ជីវិតរៀបការ មិនមែនជា Happy Ending ដូចជារឿងនិទានឡើយ ការរៀបការគឺជាការបើកទំព័រជីវិតថ្មី ជាមួយនឹងភារកិច្ចថ្មី ជីវិតថ្មី និងគម្រោងថ្មីជាមួយនឹងដៃគូជីវិតដែលជាប្តី ឬប្រពន្ធរបស់អ្នក។ ហើយការរៀបការមិនប្រាកដថាមានរឿងសប្បាយរីករាយនោះឡើយ ពេលខ្លះអ្នកមិនយល់ចិត្តគ្នា ពេលខ្លះក៏ឈ្លោះប្រកែកគ្នា ពេលខ្លះក៏ឈានដល់ថ្នាក់ការក្បត់ផិតគ្នា និងបញ្ហាធំតូចជាច្រើនទៀត ដែលរឿងខ្លះអ្នកអាចសម្រួលបានក៏សម្រួលបាន តែរឿងខ្លះធ្ងន់ធ្ងររហូតទ្រាំមិនបាន តើអ្នកគួរធ្វើយ៉ាងណា?
លែងលះ? ជឿថាគ្មានអ្នកណាចង់លែងលះគ្នាទេ គេថាប្តីប្រពន្ធមួយថ្ងៃគឺមួយជីវិត ម្យ៉ាងការលែងលះមិនត្រឹមតែធ្វើឱ្យអ្នកឈឺចាប់ តែក៏នាំឱ្យញាតិជិតខាងនិយាយដើមផងដែរ។ តែបើក្រោយពិចារណារួចហើយអ្នកពិតជាត្រូវលែងលះពិតមែន កុំឈឺចាប់ ខូចខិត្ត ឬអស់សង្ឃឹមដែរ អ្នកត្រូវគីតលើផ្លូវវិជ្ជមានវិញម្តងថា ការលែងលះក៏ធ្វើឱ្យអ្នកមានរឿងល្អៗនៅក្នុងជីវិតផងដែរ។
តោះ! មកអានចំណុចល្អ ៨យ៉ាង ក្រោយការសម្រេចចិត្តលែងលះ៖
១.អ្នករកបានអនាគតល្អជាងមុន
នៅពេលដែលអ្នកទ្រាំទ្រនឹងអាពាហ៍ពិពាហ៍ដែលកំពុងតែមានបញ្ហាប្រេះឆា នឹងធ្វើឱ្យជីវិតរបស់អ្នកហាក់មិនដើរទៅមុខ ប្រទះនឹងការលំបាក ស្ត្រេស ដែលរាំងស្ទះការងារដែលអ្នកកំពុងតែធ្វើ ឬគម្រោងដែលអ្នកគ្រោងនឹងសម្រេចនាពេលខាងមុខ។
ដូច្នេះការសម្រេចចិត្តលែងលះដ្បិតតែធ្វើឱ្យយើងពិបាកចិត្តបន្តិចមែន តែអ្នកអាចចាប់ផ្តើមជីវិតថ្មី ជម្រុះអារម្មណ៍ស្មុគស្មាញចោល ដោយចាប់ផ្តើមធ្វើអ្វីដែលអ្នកចង់ធ្វើពិតប្រាកដ ធ្វើការងារដោយប្រើអារម្មណ៍ល្អប្រសើរជាងមុន ផ្តោតទៅលើការងារ និងគម្រោងរកស៊ីបានល្អប្រសើរជាងមុន ព្រមទាំងកំណត់ទិសដៅសម្រាប់អនាគតពោរពេញដោយក្តីសង្ឃឹមជឿជាក់ផងដែរ។
២.មានឱកាសរកមនុស្សល្អពិតប្រាកដម្នាក់
បើទោះបីជាអ្នកបរាជ័យនឹងជិវិតស្នេហា និងអាពាហ៍ពិពាហ៍ក្តី ក៏មិនមែនបានន័យថាអ្នកមិនគួរឈប់បើកចិត្ត ឬលែងមានស្នេហាទៀតដែរ អ្នកនៅតែមានឱកាសមានស្នេហាសារជាថ្មី ហើយអាចនឹងល្អជាងអ្នកចាស់ទៀតផង។
ព្រោះតែការបរាជ័យក្នុងជីវិតរៀបការ អ្នកនឹងទទួលបានបទពិសោធន៍ជីវិតកាន់តែច្រើន និងចេះមើលមនុស្សច្បាស់ជាងមុន ដែលជាហេតុធ្វើឱ្យអ្នកជ្រើសរើសមនុស្សថ្មីចូលមកក្នុងជីវិតប្រកបដោយការគិតពិចារណាខ្ពស់ ហើយរើសបានមនុស្សល្អពិតប្រាកដសម្រាប់ជីវិតរបស់អ្នកផងដែរ។ ជាពិសេសតាមរយៈការសិក្សាបានបង្ហាញថា អ្នកដែលធ្លាប់លែងលះគ្នាម្តង ហើយរៀបការម្តងទៀត កម្រមានបញ្ហាលែងលះគ្នាជាលើកទី២ណាស់ នោះដោយសារតែភាពច្បាស់លាស់នៅក្នុងការជ្រើសរើសមនុស្សថ្មីរបស់អ្នកតែម្តង។
៣.មានពេលអភិវឌ្ឍន៍ខ្លួនឯងបន្ថែមទៀត
ការបរាជ័យនៅក្នុងជិវិតរៀបការប្រហែលជាធ្វើឱ្យអ្នកអស់សង្ឃឹម ឬបន្ទោសថាខ្លួនឯងមិនល្អ ឬមានចំណុចណាដែលទាន់ល្អគ្រប់គ្រាន់មែនទេ? កុំអស់សង្ឃឹមអីយកការលែងលះនេះជាការផ្តល់កម្លាំងចិត្តដល់ខ្លួនឯង ហើយកែប្រែចំណុចដែលអ្នកយល់ថាអ្នកមិនទាន់ល្អគ្រប់គ្រាន់ ដូចជាប្រសិនជាអ្នកយល់អាអត្តចរិតរបស់អ្នកមិនល្អ ឬមានបញ្ហា អ្នកអាចប្រើពេលវេលាកែប្រែខ្លួនឯងឱ្យល្អជាងមុន បើយល់ថាខ្លួនមិនស្អាតចាប់ផ្តើមកែប្រែខ្លួនឯងឱ្យល្អស្អាតជាងមុនដើម្បីបង្កើនជំនឿចិត្ត។ ប្រសិនជាអ្នកយល់ថាខ្លួនឯងបរាជ័យក្នុងជីវិតរៀបការព្រោះតែខ្លួនមិនមានការងារល្អ មុខរបរល្អ ឬគ្មានលំនឹងនៅក្នុងជីវិត អ្នកអាចយកពេលនេះមកគិត ហើយបើកកកាយសមត្ថភាពពិត និងគោលដៅក្នុងជីវិតដែលអ្នកចង់ធ្វើសារជាថ្មី នោះវាក្លាយជាកម្លាំងចិត្តឱ្យអ្នកធ្វើការព្យាយាមអភិវឌ្ឍន៍ខ្លួនឯងឆ្ពោះទៅកាន់ភាពជោគជ័យនៅក្នុងជីវិតផងដែរ។
៤.មានជីវិតរីករាយជាងមុន ជាងការទ្រាំរស់នៅចំណងស្នេហាដែលឈឺចាប់
តើមនុស្សប៉ុន្មាននាក់ដែលមានជីវិតប្តីប្រពន្ធដែលមានបញ្ហាហើយមានជីវិតរីករាយនោះ? ការអត់ទ្រាំរបស់មនុស្សគឺមានកំណត់ អ្នកមិនអាចនៅស៊ូទ្រាំនឹងការឈឺចាប់បែបនេះទេ។ ដូច្នេះការសម្រេចចិត្តលែងលះ ជាមួយចំណងស្នេហាដែលមានបញ្ហារកាំរកូស និងមានតែរឿងមិនសប្បាយចិត្ត វាមិនមែនជារឿងល្អទេមែនទេ? ក្រោយលែងលះអ្នកនឹងមានអារម្មណ៍ថាធូរស្បើយដូចទម្លាក់ដុំថ្មចុះចេញពីក្នុងខ្លួន អ្នកនឹងចាប់ផ្តើមមានជីវិតថ្មីដែលមានសេរីភាព និងមានភាពរីករាយជាងមុនជាមិនខាន។
៥.មានសុខភាពល្អជាងមុន
សុខភាពផ្លូវចិត្ត គឺមានការទំនាក់ទំនងជាមួយនឹងសុខភាពរាងកាយទាំងមូល បើផ្លូវចិត្តអ្នកមានបញ្ហា មានតែរឿងមិនសប្បាយចិត្ត និងមានទុក្ខព្រួយរាល់ថ្ងៃ អ្នកនឹងមានជំងឺនៅក្នុងរាងកាយជាមិនខាន។ ដូច្នេះវាមិនខុសពីការទ្រាំរស់នៅជាមួយជីវិតអាពាហ៍ពិពាហ៍ដែលមានបញ្ហានោះទេ អ្នកនឹងឈឺចាប់ខូចចិត្ត ហើយសុខភាពរបស់អ្នកនឹងទ្រុឌទ្រោមជាមិនខាន។ ហេតុនេះហើយការសម្រេចចិត្តលែងលះក៏ជារឿងមួយជួយដល់ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកផងដែរ។ អ្នកនឹងចាប់ផ្តើមធូរស្បើយក្នុងចិត្ត អ្នកនឹងចាប់ផ្តើមត្រលប់មកស្រលាញ់ និងគិតគូពីខ្លួនឯងសុខភាពខ្លួនឯងជាងមុន ដោយមិនត្រាំត្រែងដេកខូចចិត្តធ្វើបាបខ្លួនឯងជាមួយនឹងបញ្ហាដូចមុនឡើយ។
៦.ជាគំរូល្អសម្រាប់កូនៗ
ប្រសិនជាពេលអ្នកលែងលះទាំងដែលមានកូនជាប់ខ្លួនមិនថាជាមនុស្សប្រុស ឬមនុស្សស្រី ជឿថាការទទួលបន្ទុកមើលថែកូនម្នាក់ឯងជារឿងមួយដ៏កំបាក និងជាទំនួលខុសត្រូវដ៏សែនមានសម្ពាធផងដែរ។ តែជឿថាអ្នកដែលអាចរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងបាននោះ អ្នកជាម្តាយ ឬឪពុក ដែលពូកែ និងរឹងមាំខ្លាំងបំផុត ដែលនេះបានក្លាយជាគំរូឱ្យកូនៗរបស់អ្នកបានឃើញថា អ្នកជាម្តាយ ឬឪពុកដ៏ល្អ ដែលកូនៗគួរតែយកគំរូតាម ហើយកូនៗរបស់អ្នកក៏ស្រលាញ់អ្នកខ្លាំងបំផុតផងដែរ។
ហើយភាគច្រើនបំផុតម្តាយ ឬឪពុកដែលចិញ្ចឹមកូនតែម្នាក់ឯង តែងតែចិញ្ចឹមបីបាច់ និងអប់រំកូនបានល្អៗណាស់ ឱ្យក្លាយជាមនុស្សល្អក្នុងសង្គម ដែលប្រកបដោយសមត្ថភាព ភាពរឹងមាំ ចេះមើលថែទាំ និងពាក់ពាក់លើខ្លួនឯង ដែលនេះបានមកពីការមើលគំរូពីជីវិតម្តាយ ឬឪពុកគេមឲនោះតែម្តង។
៧.សេរីភាពនឹងជីវិតនៅលីវ
ទោះការលែងលះនឹងធ្វើឱ្យជីវិតរបស់អ្នកត្រលប់មករកភាពឯការសារជាថ្មី តែនេះក៏ជាការផ្តល់ឱកាសឱ្យខ្លួនឯងមានសេរីភាពសារជាថ្មីដែរ ពេលរៀបការរួចអ្នកប្រហែលជាមានសម្ពាធច្រើន មានការកែប្រែច្រើន មានទំនួលខុសត្រូវច្រើន ហើយក៏មានការរវល់ច្រើនជាមួយនឹងជីវិតអាពាហ៍ពិពាហ៍។ តែការលែងលះជាការផ្តល់ឱកាសឱ្យអ្នកត្រលប់មករកអ្វីដែលជាខ្លួនអ្នកពិតប្រាកដ អ្នកអាចរកពេលលំហែអារម្មណ៍ផ្ទាល់ខ្លួនខ្លះ អាចទៅណាតាមចិត្ត អ្នកអាចជួបអ្នកណា ឬជួបជុំមិត្តភក្តិក៏មិនបាច់ខ្លាចចិត្ត ឬមានអ្នកហាមឃាត់ដែរ។ ពិសេសអ្នកអាចនឹងមានពេលវេលាច្រើនត្រលប់មកគិតពីជីវិត និងអនាគតខ្លួនឯងសារជាថ្មី អាចមានឱកាសថ្មីនឹងការងារថ្មី ថែមទាំងអាចមានឱកាសជួបមនុស្សថ្មីៗដែលល្អសម្រាប់ជិវិតអ្នកទៀតផង។
៨.មានឱកាសស្និទ្ធស្នាលជាមូយក្រុមគ្រួសារ និងមិត្តភក្តិ
ពេលរៀបការរួចអ្នកប្រាកដជាមានសម្ពាធច្រើនហើយ ព្រោះការរៀបការមានខ្លួន២ មិនដូចខ្លួនមួយឡើយ អ្នកត្រូវគិតគូអ្នកម្ខាងទៀតដែលជាប្តី ជាប្រពន្ធអ្នក ត្រូវគិតខាងម្តាយក្មេកឪពុកក្មេក សាច់ថ្លៃ យកចិត្តខាងនេះខ្លាចខុសខាងនោះ បើប៉ះប្តី ឬប្រពន្ធអ្នកដែលជាមនុស្សចិត្តចង្អៀត មិនសូវចេះគិតគូដល់គ្រួសារខាងយើង ឱ្យគិតតែខាងគេទៀតនោះរឹតតែនាំឱ្យអ្នកពិបាកជ្រើសរើស មិនឹងគិតយ៉ាងណាម្ខាងគ្រួសារ ម្ខាងប្តី ឬប្រពន្ធទៀត។ បញ្ហានេះហើយ ធ្វើឱ្យអ្នកចាប់ផ្តើមឃ្លាតឆ្ងាយពីគ្រួសារបង្កើតរបស់អ្នក លែងមានភាពស្និទ្ធស្នាលគ្នាដូចមុនផងដែរ។ ហើយមួយវិញទៀត ពេលមានគ្រួសារអ្នកនឹងលែងមានពេលជួបជុំមិត្តដូចមុន មិត្តភាពក៏ចាប់ផ្តើមឃ្លាតឆ្ងាយ អ្នកក៏មិនសូវជាសប្បាយចិត្ត តែដោយសារតែមានគ្រួសារ អ្នកក៏ត្រូវកែប្រែទម្លាប់ខ្លួនឯងជាច្រើនខុសពីមុន។
ដូច្នេះការសម្រេចចិត្តលែងលះ ក៏ជាឱកាសមួយធ្វើឱ្យអ្នកបាននៅជិតមើលថែក្រុមគ្រួសាររបស់អ្នកដូចមុន ដោយមិនខ្លាច ឬទ្រាំមើលទឹកមុខប្តី ឬប្រពន្ធអ្នកទៀតដែរ។ ហើយមិត្តភក្តិរបស់អ្នក អ្នកក៏អាចមានឱកាសរាប់អាន ជួបជុំ និងមានភាពសប្បាយរីករាយដូចមុន ជាមួយនឹងកម្រិតសមល្មម មិនមែនជាការជួបជុំផឹកស៊ីហួសហេតុច្រើនលើសលប់ដូចកាលយុវវ័យឡើយ គឺការរាប់អានប្រកបដោយការពិចារណា៕
ចំណាំ៖ នេះមិនមែនជាអត្ថបទដែលជម្រុញឱ្យមានការលែងលះឡើយ តែជាអត្ថបទដែលជួយលើកចិត្តដល់អ្នកដែលបាក់ទឹកចិត្ត ឬអស់សង្ឃឹមក្រោយបរាជ័យនៅក្នុងជីវិតអាពាហ៍ពិពាហ៍៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក