តារាសម្តែងល្បីឈ្មោះក្នុងវិស័យសិល្បៈ កញ្ញា ស៊ីន យូប៊ីន ត្រូវគេស្គាល់ថាមិនត្រឹមតែមានទេពកោសល្យនៅក្នុងសិល្បៈ តែកញ្ញា ក៏មានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញ ដោយបានក្លាយជាម្ចាស់ប្រេននាំយកភេសជ្ជៈលំដាប់ Premium Fire Tiger មកកាន់ប្រទេសកម្ពុជា ហើយភេសជ្ជៈតែគុជនេះ ថែមទាំងកំពុងតែល្បីល្បាញខ្លាំង និងមានអតិថិជនភ្លូកទឹកភ្លូកដីតម្រង់ជួររង់ចាំទិញ ដោយលាន់មាត់ថាមានរសជាតិឆ្ងាញ់ប្លែកជាប់មាត់គ្រប់ៗគ្នាទៀតផង។
ជាក់ស្តែង ដ្បិតតែកញ្ញា ស៊ីន យូប៊ីន មានការមមាញឹកទាំងក្នុងការងារសម្តែង និងគ្រប់គ្រងអាជីវកម្មផ្ទាល់ខ្លួនក៏ពិតមែន តែជារឿយៗតារាស្រីដែលល្បីថាពូកែធ្វើបុណ្យ និងផ្តល់ជំនួយសប្បុរសធម៌លាក់មុខរូបនេះ មិនបំភ្លេចនឹងការងារជួយក្នុងសង្គមនោះឡើយ។ ហើយកាន់តែភ្ញាក់ផ្អើលនោះ ក្នុងអំឡុងពេលប្រទេសកម្ពុជាកំពុងជួបទុក្ខធំ តារាស្រីល្បីមួយដួងនេះ រួមជាមួយក្រុមហ៊ុន Fire Tiger Cambodia ស្រាប់តែបានចូលរួមបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះធម្មជាតិ ដើម្បីជួយសម្រួលដល់សុខទុក្ខដល់ប្រជាជនខ្មែរទាំងអស់ នេះបើយោងតាមរយៈរបាយការណ៍នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
គួរឱ្យដឹងផងដែរថា ការផ្តល់ជំនួយដ៏ច្រើនរបស់កញ្ញា ស៊ីន យូប៊ីន និងក្រុមថ្នាក់ដឹកនាំភេសជ្ជៈ Fire Tiger Cambodia ត្រូវបានមហាជនមើលឃើញក្រោយប្រកាសរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃបញ្ជីសប្បុរសជនដែលចូលរួមឧបត្ថម្ភថវិកាជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែប៉ុណ្ណោះ ដោយកញ្ញាមិនបានបង្ហោះ ឬផ្សព្វផ្សាយដោយផ្ទាល់នោះឡើយ រហូតដល់មហាជន និងអ្នកគាំទ្របានលាន់មាត់កោតសរសើរថាកញ្ញាជាខ្លាំងថា គឺជាតារាដែលចូលចិត្តផ្តល់ជំនួយដោយស្មោះ និងមិនដែលនឹងចង់បានមុខមាត់នោះទេ៕
អត្ថបទ៖ ក្នុងស្រុក
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក