ពេលមនុស្សប្រុសហត់ហើយ តើឱ្យគាត់ទៅផ្អែកលើស្មាអ្នកណា?
មើលអត្ថបទជាច្រើនសុទ្ធតែនិយាយថា មនុស្សស្រីយកមកគឺដើម្បីស្រឡាញ់ តាមពិតមនុស្សប្រុសក៏យកមកដើម្បីស្រឡាញ់ថ្នាក់ថ្នមដែរ។
ការរស់នៅក្នុងសង្គមបច្ចប្បុន្ននេះ ពួកយើងម្នាក់ៗគឺមិនងាយស្រួលទេ ជាពិសេសមនុស្សប្រុស គឺមានការហត់នឿយជាងមនុស្សស្រី មិនថាខ្លួនប្រាណហត់នឿយទេ ឯចិត្តគឺរឹតតែហត់នឿយថែមទៀត ...។
អក្សរ (田=ស្រែ) ថែមអក្សរ (力=កម្លាំង) រួមបញ្ចូលគ្នា បានជាអក្សរ (男=ប្រុស)
男人 (មនុស្សប្រុស) = 难人(មនុស្សពិបាក){សូរដូច}
女子មនុស្សស្រីឬ (女=ស្រី) បើយក(女+子)រួមបញ្ចូលគ្នាបានជាអក្សរ (好 =ល្អ)
女人(មនុស្សស្រី) គឺ好人ជា(មនុស្សល្អ)
មនុស្សប្រុសគឺយកកម្លាំង និងការអត់ធ្មត់មកប្រែកាយ ហើយការទទួលខុសត្រូវ និងភារៈកិច្ចគឺជាអត្ថន័យរបស់មនុស្សប្រុស ដូច្នេះតាំងពីពេលចាប់កំណើតមក មនុស្សប្រុសក៏ត្រូវបានគេបំពាក់សម្ពាយត្រូវតែធ្វើជាវីរៈបុរសដែលអាចយកដៃទ្រមេឃជីងជាន់លើដីបាន ត្រូវតែមានភារៈទទួលរាប់រងក្នុងសង្គមមួយនេះ ទោះជាមានទឹកភ្នែកក៏មិនត្រូវបញ្ចេញដោយងាយៗដែរ។
នៅពេលដែលចម្រើនវ័យធំធាត់ហើយ មនុស្សប្រុសត្រូវតែខំតស៊ូព្យាយាមរកលុយដើម្បីទៅដណ្តឹងប្រពន្ធ មនុស្សស្រីរង់ចាំតែគេចូលស្តីដណ្តឹងប៉ុណ្ណោះទៅបានហើយ។ ចំណែកមនុស្សប្រុសវិញ ប្រសិនបើរកបាននារីដែលមានសមត្ថភាពជាងខ្លួនឯងវិញ គេនឹងយល់ថាអ្នកជាមនុស្សអត់បានការ ។
តើពាក្យទាំងអស់នេះមិនមែនជាពាក្យកំពុងពេញនិយមទេឬ?
