ថ្មីៗនេះសណ្ឋាគារមួយកន្លែងមានឈ្មោះថា Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ បានធ្វើឱ្យប្រជាជនខ្មែរជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ព្រោះតែសណ្ឋាគារមួយនេះមានការយករចនាបថប្រាសាទខ្មែរតុបតែងរចនាសណ្ឋាគារ និងបន្ទប់សណ្ឋាគាររបស់ខ្លួន ហើយប្រជាជនខ្មែរជាច្រើនបានចោទប្រកាន់ថាជនជាតិថៃគឺជាចោរទៀតផង។
តែយ៉ាងណាតាមរយៈគណនីហ្វេសប៊ុក Sokmean Alexandra បានចេញមកបកស្រាយថា៖ «ហេតុអីចាំបាច់ប្រើពាក្យ "ចោរ" ខណៈដែលគេសរសេរ overview និង Room types ជាផ្លូវការសុទ្ធតែបញ្ជាក់ថា "Cambodia" និង "The Khmer Empire"??? តើម្នាក់ៗបានចូលមើលគេហទំព័ររបស់សណ្ឋាគារនេះឬនៅ? ប្រសិនបើជាប្រទេសផ្សេងធ្វើវាឡើង ទោះបីបានសុំ ឬ មិនបានសុំសិទ្ធិពីក្រសួងពាក់ព័ន្ធ ក៏យើងនៅតែសាទរ មុខជាបង្ហោះថា "ចែករំលែកឲ្យកូនខ្មែរបានដឹង មោទនភាពជាតិដែលបរទេសយកប្រាសាទអង្គរវត្តខ្មែរ...." ។
តែក្នុងករណីជាប្រទេសជិតខាង ថៃ ឬ វៀតណាម យើងបែរជាខឹងសម្បារទៅវិញ ចូលលក្ខណៈ Racism ។ បើគិតតាមផ្លូវវិជ្ជមាន យើងគួរមានមោទនភាពដែលបរទេសមិនថាជាតិសាសន៍ណាទេបានយកប្រាសាទយើងទៅបង្អួតពិភពលោក ហាក់ដូចជាជួយផ្សាយពាណិជ្ជកម្មទេសចរណ៍ដល់យើងដោយប្រយោល ។ សណ្ឋាគារបែបនេះមានភ្ញៀវគោលដៅជាជនបរទេស ដែលជាធម្មតាពួកគាត់មានចំណេះដឹងគ្រប់គ្រាន់ហើយចេះឆែក Google មើល ហើយថាប្រាសាទទាំងនេះជារបស់ប្រទេសណា មិនបាច់ភ័យខ្លាចពិភពលោកយល់ច្រឡំថាជារបស់ថៃនោះទេ ។
បើយើងស្អប់ខ្ពើមការសង់រូបសំណាកចម្លងតាមស្ថាបត្យកម្មពិភពលោកល្បីៗ យើងប្រហែលត្រូវស្អប់ខ្លួនឯងដែរហើយ ព្រោះនៅក្នុងប្រទេសយើងសព្វថ្ងៃក៏មានការចម្លងរូប London Tower Clock របស់អង់គ្លេស, Opera House របស់អូស្រ្តាលី, Eiffel Tower របស់បារាំង និង ខ្លោងទ្វារ Heaven Gate របស់កោះបាលី ឥណ្ឌូនេស៊ី ដែរ ដែលម្នាក់ៗពេញចិត្តនឹងទៅថតរូបលេងកម្សាន្ត ថតទាំង Pre-wedding ទៀត ទាញចំណូលចូលហោប៉ៅទាំងដែលមិនមែនជាស្ថាបត្យកម្មប្រទេសខ្លួនផង។ តើសរុបមកយើងស្អប់ concept រូបសំណាកអគារចម្លង (building replica) បែបនេះ ឬ គ្រាន់តែស្អប់ជាតិសាសន៍ហ្នឹង?
មានជនបរទេសម្នាក់បានអះអាងថា ម្ចាស់សណ្ឋាគារនេះជាជនជាតិខ្មែរ (មើលរូបចុងក្រោយ) ។ បើពិតដូចនេះ យើងមិនវាយប្រហារគ្នាឯងដែលចង់លើកស្ទួយស្ថាបត្យកម្មជាតិ មិនខុសអីពីយើងច្រឡំខ្មែរសុរិន្ទថាជាថៃជេរគ្នាទីណាត់ទីណែងទៅហើយ?»។
យ៉ាងណាមិញ រហូតដល់ថ្ងៃនេះ តាមរយៈសារព័ត៌មានបាងកកប៉ុស្ត ចេញផ្សាយថ្ងៃចន្ទ ទី ៥ តុលា ២០២០ បានឱ្យដឹងថាបន្ទាប់ពីមានការរិះគន់យ៉ាងច្រើនចំពោះការយករចនាបទខ្មែរទៅប្រើដោយសណ្ឋាគារនេះ ថ្នាក់ដឹកនាំសណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃបានធ្វើការសូមទោសប្រជាជនខ្មែរហើយដែលបានយករូបចម្លាក់ប្រាសាទខ្មែរមកដាក់លម្អនៅក្នុងទីកន្លែងរបស់ខ្លួន ដោយបញ្ជាក់ថាខ្លួនគ្រាន់តែចង់បង្ហាញពីភាពថ្កុំថ្កើងនៃអារ្យធម៌ខ្មែរតែប៉ុណ្ណោះ ។
គួរឱ្យដឹងផងដែរថា ការពិតទៅម្ចាស់សណ្ឋាគារ Le Palais Hotel នៅលើកោះ Phangan ប្រទេសថៃ នេះ គឺជាប្តីប្រពន្ធសញ្ជាតិខ្មែរយើង៕
ប្រភព៖ Bangkokpost