ធម្មតាមនុស្សស្រលាញ់គ្នា តែងតែចង់ធ្វើអ្វីច្រើន មិនថាតែការលះបង់ ចិត្តស្មោះ និងក្តីស្រលាញ់ចំពោះមនុស្សដែលខ្លួនស្រលាញ់ វាមិនមែនជារឿងចម្លែកនោះទេ។ តែអ្នកខ្លះវិញ ព្រោះតែក្តីស្រលាញ់ខ្លាំងហួសប្រមាណ បានធ្វើរឿងគ្រប់យ៉ាងដើម្បីមនុស្សដែលខ្លួនស្រលាញ់ រហូតលើសលស់ភ្លេចស្រលាញ់ខ្លួនឯង ធ្វើឱ្យបាត់បង់ក្តីសុខ និងធ្វើរឿងខុសឆ្គងដោយមិនដឹងខ្លួន។
ដូច្នេះមកដឹងរឿង៥យ៉ាង ដែលអ្នកមិនគួរធ្វើ ទោះបីជាស្រលាញ់គេខ្លាំងបែបណាក៏ដោយ ដែលរួមមានដូចជា ៖
១.បន្ទាបតម្លៃខ្លួនឯង
ស្រឡាញ់អ្នកណាម្នាក់ខ្លាំងពេក អាចធ្វើឲ្យអ្នកងប់ងុលខ្លាំង ហើយលែងខ្វល់ពីខ្លួនឯង។ ពេលខ្លះដើម្បីតែមនុស្សម្នាក់នោះ អ្នកអាចធ្វើរឿងឆ្កួតឡប់ ជាច្រើន ដោយលែងខ្វល់ថាអ្នកអន់ ឬថោកទៀតហើយ។ យ៉ាងណាក៏ដោយកុំស្រឡាញ់គេរហូតបន្ទាបតម្លៃខ្លួនឯង ព្រោះពេលនោះអ្នកនឹងស្ដាយក្រោយខ្លាំង ដោយចុងបញ្ចប់អ្នកគ្មានបានអីសោះ ក្រៅពីត្រូវគេមើលងាយ។
២.ផ្ញើសេចក្ដីសុខខ្លួនឯងទៅលើគេ
អ្នកចាប់ផ្ដើមមានអារម្មណ៍រីករាយក៏ដោយសារគេ ឈឺចាប់ក៏ដោយសារគេ ហើយមិនអាចធ្វើជាខ្លួនឯងបាន ដូច្នេះភាពកក់ក្ដៅ និងសប្បាយចិត្តរបស់អ្នកគឺអ្នកបានទុកនៅលើមនុស្សម្នាក់ផ្សេងទៀត មិនមែនជាខ្លួនឯង។ ការដែលអ្នកក្លាយទៅជាបែបនេះគឺដូចធ្វើបាបខ្លួនឯងអីចឹង ព្រោះអ្នកអាចនឹងស្លាប់ ឬធ្វើអីផ្ដេសផ្ដេនៅពេលគេចាកចេញពីអ្នក។
៣.ចាប់ផ្ដើមមានទំនាក់ទំនងតិចជាមួយអ្នកដទៃ
ការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃក៏កាន់តែឆ្ងាយទៅៗ ហើយក៏មិនសូវបានចូលខ្លួនទៅក្នុងសង្គមជាមួយអ្នកដទៃ ពីព្រោះអ្នកមិនចង់ទៅណាឆ្ងាយពីគេ ហើយពេលដែលមានមិត្តភក្តិច្រើនខ្លាចគ្មានពេលសម្រាប់គេ។ កុំដោយសារមានស្នេហា អ្នកបាត់អស់រាល់ការទាក់ទងជាមួយមិត្តភក្តិ ឬគ្រួសារនោះ។
៤.ផ្លាស់ប្ដូរគេ ឬផ្លាស់ប្ដូរខ្លួនឯង
ជាកំហុសមួយដែលមនុស្សភាគច្រើនតែងតែធ្វើ ការស្រឡាញ់មនុស្សម្នាក់មិនមែនផ្លាស់ប្ដូរធម្មជាតិរបស់គេឲ្យមកដូចអ្វីដែលអ្នកចង់បាននោះទេ។ ស្រឡាញ់មនុស្សម្នាក់គឺស្រឡាញ់ចេញពីចិត្ត មិនមែនដោយសារគេមានអ្វីដែលអ្នកត្រូវការឡើយ។ ម្យ៉ាងទៀតកុំដោយសារស្រឡាញ់គេ អ្នកសុខចិត្តបង្ខំខ្លួនឯង ផ្លាស់ប្ដូរខ្លួនឯងនោះ។
៥.បង្ខំគេឲ្យនៅជាមួយអ្នក
ស្នេហាមិនគួរមានការបង្ខំនោះទេ ដូច្នេះអ្នកមិនចាំបាច់ចងគេឲ្យនៅជាមួយអ្នកឡើយ។ គេមានជម្រើសរបស់គេ ហើយបើគេស្រឡាញ់អ្នកមែនគេនឹងមិនទៅណានោះទេ ទោះអ្នកមិនចងគាត់ក៏ដោយ។ មនុស្សចង់ទៅហើយ អ្នកឃាត់ប៉ុណ្ណាក៏មិនជាប់ដែរ
។ ស្នេហាអាចនឹងធ្វើឲ្យអ្នកមានក្ដីសុខហើយស្នេហាក៏អាចឲ្យអ្នកឈឺចាប់បានដែរ ដូច្នេះអ្នកត្រូវចេះរៀបចំវាឲ្យបានល្អ៕
ប្រភព៖#Reason #SAD
កែសម្រួល៖ ក្នុងស្រុក