ដូចយើងបានស្គាល់ហើយថា លោក ម៉ុង ម៉ានិត គឺជាតារាចម្រៀងបែបយុវវ័យដ៏ពេញនិយម តាមរយៈសំនៀងដ៏ក្រអួនក្រអៅ ហើយរាល់បទចម្រៀងដែលនិពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀងដោយលោកម៉ានិតខ្លួនឯងផ្ទាល់ សុទ្ធតែបង្កប់ដោយអត្ថន័យចាក់ដោតជាខ្លាំងសម្រាប់ជីវិត និងស្នេហាយុវវ័យផងដែរ។
បើទោះបីជាលោក ម៉ុង ម៉ានិត បានចាកចេញពីផលិតកម្មធំ ផលិតកម្មរស្មីហង្សមាស មកក្លាយជាអ្នកចម្រៀងឯករាជ្យ និងងាកមកបង្កើតស្នាដៃជាអ្នកនិពន្ធសៀវភៅប្រលោមលោកក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់ លោក ម៉ុង ម៉ានិត ដែលជាយុវជនមានសមត្ថភាពសិល្បៈច្រើនទម្រង់មួយរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកគាំទ្រដដែលមិនថែមថយឡើយ។
ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ ស្រាប់តែលោក ម៉ុង ម៉ានិត បានបញ្ចេញបទចម្រៀងថ្មីមួយបទប្លែកពិរោះរណ្តំ និងមានន័យ ធ្វើឱ្យអ្នកគាំទ្ររំភើបភ្ញាក់ផ្អើលជាខ្លាំង មានចំណងជើងថា «បានតែនិយាយ» ដោយលោកម៉ានិត ថែមទាំងបានបង្ហោះមួយឃ្លាយ៉ាងចាក់ដោតផងដែរថា៖ « មួយបទជូនចំពោះមនុស្សដែលបានតែនិយាយ ចាក់រុក នាំតែរឿងឈ្លោះឥតលោះថ្ងៃ។ កម្មពៀរមានពិតណា bro & sis. លើកនេះសុំលេងជាក្រុមតែម្ដង» ដោយបទចម្រៀងនេះមានការច្រៀងរួមគ្នាជាមួយ អ្នកនាង Adda ទៀតផង។
បទចម្រៀងដ៏រណ្តំមួយបទនេះ មិនត្រឹមតែមានន័យល្អផ្ញើជូនអ្នកដែលពូកែរករឿង ចាក់រុក ដែលត្រូវនឹងសង្គមសព្វថ្ងៃហើយនោះ បទនេះថែមទាំងមានការចូលរួមសម្តែងដោយតារាល្បីៗជាច្រើនដួងរួមគ្នា ដូចជា អ្នកនាង ភិន សុដាលីស ហៅ Katy កញ្ញា វណ្ណៈ បូរមី លោក លី ប៊ុនផេង និងលោក ម៉ុង ម៉ានុត ប្អូនប្រុសបង្កើតរបស់លោក ម៉ុង ម៉ានិត ផ្ទាល់តែម្តង។ ដោយបទនេះទទួលបានការគាំទ្រចុច Like និង Share ថាបទនេះពិតជាពិរោះប្លែក ថែមទាំងចាក់ដោតចំពោះអត្ថចរិតមនុស្សសព្វថ្ងៃដែលមិនល្អមួយចំនួនបង្កតែជម្លោះផងដែរ៕
ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដអូចម្រៀងខាងក្រោមនេះ៖