀបការនឹងខ្លួន ដោយសារតែចង់បានកូនប្រើតែប៉ុណ្ណោះ។
៥.មិនពេញចិត្តនឹងក្រុមគ្រួសារ ឬមិត្តភក្តិ ប្តី/ប្រពន្ធខ្លួន
គេថាការរៀបការមិនមែនជារឿង២នាក់ទេ នោះគឺជារឿងរបស់២គ្រួសារ ព្រោះតែបែបនេះហើយបានជាគូស្នេហ៍ខ្លះបែកបាក់គ្នាព្រោះតែបញ្ហាគ្រួសារតែម្តង។ ហេតុនេះហើយជីវិតក្រោយពេលរៀបការ ប្រសិនជាភាគីខាងប្តី ឬប្រពន្ធ សុខៗស្រាប់តែមិនពេញចិត្តនឹងគ្រួសារសាច់ថ្លៃ ឬមិត្តខាងប្តី/ប្រពន្ធខ្លួនហើយ ជីវិតប្តីប្រពន្ធអាចនឹងជួបបញ្ហាប្រេះឆាជាមិនខាន។ ពិសេសប្តីប្រពន្ធអាចនឹងមានបញ្ហាឈ្លោះប្រកែកគ្នា ព្រោះតែរឿងអ្នកដទៃ។ បើរស់នៅឆ្ងាយពីសាច់ញាតិមិនសូវជាមានបញ្ហាទេតែ បើដឹងថាប្តី ឬប្រពន្ធយើងមិនពេញចិត្តក្រុមគ្រួសារយើង ហើយចេះតែមានបញ្ហាមើលមុខគ្នាមិនចំព្រឹកល្ងាចហើយ មិនយូរមិនឆាប់ជីវិតប្តីប្រពន្ធអ្នកនឹងបែកបាក់។
៦. មានបញ្ហារឿងលើគ្រែ
អ្នកណាថាជីវិតប្តីប្រពន្ធសំខាន់តែរឿងការយល់ចិត្ត និងអត្តចរិតអាចរស់នៅជាមួយគ្នាបាននោះ សូម្បីតែកត្តាផ្លូវភេទ រឿងលើគ្រែក៏ជះឥទ្ធិពលលើជីវិតប្តីប្រពន្ធដែរ។ ក្នុងករណីប្តី ឬប្រពន្ធអ្នកមិនសូវជាពូកែផ្គាប់ផ្គន់រឿងលើគ្រែ ពិសេសមិនសូវផ្តល់តម្រូវការលើគ្រែបានញឹកញាប់តាមតម្រូវការទេ ជីវិតប្តីប្រពន្ធនឹងមានតែភាពល្អក់កករ យូរៗទៅនឹងធ្វើឱ្យជិនណាយគ្នា រហូតស្វែងរកដៃគូក្រៅផ្ទះ ថែមប្រឈមមុខនឹងការលែងលះគ្នាមិនខាន។
៧. បាត់បង់ក្តីស្រលាញ់ និងភាពជិតស្និទ្ធ
នេះជាកត្តាចម្បងមួយដែលនាំឱ្យជីវិតរៀបការបែកបាក់ នោះគឺការបាត់បង់ក្តីស្រលាញ់ និងលែងមានភាពជិតស្និទ្ធដូចមុន។ ធម្មតាបើមានចិត្តស្រលាញ់គ្នា អ្នកទាំង២គង់តែប្រើប្រាស់គ្រប់វិធីដើម្បីរស់នៅជាមួយគ្នា និងរក្សាគ្នាទុក។ ហើយប្រសិនជាអ្នកនៅតែស្រលាញ់គ្នា ស្និទ្ធស្នាលគ្នាបាត់មុខគ្នាមិនបាននោះ អ្នកនឹងមិនអាចបាត់មុខគ្នាបានទេ គឺជិវិតខ្វះគ្នាមិនបាន។ តែក្នុងពេលដែលបាត់បង់ក្តីស្រលាញ់ និងភាពស្និទ្ធស្នាលហើយ វាក៏ដល់ពេលដែលជីវិតរៀបការនេះត្រូវបានបញ្ចប់ដូចគ្នា។
៨. មិនចេះអត់ឱន ឬសុំទោសគ្នា
ជីវិតរៀបការនេះប្រេះឆា ប្រសិនជារាល់ពេលមានបញ្ហា ឬមានរឿងឈ្លោះប្រកែកគ្នា អ្នកទាំង២ចេះតែបញ្ចប់រឿងដោយការតឹងសសៃកដាក់គ្នា ជះកំហឹងដាក់គ្នា និងការមិននិយាយរកគ្នាអស់រយៈពេលជាច្រើនថ្ងៃ ឬចូលគេងទាំងកំហឹងក្នុងខ្លួន។ ដឹងទេមិនថាជីវិតគូ ឬប្តីប្រពន្ធ ការចេះអត់ឱបឱ្យគ្នា និងអភ័យទោសដាក់គ្នាជារឿងសំខាន់ណាស់ ពោលម្នាក់ៗត្រូវតែចេះលើកដាក់ ចេះអន់រៀងៗខ្លួន ចេះចាញ់គ្នា និងចេះសុំទោសគ្នាទៅវិញទៅមកទើបជាការល្អ។ តែមិនមែនជារឿងដែលត្រូវអនុវត្តតែម្ខាងទេ ពោលបើម្ខាងខ្លាំងម្ខាងទៀតអន់ទៅ ជីវិតប្តីប្រពន្ធនឹងគ្មានរឿងធំដុំទេ។ តែបើនៅតែមានបញ្ហាបែបនេះ គឺជាពេលដែលត្រុវលែងលះហើយ៕
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក