ធ្លាប់តែឃើញអ្នកប្រឡូកក្នុងវិស័យកសិកម្មសុទ្ធតែអ្នកមានវ័យកណ្តាល និងវ័យចំណាស់មែនទេ តែពេលនេះយុវតីក្មេងខ្ចីមួយរូបនឹងកំពុងតែកសាងឈ្មោះល្បីល្បាញក្នុងវិស័យកសិកម្មមិនចាញ់ចាស់ៗដែលមានបទពិសោធន៍នោះឡើយ នោះកញ្ញា ហ៊ាន ចាន់សុថារី ។
កញ្ញា ហ៊ាន ចាន់សុថារី គឺជាជាយុវតីក្មេងខ្ចី ដែលបានបញ្ចប់ការសិក្សាក្នុងជំនាញមួយដែលខុសពីការងារដែលកញ្ញាកំពុងតែប្រឡូកសព្វថ្ងៃ តែដោយសារតែក្តីស្រលាញ់ទាក់ទងទៅនឹងកសិកម្ម និងចង់ជួយមុខរបររបស់គ្រួសារដែលមានស្រាប់ផងទាក់ទងនឹងការធ្វើកសិកម្មដំណាំផ្លែឈើផងនោះ កញ្ញាបានចាកចោលមុខជំនាញរបស់ខ្លួន ធ្វើការក្នុងការងារកសិកម្ម រហូតទទួលបានភាពជោគជ័យនឹកស្មានមិនដល់ ។
សព្វថ្ងៃនេះ កញ្ញាហ៊ាន ចាន់សុថារី បានដាំដំណាំជាច្រើនមុខ ពិសេសគឺដំណាំស្រកានាគធម្មជាតិ លើផ្ទៃដី ២ ហិកតានៅឯស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ហើយបច្ចុប្បន្ននេះផ្លែឈើដែលជាសមិទ្ធផលរបស់កញ្ញា បាននឹងកំពុងតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង មានគោលដៅនាំចេញទៅក្រៅប្រទេសនាពេលអនាគតផងដែរ។
បើទោះបីជាកញ្ញា បាននឹងកំពុងតែប្រឡូកនឹងការងារនេះ ប្រកបដោយភាពជោគជ័យក្តី តែកញ្ញាបានឱ្យដឹងថា សមិទ្ធផលដែលមានសព្វថ្ងៃនេះ មិនមែនបានមកពីកញ្ញាតែម្នាក់នោះទេ ដោយសារតែកញ្ញាមានគ្រួសារជួយជ្រោមជ្រែងគ្រប់យ៉ាង ទាំងការដាំដុះ ថែទាំ វេចខ្ចប់ និងស្វែងរកទីផ្សារ ហើយកម្លាំងសាមគ្គីនៅក្នុងគ្រួសារនេះហើយ ជាមូលហេតុចម្បងដែលនាំមកនូវភាពជោគជ័យសព្វថ្ងៃនេះតែម្តង។
គួរឱ្យដឹងផងដែរថា សព្វថ្ងៃនេះ កញ្ញា ហ៊ាន ចាន់សុថារី មានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការដាំដំណាំស្រកានាគ តែកញ្ញាក៏មានដាំដំណាំ និងលក់ផ្លែឈើធម្មជាតិជាច្រើនប្រភេទ ដូចជា ផ្លែទុរេន ផ្លែសាវម៉ាវ ផ្លែមង្ឃុត និងផ្លែឈើស្រស់ៗជាច្រើនទៀត សុទ្ធតែជាផ្លែឈើធម្មជាតិមានតម្លៃសមរម្យ ដាំផ្ទាល់នៅក្នុងស្រុកចំការលេី ខេត្តកំពង់ចាម ដោយមានទទួលបោះដុំ និងរាយផងដែរ ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 010 77 70 720 / 092 79 34 20 ៕
អត្ថបទ៖ ក្នុងស្រុក