វាជារឿងធម្មតាទេ ដែលមនុស្សយើងម្នាក់ៗតែងតែជួបទុក្ខលំបាក និងមានបញ្ហាជីវិតរៀងៗខ្លួន។ ប៉ុន្តែអ្នកខ្លះ ពេលខ្លះ គាត់ចាក់ស្មុគជាមួយនឹងបញ្ហាខ្លាំងពេក ពេលខ្លះគាត់ធុញថប់ខ្លាំង រហូតដល់មានអារម្មណ៍លែងចង់រស់នៅ អ្នកខ្លះ ថែមទៀតនិយាយពាក្យថា "ស្លាប់ លែងចង់រស់ ... បើស្លាប់បាត់ប្រហែលជាល្អ ..." ប៉ុន្តែមិនថាជីវិតមានបញ្ហាខ្លាំងយ៉ាង សូមកុំបណ្ដោយឱ្យអារម្មណ៍ មកគ្រប់គ្រង ឬបញ្ជាលើខួរក្បាល និងសតិការគិតរបស់យើងបានឱ្យសោះ។ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញអ្នកឱ្យនូវចំណុចដែលអ្នកគួរតែដឹង អានហើយ ប្រសិនបើអ្នកត្រិះរិះ ហើយគិតឃើញល្អ អ្នកនឹងភ្ញាក់ខ្លួនមិនខាន។
បើពេលដែលអ្នកកើតទុក្ខ ស្មុគស្មាញ អស់សង្ឃឹម ហើយអ្នកក៏ស្រាប់តែធ្លោយមាត់ ឬទប់អារម្មណ៍មិនបាន ស្រាប់តែសរសេរពាក្យបង្ហោះនៅលើហ្វេសប៊ុគថា ៖
- បើងាប់បាត់ប្រហែលជាល្អ...
- បើងាប់បាត់ប្រហែលស្រួលខ្លួនជាងហ្នឹង
- បើងាប់បាត់ ប្រហែលសប្បាយចិត្តជាងហ្នឹង ... និងនៅមានឃ្លាមិនល្អជាច្រើនបានលេចឡើង សូមអ្នកគិតថា " នេះជាចិត្តអញជាអ្នកនិយាយ នេះជាអារម្មណ៍របស់អញជម្រុញឱ្យសរសេរបែបហ្នឹង ..." ហើយប្រាប់ខ្លួនឯងទៀតថា " កុំជឿចិត្តអញខ្លួនឯង ... កុំស្ដាប់តាមអារម្មណ៍របស់អញខ្លួនឯងនៅពេលដែលខឹង និងជួបបញ្ហា ..." ព្រោះចិត្ត និងអារម្មណ៍របស់អញ វាតែងប្រែប្រួលផ្លាស់ប្ដូរមិនឈប់ឡើយ ជួនទៅវាសប្បាយ រីករាយ ត្រេកអរ វាក៏ភ្លេចគ្រប់យ៉ាង ជួនទៅ វាមួម៉ៅ ក្ដៅក្រហាយ មិនសប្បាយចិត្ត គិតច្រើន ធុញថប់ តប់ប្រមល់ វាក៏មកជម្រុញឱ្យអញគិតខ្លី ចង់តែងាប់ ... បើអញមិនចេះទប់ អញមិនចេះទ្រាំទេ ទោះអញមានជីវិត១០០ទៀត ក៏មិនគ្រប់នឹងធ្វើតម្រូវ និងផ្គាប់ទៅតាមអារម្មណ៍របស់អញពេលខឹង និងស្មុគស្មាញបានឡើយ!!!។
សូមអ្នកចងចាំថា ជីវិត បើមិនជួបបញ្ហា មិនឆ្លងកាត់ការបរាជ័យ មិនជួបប្រទះនូវអ្វីដែលធ្វើឱ្យយើងឈឺចាប់ ឬខូចចិត្តទេ ក៏គេមិនហៅថាជីវិតដែរ។ ត្រូវដងថា រសជាតិនៃជីវិតគឺ ប្រៃ ផ្អែម ល្វីង ជូរ ចត់ ហឹរ តែបើយើងចេះលាយគ្រឿងគ្រៅឱ្យជីវិត នោះយើងនឹងទទួលបានរសជាតិដ៏ឆ្ងាញ់ពេញចិត្តមិនខាន។
#Knongsrok #Sadlife #មនុស្សចុងក្រោយ