មួយជីវិតមនុស្សប្រុសគឺលំបាកខ្លាំងណស់ រកបាននារីស្អាត ខ្វល់ចិត្ត រកបាននារីមិនស្អាត មិនសុខចិត្ត។
គិតតែពីការងារពេក គេថាអ្នកគ្មានភាពទទួលខុសត្រូវ។ យកចិត្តទុកដាក់ផ្ទះសម្បែងពេកគេថាអ្នកគ្មានសមត្ថភាព។ មានលុយពេក គេថាអ្នកខូច អត់មានលុយ គេថាអ្នកចោលម្សៀត។
មនុស្សស្រីនៅក្រៅទោះហត់នឿយយ៉ាងណា ក៏នៅតែសង្ឃឹមថាអាចផ្អែកស្មារបស់មនុស្សប្រុសដែលខ្លួនស្រឡាញ់បានបន្តិច តែមនុស្សប្រុស បើហត់ហើយនោះ តើអាចសម្រាកនៅលើស្មាអ្នកណាបាន? ធ្លាប់បានឮពាក្យមួយគេនិយាយថា ៖" របស់ដែលអាចកែប្រែមនុស្សប្រុសបាន ក្នុងនោះ 《ស្រា》គឺមានប្រសិទ្ធភាពខ្លាំងជាងគេ> បន្ទាប់មកគឺ《មនុស្សស្រី》 > បន្ទាប់មកទៀតគឺ《អំណាច》 > ចុងក្រោយគេគឺ 《ហេតុផលពិត》"។ ទោះស្តាប់មើលទៅដូចហួសហេតុមែន តែការពិតគឺអាចបញ្ជាក់បានថា 《ស្រា》ពិតជាអាចកែប្រែជីវិតរបស់មនុស្សប្រុសបានមែន មនុស្សប្រុសចៀសមិនផុតពីការទំនាក់ទំនងក្នុងសង្គម រឹតតែគេចមិនផុតពីរឿងស៊ីផឹក។ ដល់ពេលផឹកស្រវឹងហើយ ហត់ហើយក៏ត្រឡប់ទៅផ្ទះវិញ ប្រសិនបើអ្នកផ្ទះជាមនុស្សស្រីដែលចេះយល់ការរាក់ជ្រៅ ចេះអធ្យាស្រ័យវាជារឿងប្រសើរហើយ តែបើផ្ទុយទៅវិញ នោះប្រៀបបាននឹងឆ្កែឆ្មាខាំគ្នានៅមិនសុខឡើយ។ នៅក្រៅហត់ហើយ មកដល់ផ្ទះ នៅតែមិនបានសុខស្រួលទៀត តើវាហត់នឿយយ៉ាងណាទៅ?
មនុស្សប្រុសទទួលរងទុក្ខនៅខាក្រៅ មានតែខំលេបចូលក្នុងពោះ ត្រឡប់មកដល់ផ្ទះនៅខំសម្តែងទឹកមុខស្រស់ញញឹមព្រោះតែមិនចង់ឱ្យអ្នកផ្ទះបារម្ភ។ បើមនុស្សស្រីនៅខាងក្រៅរងទុក្ខវិញ មកដល់ផ្ទះអាចយំក្នុងដើមទ្រូងប្តីអាចរៀបរាប់ឱ្យប្តីស្តាប់ ហើយអាចង៉ក់ងរដាក់ប្តីបានទៀត ប្តីត្រូវតែខំរកវិធីលួងលោមនាង។
មនុស្សស្រីអាចដើរនិយាយរឿងទុក្ខសោករបស់ខ្លួនប្រាប់គេឯងម្តងហើយម្តងទៀតមិនឈប់ យ៉ាងច្រើនអ្នកជុំវិញខ្លួនបានត្រឹមតែធុញទ្រាន់ប៉ុណ្ណោះ គ្មានអ្នកណាថាឱ្យនាងទន់ជ្រាយអត់បានការឡើយ។
យើងតែងប្រៀបប្រដូចមនុស្សប្រុសទៅនឹងសសរគ្រឹះដ៏រឹងមាំ ហើយនៅក្នុងជីវិតរស់នៅពិតប្រាកដ មនុស្សប្រុសតែងតែដើរជាតួសម្តែងបែបនេះ នៅពីលើគាត់គឺភាពកត្តញ្ញូ និងមើលថែឪពុកម្តាយ នៅពីក្រោមគាត់ គឺចិញ្ចឹមបីបាច់កូនប្រុសស្រី ហើយនឹងត្រូវធ្វើជាកន្លែងដែលអាចបាំងខ្យល់បាំងភ្លៀងឱ្យប្រពន្ធបាន។ ចំពោះមនុស្សស្រី ស្មារបស់មនុស្សប្រុសគឺជាបង្អែកដ៏កក់ក្តៅ គឺជាការពឹងផ្អែក គឺជាបង្គោលទប់លំនឹងពេលមនុស្សស្រីទន់ខ្សោយ។
