ដូចយើងដឹងហើយថា ផ្សារទំនើបអេអនម៉ល គឺជាផ្សារទំនើបស្តង់ដាជប៉ុន ដែលជាផ្សារធំមួយបណ្តុំដោយហាងទំនិញចម្រុះ ហាងលក់សំលៀកបំពាក់ ហាងលក់សម្ភារៈប្រើប្រាស់ ភោជនីយដ្ឋាន រោងភាពយន្ត និងសេវាកម្មផ្សេងៗ ជាច្រើនទៀតដែលទទួលបានការគាំទ្រជាខ្លាំងពីប្រជាជនខ្មែរ ក្រោយពីបើកដំណើរការបាន ២សាខាកន្លងមក។
ហើយកាលពីមួយរយៈមុននេះ ក៏លេចលឺដំណឹងថា ផ្លូវទំនើបអេអនម៉លសាខាទី៣ កំពុងតែរៀបនឹងដំណើរការសាងសង់ហើយ ដែលស្ថិតនៅស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (តាមដងវិថី៦០ម៉ែត្រតែម្តង)។ ហើយនៅព្រឹកថ្ងៃទី០៧ តុលា ឆ្នាំ២០២០ នេះការដ្ឋាន ផ្សារទំនើប អ៉ីអនម៉លគម្រោង ទី៣ បានបើកសម្ពោធការដ្ឋានជាផ្លូវការហើយ ក្រោមការអញ្ជើញចូលរួមពី ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដោយការដ្ឋាន ផ្សារទំនើប អ៉ីអនម៉លគម្រោង ទី៣នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងដាក់ឈ្មោះថា «ផ្សារទំនើប អ៉ីអនម៉លមានជ័យ» ។
ដោយគម្រោងផ្សារទំនើបអ៉ីអនម៉លទី៣ ដែលទើបតែបើកការដ្ឋានសាងសង់នេះ គ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ ជាទីតាំងស្ថិតនៅក្នុងគម្រោង INC CITY ដែលជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គម្រោងផ្សារទំនើបនេះមានទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ៕