កាលពីប៉ុន្មានម៉ោងមុន ពិតជាគួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំងក្នុងនាមមោទកភាពជាតិខ្មែរ ដោយកូនខ្មែរមួយរូបបានជាប់ជម្រើសក្នុងចំណោម ១០០នាក់ ក្នុងកម្មវិធីប្រកួតច្នៃប្រតិដ្ឋឈុតក្រៅ ដែលយើងហៅថា Skin Design របស់ហ្គេម Mobile Legend ថាជាឈុតដ៏ពិសេស មានការច្នៃប្រតិដ្ឋលេចធ្លោជាងគេ ហើយការជម្រុះជាបន្តទៀតលើកទី២នេះ នឹងធ្វើការប្រកួតតាមរយៈការបោះឆ្នោត។
សូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖ Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖ ចុចទីនេះដើម្បីធ្វើការ Vote
ហើយកាន់តែពិសេសនោះ ពេលនេះ សារព័ត៌មាន «ក្នុងស្រុក» បានធ្វើការជួបសម្ភាសជាមួយម្ចាស់ស្នាដៃបែបសិល្បៈវប្បធម៌ខ្មែរបុរាណលាយនឹងយុគសម័យដ៏អស្ចារ្យមួយរូបនេះ ដោយម្ចាស់ស្នាដៃដ៏ពិសេសក្នុងចំណោម ១០០នាក់ ដែលជាកូនខ្មែរយើងមួយរូបនេះ គឺជាយុវជនវ័យក្មេង គឹម ពៅមិថុនា អាយុ ២១ឆ្នាំ ដែលសព្វថ្ងៃលោកគឺជាជានិស្សិតនៅក្នុងសកលវិទ្យាល័យន័រតុន ជំនាញ Graphic Design ថែមទាំងមានការងារបច្ចុប្បន្នគឺជាជាងគំនូរដ៏ជំនាញខាងគំនូរលើជញ្ជាំងមួយរូប និងមានការងារ Freelance ទាក់ទងនឹងការ Graphic designer ដោយមានស្នាដៃជាច្រើនដែលទទួលស្គាល់ពីអតិថិជនផងដែរ។
ជួបជាមួយនឹងសារព័ត៌មាន «ក្នុងស្រុក» យុវជនវ័យក្មេង គឹម ពៅមិថុនា បានឱ្យដឹងថាក្រោយពីបានដឹងថាខ្លួនបានជាប់វគ្គជម្រុះលើកទី២នេះ ប្អូនមានអារម្មណ៍ថាសប្បាយ និងរំភើបចិត្តជាខ្លាំង។ ហើយសម្រាប់ការចូលរួមប្រកួតពីដំបូងអ្វីដែលប្អូនរំពឹងទុកជាងគេ គឺចង់ជាប់មកវគ្គជម្រុះទី២ ដែលជាវគ្គជម្រុះលើកទី២តាមរយៈការបោះឆ្នោតជាសាធារណៈ ដោយសារតែ៣ហេតុផលសំខាន់ៗមួយចំនួនដូចជា៖
ទី១ គឺការចង់បើកបង្ហាញស្នាដៃរបស់ខ្លួន ថាខ្លួនមានសមត្ថភាពពិតអាចធ្វើបាន។
ទី២ គឺការជួយផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ និងអរិយធម៌របស់ខ្មែរយើងទៅកាន់ពិភពលោក ថាទាំងអស់នេះគឺជារបស់ខ្មែរពិតៗដែលរួមមានដូចជា សាក់យន្ត បាំងឆត្រ សត្វនាគ ក្បិន គ្រឿងប្រដាប់បុរាណខ្មែរ និងក្បាច់រចនាខ្មែរជាដើម ដែលបរទេសជិតខាងមិនអាចបំពានថាជារបស់ពួកគេឡើយ។
ទី៣ គឺជានិស្ស័យដែលចូលចិត្តស្រលាញ់សិល្បៈវប្បធម៌ខ្មែរ និងមានមោទកភាពដែលបានកើតជាកូនខ្មែរ ដោយមានដូនតាបន្សល់ទុកស្នាដៃអស្ចារ្យជាច្រើន ហើយនេះជាការអួតបង្ហាញថា កូនខ្មែរក៏មានសមត្ថភាពខាង Design ខ្លាំង អាចធ្វើបានមិនចាញ់បរទេសដែរ។
អ្វីដែលកាន់តែរំភើបចំពោះទឹកចិត្តជាកូនខ្មែរមួយរូប យុវជនវ័យក្មេង គឹម ពៅមិថុនា បានឱ្យដឹងថា អ្វីដែលប្អូនបានខិតខំកន្លងមករហូតដល់ពេលនេះ មិនមែនជាពាននោះទេ ទោះជាជ័យជំនះជាអ្វីដែលប្អូនចង់បាន តែអ្វីដែលជាទឹកចិត្តរបស់ប្អូន គឺការបានបង្ហាញទៅពិភពលោកនូវសិល្បៈវប្បធម៌ និងអរិយធម៌ខ្មែរ ហើយបានប្រកាសទៅពិភពលោកផងដែរថា កូនខ្មែរមានសមត្ថភាពកូនខ្មែរអាចធ្វើបាន ហើយប្រទេសកម្ពុជាគឺជាប្រទេសដ៏អស្ចារ្យផូរផង់ផងដែរ។ ពិសេសការឈានមកដល់វគ្គជម្រុះទី២ តាមរយៈការបោះឆ្នោតនេះ ប្អូនអាចបង្ហាញស្នាដៃឱ្យបរទេសនៅលើពីភពលោកបានឃើញជាសាធារណៈបានទៀតផង។
គួរឱ្យដឹងផងដែរថា កម្មវិធីក្នុងការច្នៃប្រតិដ្ឋឈុតក្រៅ ដែលយើងហៅថា Skin Design ដែលរៀបចំដោយ Moonton ជាលក្ខណៈបើកឱ្យចូលរួមដោយសេរីនៅទូទាំងពិភពលោកនេះបានរៀបចំឡើងប្រមាណជា ២ ទៅ៣ឆ្នាំកន្លងមកហើយ តែទើបតែលើកនេះប៉ុណ្ណោះដែលប្រទេសកម្ពុជាបានឈានមកកាន់វគ្គជម្រុះតាមរយៈការបោះឆ្នោតជាសាធារណៈបែបនេះ។ ដូច្នេះដើម្បីបង្ហាញការគាំទ្រឱ្យឈុតច្នៃប្រតិដ្ឋរបស់កូនខ្មែរមានលក្ខណៈខ្មែរសុទ្ធសាធមួយនេះអាចឈានទៅកាន់វគ្គបន្ទាប់ៗ សូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖ Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖ ចុចទីនេះដើម្បីធ្វើការ Vote៕
សូមទស្សនាបទសម្ភាសរវាងសារព័ត៌មាន «ក្នុងស្រុក» ជាមួយនឹងយុវជនវ័យក្មេង គឹម ពៅមិថុនា ខាងក្រោមនេះ៖
អត្ថបទ៖ ក្នុងស្រុក