មនុស្សប្រុសគឺជាចំណតបាំងភ្យុះភ្លៀងផ្គររន្ទះ បន្ទុកមួយគ្រួសារទាំងតូចទាំងធំត្រូវធ្លាក់លើខ្លួនមនុស្សប្រុសទៅហើយ តើប្រុសៗទាំងឡាយដែលមានពាក្យរអ៊ូមួយម៉ាត់ទេ? តាមពិតមានពេលខ្លះ មនុស្សប្រុសក៏ចេះទន់ខ្សោយដែរ ក៏ត្រូវការការថ្នាក់ថ្នមពីមនុស្សស្រីដែរ មានពេលជាច្រើនដែលមនុស្សជួបបញ្ហាផ្លូវចិត្តហត់នឿយក៏សង្ឃឹមថាបានផ្អែកលើស្មារបស់មនុស្សស្រីដែលខ្លួនស្រឡាញ់។ ប៉ុន្តែគាត់នៅតែជ្រើសរើសធ្វើជាមិនមានអ្វីកើតឡើង ធ្វើពុតជារឹងមាំមិនទន់ជ្រាយ ហើយរែកបញ្ហាតែម្នាក់ឯង។ សម័យនេះ ជាជាសម័យប្រកួតប្រជែងចំណេះដឹង និងសមត្ថភាព ការងារខាងក្រៅក៏មានការប្រកួតប្រជែងខ្លាំង សម្ពាតការងារក៏កាន់តែខ្លាំង ហើយត្រូវធ្វើជាបុរសខ្លាំងទាំងក្រៅទាំងក្នុងទៀត ! សម្ពាធអារម្មណ៍ធ្ងន់ធ្ងរមួយនេះ មនុស្សស្រីម៉េចនឹងអាចដឹងបានទៅ?ហើយមានប៉ុន្មាននាក់ដែលអាចយល់នោះ?
រឿងតែមួយដែលមនុស្សស្រីអាចធ្វើបាននោះគឺ សូមផ្តល់ការគាំទ្រ លើកទឹកចិត្ត យោគយល់ ផ្តល់ពេលវេលាសម្រាប់ពួកគាត់ឱ្យបានច្រើន!
តាមពិតទៅសំណូពររបស់មនុស្សប្រុសចំពោះនារីដែលខ្លួនស្រឡាញ់គឺមិនខ្ពស់ទេ ឱ្យតែអ្នកផ្តល់ភាពទន់ភ្លន់ យកចិត្តទុកដាក់ចំពោះគាត់ យល់ដល់ចិត្តគាត់ ដឹងពីការលំបាករបស់គាត់ អ៊ីចឹងទើបគាត់មានអារម្មណ៍ទោះជាខ្លួនពិបាកយ៉ាងណា! ហត់នឿយយ៉ាងណាក៏មានតម្លៃដែរ! ហើយចិត្តគាត់នឹងមានសុភមង្គលគ្មានអ្វីផ្ទឹម។
ដូច្នេះត្រូវចេះធ្វើល្អដាក់មនុស្សប្រុសខ្លួនឯង ធ្វើជាទីប្រឹក្សារបស់គាត់ ធ្វើឱ្យគាត់យល់ថាពេលនៅចំពោះមុខអ្នកគាត់គឺជាខ្លួនគាត់ពិតប្រាកដ គាត់មិនចាំបាច់ខំលាក់បាំងភាពទន់ខ្សោយរបស់គាត់ឡើយ គាត់អាចចែករំលែកទុក្ខសោក រឿងក្នុងចិត្តរបស់គាត់ប្រាប់អ្នក អាចផ្អែកស្មារបស់អ្នកហើយគេងលក់យ៉ាងស្រួល។
មនុស្សប្រុសពិតជាហត់នឿយពេកហើយ អម្រែកគ្រួសារ ការប្រកួតប្រជែងការងារ សង្ឃឹមថាមនុស្សស្រីទាំងឡាយអាចធ្វើល្អ យល់អធ្យាស្រ័យ និងថ្នាក់ថ្នមមនុស្សប្រុសរបស់អ្នកឱ្យបានល្អផងចុះ នៅពេលដែលអ្នកដឹងថាគាត់ហត់នឿយហើយ ចូរលាដៃរបស់អ្នកឱ្យគាត់បានផ្អែកស្មាដ៏តូចរបស់អ្នកផង!!!៕
Credit to 亲亲小山城.大山脚
បកប្រែ សុខ គឹមទៀវ 👸 10 04 2017