កុំខឹងគេ កុំបន្ទោសគេ យើងខ្លួនឯងទេដែលឆ្កួតទៅស្រឡាញ់គេ ហើយនៅតែល្ងង់ក្នុងការរង់ចាំគេត្រឡប់មកវិញ

តាមពិតទៅ គេមិនដែលបង្ខំយើងឱ្យទៅស្រឡាញ់គេទេ ក៏រឹតតែមិនដែលទាមទារឱ្យយើងនៅរង់ចាំគេ យើងខ្លួនឯងទេ ដែលនៅតែចចេសរឹងរូស រឹងក្បាល នៅតែស្រឡាញ់ នៅតែព្យាយាមរង់ចាំគេ យើងខ្លួនឯងទេដែលនៅតែសង្ឃឹមថា ថ្ងៃណាមួយគេនឹងយល់ពីចិត្តយើង យើងនៅតែជឿជាក់ថា គេប្រាកដជាត្រឡប់មករកយើងវិញ យើងផ្ដល់ក្ដីសង្ឃឹមក្លែងក្លាយឱ្យខ្លួនឯង យើងទេដែលជាអ្នកខុស ដែលនៅតែគិត នៅតែផ្ដល់ក្ដីសង្ឃឹម ក្នុងភាពមិនមានសង្ឃឹម និងស្រពិចស្រពិលឱ្យដល់ខ្លួនឯងនោះ។

0e0c5712a14eb50756470a61058268cf

វាប្រហែលជាដល់ពេលហើយ ឈប់សង្ឃឹមនឹងស្នេហាដែលមិនអាចទៅរួច ឈប់រង់ចាំជាមួយនឹងរឿងដែលមិនអាចកើតឡើង បើសិនជាគេមើលឃើញយើងមែន គេនឹងទទួលយកយើងតាំងពីដំបូងហើយ បើសិនជាគេពិតជាមានចិត្តស្រឡាញ់ មើលឃើញពីតម្លៃរបស់យើងពិតមែននោះ គេប្រាកដជាមិនចាកចេញពីយើងនោះឡើយ កុំឃាត់មនុស្សដែលមិនចង់ទៅ កុំហៅមនុស្សដែលមិនចង់ត្រឡប់ កុំចង់ស្ដាររឿងដែលចប់ទៅហើយ ទោះយ៉ាងណាក៏ដោយ ក៏វាមិនអាចដូចដើមបានដែរ ...។ ការដែលយើងព្យាយាមគិត សង្ឃឹម និងរង់ចាំតែម្ខាង វាគឺជាការបង្កើតនូវការចងចាំដ៏ឈឺចាប់ និងភាពខកចិត្តឱ្យខ្លួនឯងតែប៉ុណ្ណោះ។

68982f06af43287856f471512b958b77

នៅមានរឿងជាច្រើនដែលកំពុងតែរង់ចាំយើងនៅខាងមុខ ដូច្នេះ គួរតែទុកចោលរឿងដែលធ្វើឱ្យយើងឈឺចាប់ទាំងឡាយ ឱ្យនៅដាច់ដោយឡែកសិនទៅ ទុកវាចោលនៅចំណុចអតីតកាលនេះហើយ កុំព្យាយាមឱបក្រសោបវាទៀតអី កុំធ្វើឱ្យខ្លួនឯងត្រូវខកខានជាមួយនឹងឱកាសល្អៗដែលបានជួបនឹងមនុស្សល្អៗ កុំធ្វើឱ្យខ្លួនឯងបាតបង់ឱកាសក្នុងការចាប់ផ្ដើមជីវិតជាថ្មីអី ពេលនេះ យើងត្រូវធ្វើអ្វីដែលគួរគប្បីនឹងខ្លួនឯង កុំត្រាំត្រែងជាមួយនឹងបញ្ហា និងមនុស្សដែលមិនដែលនឹងចង់ចាប់ផ្ដើមជាមួយយើងនោះ៕

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